Ad Code

ស្រមោល​អតីតកាល ត្រូវ​បាន​យក​មក​លាតត្រដាង​ក្នុង​ថ្ងៃ​៧​មករា ឆ្នាំ​២០១៥


បន្ទាយមានជ័យ ៖ ស្រមោល​អតីតកាល ត្រូវ​បាន​យក​មក​លាតត្រដាង​ក្នុង​អង្គពិធី​មិទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦​ទិវា​ជ័យជំនះ​៧​មករា ខេត្តបន្ទាយមានជ័យ ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ -ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៥ ក្នុង​គោលបំណង​បញ្ជាក់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង​ពី​ប្រវត្តិ​ដ៏​ឃោរ​ឃៅ​នា​សម័យ​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដែល​គ្រប់គ្រង​ដោយ​របប​ប៉ុលពត​កន្លងទៅ។​

មាន​ប្រជាពលរដ្ឋ​ជាច្រើន មិន​ថា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឬ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​នោះ​ទេ ដែល​បងប្អូន​ទាំងនោះ​ធ្លាប់​បាន​ឆ្លងកាត់​នៅ​របប​ដោយ​ព្រៃផ្សៃ​មួយ​គ្រប់គ្រង​ដោយ​ពួក​ប៉ុលពត អៀង សារី ,ខៀវ សំផន និង​នួន​ជា កន្លង​ទៅ​បាន​ប្រែក្លាយ​ឲ្យ​សង្គមជាតិ​លើ​ផ្ទៃ​ប្រទេស​ទាំងមូល បាន​ជួប​នៅ​ភាព​អកុសល​ដ៏​ឃោរឃៅ​បំផុត​រហូត​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ត្រូវ​បាន​កាប់សម្លាប់​ដូច​សត្វ​ធាតុ ហើយ​ទង្វើ​បែបនេះ ត្រូវ​បាន​គេ​យក​មក​បង្ហាញ​ជូន​យ​យុវវ័យ​ជំនាន់​ក្រោយ បាន​ជ្រាប​ជា​បន្តបន្ទាប់ រហូតមកដល់​ពេលនេះ។​

សូម​បញ្ជាក់​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​៧ ខែមករា ឆ្នាំ​២០១៥​នេះ គេ​បាន​សម្គាល់​ឃើញ​មាន​ការ​ធ្វើ​ពិធី​គំរប់​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៦ ទិវា​ជ័យជំនះ​៧​មករា នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ ដោយ​ស្រុក​ក្រុង​មួយចំនួន​បាន​រៀប​ចំ​ធ្វើ​ពិធី​នេះ ចាប់ពី​ថ្ងៃទី​៥ និង​ទី​៦​មក​ម្ល៉េះ លុះដល់​ថ្ងៃទី​៧ ខែមករា ​ឆ្នាំ​២០១៥ នៅ​ឯ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ធ្វើ​ពិធី​នោះ​ដែរ លុះដល់​ពេល​រសៀល​ថ្ងៃ​ដដែល ពិធីបុណ្យ​ថ្ងៃ​៧មករា ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ពិធី​ខួប​អនុស្សាវរីយ៍​ទី​៣៦​ទិវា​ជ័យជំនះ​៧​មករា នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែត​បន្ត​ទៀត។​

នៅក្នុង​ទិវា​ខាងលើ​នោះ​ផង​ដែរ គឺ​មាន​ការរៀបចំ​សម្ដែង​សាច់រឿង​ឈុត​ខ្លី​ដែល​មាន​ចំណង​ជើង​ថា "​ស្រមោល​អតីតកាល​ទាក់ទិន​និង​ការ​កាប់​សម្លាប់​យ៉ាង​ឃោរឃៅ​ក្នុង​របប​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ដែល​គ្រប់គ្រង​ដោយ​លោក​ប៉ុលពត អៀង​ សារី ​និង​ខៀវ​ សំផន​'' ហើយ​ឈុត​ឆាក​ខាងលើ​នោះ បាន​រម្លឹក​ឡើងវិញ​ពី​របប​ព្រៃផ្សៃ​ទុក​ជូន​ដល់​យុវវ័យ​ជំនាន់​ក្រោយ បានដឹង​ពី​ការ​រស់នៅ​ដ៏​លំបាក​របស់​ក្រុម​គ្រួសារ​របស់​គេ​នា​សម័យ​ខាងលើ​នោះ។​

លោក​អ៊ុង អឿន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត បាន​បញ្ជាក់​ជូន​អង្គពិធី​នេះ​ថា បើ​គ្មាន​ថ្ងៃ​៧​មករា​នេះ​ទេ អ្វីៗ​គ្រប់យ៉ាង​ទាំងអស់​ត្រូវ​បាន​រលាយ​សាបសូន្យ និង​អាច​ក្លាយជា​ផេះ​ក៏​ថា​បាន គឺ​នៅ​ទូទាំង​ប្រទេស​តែម្តង។

លោក​ អ៊ុង អឿន​បាន​បន្ត​ទៀត​ថា ឈុត​ឆាក​ដែល​បាន​សម្ដែង​មុន​នេះ​បន្តិច គឺ​វា​ជា​រឿង​ពិត​ក្នុង​សង្គម​ជាតិ​របស់​យើង មិនមែន​ចេះតែ​ច្នៃប្រឌិត​ដូច​ឈុត​ឆាក​រឿង​ផ្សេងៗ​នោះ​ឡើយ។

លោក ​អ៊ុង អឿន​បាន​បន្ត​ទៀត​ថា ថ្ងៃ​៧​មករា​នេះ​ហើយ គឺជា​មាតា​ទី​២​របស់​យើង​គ្រប់ៗ​គ្នា​នៅ​ទូទាំង​ប្រទេស ហើយ​ជន​ណាមួយ​ហ៊ាន​ប្រមាទ​មើល​ងាយ​ដល់​ថ្ងៃ​៧​មករា គឺ​មិន​ទទួលស្គាល់​ថ្ងៃ​៧​មករា ក្រោម​ការដឹកនាំ​របស់​សម្ដេច​ទាំង​៣​កន្លង​ទៅ​នោះ គឺ​ជន​ទាំងនោះ​គឺ​មិន​មែន​ជា​មនុស្ស​ឡើយ។ លោក​ អ៊ុង អឿន ក៏បាន​បន្ថែម​ទៀត​ថា គ្រប់​ជំនាន់​តទៅមុខ​ទៀត គឺ​យុវវ័យ​ទាំងអស់​ដែល​ជា​កូន​ខ្មែរ ត្រូវ​យល់​ដឹង​ពី​ប្រវត្តិ​ថ្ងៃ​៧​មករា​ឲ្យ​បាន​ច្បាស់លាស់ មិន​ត្រូវ​ប្រមាទ​មើល​ងាយ​ថ្ងៃ​៧​មករា​នេះ​បាន​ឡើយ៕​

ពៅ​រី​

Post a Comment

0 Comments

Close Menu