អាជ្ញាធរឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធថា ក្រុមហ៊ុន Lion Air ត្រូវតែកែលម្អវប្បធម៌សុវត្ថិភាពនិងការងារជួសជុលឯកសារនៅលើយន្តហោះរបស់ខ្លួនឲ្យកាន់តែល្អប្រសើរជាងមុន។ អាជ្ញាធរបាននិយាយបែបនេះ នៅថ្ងៃពុធក្នុងការរកឃើញជាបឋមចូលទៅក្នុងការធ្លាក់យន្តហោះកាលពីខែមុនដែលបានសម្លាប់មនុស្សទាំងអស់១៨៩នាក់ដែលជិះក្នុងនោះ។
យន្តហោះ Boeing 737 MAX បានបាត់ពីរ៉ាដាប្រហែល១៣នាទីបន្ទាប់ពីហោះចេញពីទីក្រុងហ្សាការតាកាលពីថ្ងៃទី២៩ខែតុលាដោយបានធ្លាក់ចូលទៅក្នុងសមុទ្រជ្វាក្រោយពីបានស្នើសុំវិលត្រឡប់ទៅរដ្ឋធានីនេះវិញ។
ភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនមិនបានចង្អុលបង្ហាញពីមូលហេតុច្បាស់លាស់នៃគ្រោះថ្នាក់នេះទេខណៈរបាយការណ៍ចុងក្រោយស្តីពីការធ្លាក់នេះមិនទំនងជាត្រូវបានបញ្ចេញឡើយរហូតដល់ឆ្នាំក្រោយ។
ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតរបស់ខ្លួនបាននិយាយថា ក្រុមហ៊ុន Lion Air បានបន្តដាក់យន្ដហោះឲ្យចូលបម្រើការវិញបើទោះបីជាបានបរាជ័យក្នុងការជួសជុលបញ្ហាក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការធ្លាក់ក៏ដោយ។
របាយការណ៍ក៏បានលើកឡើងផងដែរថា អាកាសយានិកបានតស៊ូជាមួយប្រព័ន្ធប្រឆាំងការរលត់ម៉ាស៊ីនរបស់យន្ដហោះនៅពេលដែលពួកគេបានធ្វើការទាក់ទងតាមវិទ្យុដើម្បីស្នើសុំវិលត្រឡប់ទៅកាន់ព្រលានយន្តហោះធំរបស់ទីក្រុងហ្សាការតាវិញ។
ការរកឃើញនេះនឹងបង្កើនក្តីព្រួយបារម្ភថា មានបញ្ហាជាមួយប្រព័ន្ធសំខាន់ៗនៅក្នុងយន្តហោះដឹកអ្នកដំណើរពាណិជ្ជកម្មថ្មីបំផុតនិងទំនើបបំផុតមួយរបស់ពិភពលោក។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយកាលពីមុនថា យន្តហោះនេះមានបញ្ហាជាមួយនឹងឧបករណ៍ចង្អុលបង្ហាញល្បឿនខ្យល់និងមុំនៃការវាយប្រហារ (AOA) របស់ខ្លួនដែលជំរុញឲ្យក្រុមហ៊ុន Boeing ចេញផ្សាយព្រឹត្តិបត្រពិសេសមួយដែលប្រាប់ដល់ប្រតិបត្តិករអំពីអ្វីដែលត្រូវធ្វើនៅពេលពួកគេប្រឈមមុខនឹងស្ថានភាពដូចគ្នានេះ។
គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូនេស៊ីបានរកឃើញប្រអប់ខ្មៅមួយរបស់យន្តហោះដែលជាឧបករណ៍ថតទិន្នន័យហោះហើរប៉ុន្តែមិនទាន់បានកំណត់ទីតាំងឧបករណ៍ថតសំឡេងក្នុងកាប៊ីនយន្ដហោះនៅឡើយទេ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ទិន្នន័យប្រអប់ខ្មៅបានបង្ហាញថា យន្ដហោះនេះមានបញ្ហាចង្អុលបង្ហាញល្បឿនខ្យល់៕ AFP
Source: Kampuchea Thmey Daily
0 Comments