ភ្នំពេញ ៖ កម្លាំងប្រជាការពារសាលាខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២៧វិច្ឆិកានេះ បានប្រើប្រាស់រថយន្តដឹកទឹកលាងសំអាតស្ពានព្រះមុនីវង្សចាស់ ថ្មី បន្ទាប់ពីលាងសំអាតផ្លូវជាតិលេខ១រួចមក។
យោងតាមប្រសាសន៍ លោក ប៊ូ វឌ្ឍនា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យកម្ពុជាថ្មីដឹងថា នៅថ្ងៃទី២៧វិច្ឆិកានេះ លោកបានទទួលបញ្ជាពី លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ឲ្យដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ និងលាងសំអាតផ្លូវជាតិលេខ១រហូតដល់លើស្ពានព្រះមុនីវង្សចាស់ និងថ្មី ធ្វើយ៉ាងណាឲ្យអស់សំរាម និងកម្ទេចដី។
លោកនាយករងរដ្ឋបាលបានបន្តថា ការចុះធ្វើអនាម័យលើកំណាត់ផ្លូវខាងលើនេះ គឺលោកអភិបាលខណ្ឌឲ្យធ្វើជាប្រចាំព្រោះផ្លូវជាតិលេខ១ ជាផ្លូវដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ សឹង២៤ម៉ោងហើយបើកំណាត់ផ្លូវជាតិនេះ មិនស្អាត គឺប៉ះពាល់ដល់ប្រទេសយើងផង។
លោក ប៊ូ វឌ្ឍនា ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ផ្លូវជាតិលេខ១សូមមេត្តាចូលរួមសំអាតមុខផ្ទះ កុំឲ្យទុកដាក់សំរាមមុខផ្ទះព្រោងព្រាត ហើយពេលមានខ្យល់មកវាអាចប៉ើងហើរពេញដងផ្លូវ។
ដូច្នេះហើយ ទើបអាជ្ញាធរសុំឲ្យទុកដាក់សំរាមក្នុងផ្ទះ ហើយដល់ពេលរថយន្តដឹកសំរាមមកដល់ ចាំយកចេញក្នុងពេលដែលកម្មករប្រមូលសំរាមមកទទួលយក៕
Source: Kampuchea Thmey Daily
0 Comments