Ad Code

នគរបាល​ប៉ោយប៉ែត​ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៣​នាក់ ដែល​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​អ្នក​រត់​ម៉ូតូឌុប​ របួស​ធ្ងន់



បន្ទាយមានជ័យ​ ៖ ​នគរបាល​ក្រុង​ប៉ោយប៉ែត ​បាន​ស្រាវជ្រាវ​ចាប់​បាន​ក្មេង​ទំនើង​ដែល​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​យ៉ាង​សាហាវ​លើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ កាលពី​ថ្ងៃទី​២៦​វិច្ឆិកា​ នៅវេលា​យប់​ម៉ោង​១០​និង​១០​នាទី ត្រង​ចំណុច​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

ជនសង្ស័យ​ទាំងបីនាក់ ​ត្រូវបានធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ វ​និង​ឈាន​ដល់​ការ​បង្ក្រាប ចាប់​ឃា​ត់​ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃទី​២៧ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​រត់គេចខ្លួន​បាន​មួយ​យប់​។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការ​នគរបាល ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា វេលាយប់​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី​២៦ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ភូមិ​ក្បាលស្ពាន​១ មាន​ករណី​អំពើ​ហិង្សា​មួយ​កើតឡើង បង្ក​ដោយ​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​កាំបិត កាប់​ទៅលើ ​ឈ្មោះ គឹម ស្រេង អាយុ​៤៣​ឆ្នាំ​ភេទ​ប្រុស ជនជាតិខ្មែរ ​មុខរបរ​រត់​ម៉ូតូ​ឌុប ​រស់នៅ​ភូមិ​គីឡូ ម៉ែត្រ លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ បណ្ដាល​ឲ្យ​រង​របួស​ជើង​ខាងឆ្វេង ធ្ងន់។ ក្រោយពី​កើតហេតុ​ កម្លាំង​នគរបាល​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ តែ​ត្រូវ​ក្រុម​ជនល្មើស​ជិះ​ម៉ូតូ​រត់គេចខ្លួន​អស់។

​ដោយមាន​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍​ទោ ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ចុះ​ស្រាវជ្រាវ​បន្ត រហូត​ឈានដល់ ការ​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ មាន ១-ឈ្មោះ ធី ប៉េង​លាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បិត​ស្គុត​ម៉ូតូ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ (​អ្នក​បើក​ម៉ូតូ​)។,២-​ឈ្មោះ ​វ៉ាន់ ពិសាល ហៅ​សា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ទឹកកក មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ (​ជនដៃដល់​មាន​កាន់​កាំបិត​)។,៣- ឈ្មោះ ​នួន ហួរ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករ​លើ​ក​ត្រី មាន​ទីលំនៅ​ភូមិ​មិត្តភាព សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។​(​បក្សពួក​),​ ចំណែក​បក្ស ពួកគេ​ម្នាក់ទៀត​,៤-ឈ្មោះ​ហៀ​ង ហៅ​បៀ​ង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ខេត្ត​បាត់ដំបង។​(​រត់​គេចខ្លួន )​។

លោក​អធិការ​បាន​បញ្ជាក់​ថា ​មូលហេតុ​ដែល​នាំ​ឲ្យ​ក្មេង​ទំនើង​ទាំងនេះ កាប់​ទៅលើ​ជនរងគ្រោះ​ដោយ​ជនរងគ្រោះ ស្រែក​ពេល​ពួកក្មេង​ទាំងនេះ បម្រុង​ធ្វើ​សកម្មភាព​រក​វាយ​ទៅលើ​ជនជាតិ​ចិន​ ដោយ​ក្រោយមក​ក្មេង​បង្កទំនាស់​បាន​ជិះ​ទៅយក​កាំបិត ហើយ​កាប់​ទៅ​លើ​ជនរងគ្រោះ​តែម្ដង​។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការបន្ត​តាម​នីតិ​វិធីច្បាប់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu