ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលបានស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ហើយជាលទ្ធផល ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទថា ស្របនឹងរដ្ឋធម្មនុញ្ញ។
ការអនុម័តនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅអគារ “ស” វិមានរដ្ឋចំការមន ក្រោមអធិបតីភាពរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ ដែលសេចក្តីប្រកាសនោះបានបញ្ជាក់យ៉ាងនេះថា “ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទ ដោយចំនួន០៨សំឡេង នៃចំនួនក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល (អវត្តមាន១អង្គ ដោយមូលហេតុប្រឈួន) ថា ក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យឃើញថាច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយ គឺស្របនឹងរដ្ឋធម្មនុញ្ញ”។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤២ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ធ្វើឡើងដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៨៧រូប និងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានអំពាវនាវ ដល់តុលាការឲ្យពន្លឿននីតិវិធីចំពោះបុគ្គល ដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេ ដែលធានាដោយរដ្ឋធម្មនុញ្ញ។
សេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនោះ បានបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) គឺ "បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការកែប្រែច្បាប់នេះមិនមែនតម្រូវចិត្តបក្ស ឬបុគ្គលណាមួយនោះទេ តែសម្រាប់ជាប្រយោជន៍ដល់គ្រប់គណបក្សនយោបាយ និងអ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ច្បាប់នេះ គឺជាការបើកផ្លូវមួយឲ្យសមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ដែលត្រូវហាមឃាត់ដោយអំណាចសាលក្រមតុលាការកំពូល កាលពីចុងឆ្នាំ២០១៧អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ និងអាចចូលរួមការប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០២២ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments