ពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 កំពុងដំណើរការប្រកួតនៅក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រជើងទី១ ស្របពេលដែលក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី បានត្រឹមស្មើគ្នាជាមួយក្រុមជើងឯកឆ្នាំចាស់ថៃ កាលពីចុងសប្ដាហ៍ថ្មីៗនេះ ហើយក្រុមម្ចាស់ផ្ទះហ្វីលីពីន បានរងបរាជ័យដោយថ្វីជើងក្រុមខ្លាំងពីពូល A គឺវៀតណាម។
ចំពោះជើងទី១ នៃវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនេះក្រុមម៉ាឡេស៊ី បានបើកទ្វារកីឡដ្ឋានBukit Jalil National Stadium ក្នុងរដ្ឋធានីកូឡាឡំពួររបស់ខ្លួនប្រកួតស្មើគ្នាជាមួយក្រុមថៃ ដោយលទ្ធផល០ទល់០ ក្រោមការកាត់សេចក្តីពីសំណាក់អាជ្ញាកណ្ដាលជនជាតិអូម៉ង់ Ahmed Al-Kaf ដែលមានទស្សនិកជនចូលទស្សនាចំនួន៨៧៥៤៥នាក់។ សម្រាប់ប្រកួតជើងទី២ នឹងប្តូរទៅធ្វើឡើងនៅរាជធានីបាងកក វិញម្តងដោយក្រុមថៃ ទទួលក្រុមម៉ាឡេស៊ី នៅកីឡដ្ឋាន Rajamangala Stadium នៅវេលាម៉ោង៧ល្ងាចថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨នេះ។
ចំណែកក្រុមហ្វីលីពីន បានប្រកួតចាញ់ក្រុមវៀតណាម ២ទល់១ លើទីលានកីឡដ្ឋាន Panaad Stadium ក្នុងទីក្រុងBacolod ដែលកាត់សេចក្តីដោយអាជ្ញាកណ្ដាលជនជាតិកាតារAbdulrahman Al-Jassim ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជាង៥ពាន់នាក់។ ប្រកួតជើងទី២រវាងក្រុមទាំង២នឹងប្តូរទៅធ្វើនៅរដ្ឋធានីហាណូយ វិញម្តងដោយក្រុមវៀតណាម ទទួលក្រុមហ្វីលីពីន នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានMỹ Đình National Stadium។
តាមគម្រោងក្រុមឈ្នះនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រក្រោយប្រកួតកាត់សេចក្តីចំនួន២ជើងនេះរួច នឹងទទួលកៅអីទៅប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រចំនួន២ជើងទៀត ដោយជើងទី១ ធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ហើយជើងទី២ ធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ គិតត្រឹមពេលនេះកីឡាករថៃ Adisak Kraisorn កំពុងតែរកបានគ្រាប់បាល់បញ្ចូលទីគូប្រកួតបានច្រើនជាងគេគឺ៨គ្រាប់ម្នាក់ឯង។
សូមបញ្ជាក់ថា ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ ក្រុមមានពិន្ទុច្រើនជាងគេចំនួន២ក្រុម តាមពូលនីមួយៗមានឡើងទៅលេងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាបន្តដើម្បីរកម្ចាស់ជើងឯកប្រចាំសម័យកាល។ តាមគម្រោងការប្រកួតនេះធ្វើឡើងចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments