សៀមរាប ៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ឲ្យមានការគោរពសិទ្ធិជនពិការជាមូលដ្ឋាន កាត់បន្ថយការរើសអើង ពង្រឹងទស្សនៈមើលឃើញសមត្ថភាពជនពិការ ប្រសើរជាងការមើលឃើញពិការភាព ដោយផ្តល់ឱកាសស្មើភាពចំពោះជនពិការ ក្នុងការបង្កើតមុខរបរ ដោះស្រាយការងារ បង្កើនប្រាក់ចំណូល។
ច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ មានសារសំខាន់សម្រាប់ការដោះស្រាយការលំបាករបស់ជនពិការនៅក្នុងសង្គម។ ច្បាប់នេះ ត្រូវបានជម្រុញឲ្យមានការគោរពសិទ្ធិជនពិការជាមូលដ្ឋាន កាត់បន្ថយការរើសអើងជនពិការ ពង្រឹងទស្សនៈមើលឃើញសមត្ថភាពជនពិការ ប្រសើរជាងការមើលឃើញពិការភាព ដោយផ្ដល់ឱកាសស្មើភាពចំពោះជនពិការ ក្នុងការបង្កើតមុខរបរ ដោះស្រាយការងារ បង្កើនប្រាក់ចំណូល ជួយសម្រួលដល់ការធ្វើដំណើរចល័តទីរបស់ជនពិការ ការទទួលបាននូវសេវាអប់រំ សុខាភិបាល សង្គមកិច្ច ការចូលរួមសកម្មភាពនយោបាយ និងការអភិវឌ្ឍន៍សង្គម។
លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកបង្ហាញយ៉ាងដូច្នេះ ក្នុងឱកាសបើកដំណើរការអង្គសិក្ខាសាលាថ្នាក់ជាតិ លើការអនុវត្តអនុក្រឹត្យលេខ១០៨ ស្ដីពីការកំណត់អត្រា និងបែបបទជ្រើសរើសជនពិការចូលបម្រើការងារ រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ក្រោមការចូលរួមដោយប្រធាន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង២៥រាជធានី-ខេត្ត និងមានវត្តមានផងដែរ តំណាងមកពីវិស័យឯកជន។
លោកលើកបញ្ជាក់បន្ថែមថា ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក៏ជាការលើកទឹកចិត្ត និង កំណត់កាតព្វកិច្ចដល់គ្រប់ស្ថាប័នរដ្ឋ និងផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ក្នុងការស្រូបទាញ និងប្រើប្រាស់សក្ដានុពល នៃជនពិការ តាមរយៈ នៃការបញ្ចូលជនពិការទៅក្នុងសកម្មភាពរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលបានដាក់បញ្ចូលជនពិការទៅក្នុងគម្រោងអភិវឌ្ឍនានារបស់ខ្លួន ក្នុងទិសដៅធ្វើសមាហរណកម្មជនពិការទៅក្នុងសង្គមជាតិ និង សហគមន៍អន្តរជាតិ។
ដូចនេះ អង្គសិក្ខាសាលានេះ ពិតជាមានសារសំខាន់ ដោយស្ថិតក្នុងគោលបំណង ជំរុញការផ្សព្វផ្សាយច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេស គឺការអនុវត្តអនុក្រឹត្យលេខ១០៨ ស្ដីពីការកំណត់អត្រា និងបែបបទជ្រើសរើសចូលបម្រើការងារ ព្រមទាំងនីតិវិធីចុះបញ្ជិកា និងជំរុញឲ្យក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជនអនុវត្តកាតព្វកិច្ចដូចដែលបានបញ្ញត្តិក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
អង្គសិក្ខាសាលាបង្ហាញថា អនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការកំណត់អត្រា និង បែបបទជ្រើសរើសជនពិការឲ្យចូលបម្រើការងារ នៅក្នុងជំពូក២ មាត្រា៥ បានចែងថា ក្រសួង ស្ថាប័នរដ្ឋ ដែលមានមន្ត្រីរាជការចាប់ពី៥០នាក់ឡើងទៅ ត្រូវតែមានជនពិការដែលមានលក្ខណៈសម្បត្តិ និង សមត្ថភាពបំពេញមុខងារ តួនាទី និង ការទទួលខុសត្រូវក្នុងមុខតំណែងទៅតាមប្រភេទការងារ ចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ក្នុងអត្រា២% នៃចំនួនមន្ត្រីរាជការសរុប។
ជំពូក២ មាត្រា៦ ក៏បានកំណត់ដែរថា នីតិបុគ្គល ដែលមានកម្មករ និយោជិក ចាប់ពី១០០នាក់ ឡើងទៅ ត្រូវមានជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងទៅតាមប្រភេទការងារ ក្នុងអត្រា ១% នៃចំនួនកម្មករ និយោជិកសរុប៕
Source: Kampuchea Thmey Daily
0 Comments