ភ្នំពេញ ៖ កូនចិត្តតិរច្ឆានម្នាក់ ត្រូវបាននគរបាលខណ្ឌឫស្សីកែវចាប់ខ្លួនតាមអំណាចដីកា បន្ទាប់ពី បង្កហិង្សាដោយចេតនា លើឪពុកម្ដាយ ហើយរត់គេចខ្លួនរយៈពេលជិត៣ឆ្នាំ។ ហេតុការណ៍ឃាត់ខ្លួន បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។
អធិការខណ្ឌឫស្សីកែវ លោក គល់យី បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១០៨ ត.ព្រ ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៥ ក្នុងករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ នៅត្រង់ចំណុចខាងមុខផ្ទះលេខ១៥១អឺ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកបន្តថា សង្ស័យ ឈ្មោះ លី ឡាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោកអធិការបន្តថា ការចាប់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅតាមដីកាបង្គាប់របស់តុលាការ ក្នុងករណីហិង្សាដោយចេតនា រហូតមកដល់ព្រឹកថ្ងៃទី៣ធ្នូនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments