Ad Code

ទីផ្សារ​ទេសចរណ៍​កូរ៉េ​ នៅ​កម្ពុជា​



​ភ្នំពេញ ​៖ ប្រទេស​កូរ៉េ​ មាន​ប្រជាជន​៥០​លាន​នាក់ ហើយ​ជីវភាព​រស់នៅ ​និង​ប្រាក់ចំណូល​មាន​កម្រិត​ខ្ពស់​ ធ្វើ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ចេញ​ក្រៅ​ប្រទេស​ច្រើន។

អង្គការ​ទេសចរណ៍​ពិភពលោក​ប៉ាន់ប្រមាណ​ថា ប្រទេស​កូរ៉េ​ នឹងមាន​ទេសចរ​ចេញ​ក្រៅប្រទេស​ជាង​២០​លាន​នាក់ នៅ​ឆ្នាំ​២០២០។ ឆ្នាំ​២០១៤ ទេសចរ​កូរ៉េ​ក្រៅប្រទេស​ចំនួន​១៣,៩​លាន​នាក់ និង​មាន​៤,៨៧​លាន​នាក់ (២០១៣)​ ធ្វើដំណើរ​មក​តំបន់​អាស៊ាន ហើយ​ក្នុងនោះ​ទេសចរ​កូរ៉េ-​កម្ពុ​ជា មាន​ចំនួន​៤២​ម៉ឺន​នាក់ ធ្លាក់​ចុះ​២,៤% ធៀប​នឹង​ឆ្នាំ​២០១៣ ឈរ​ក្នុង​លំដាប់ថ្នាក់​ទី​៤ ក្នុង​ទីផ្សារ​សំខាន់ៗ​ទាំង​១០ របស់​ប្រទេស​កម្ពុជា ​ស្មើនឹង​៩,៤% នៃ​ចំនួន​ទេសចរ​សរុប។
​ ​
តាម​ប្រភប​ផ្តល់​ព័ត៌មាន​ពី​ស្ថាន​តំណាង​របស់​ក្រសួង​ប្រចាំ​ទីផ្សារ​កូរ៉េ បាន​ឲ្យ​ដឹងថា ​ទេសចរ​កូរ៉េ​ភាគ​ច្រើន​ចូលចិត្ត​ស្វែងរក​ព័ត៌មាន​ធ្វើដំណើរ​តាមរយៈ​គេហទំព័រ (​អ៊ីនធឺណិត​) បណ្តាញ​ទំនាក់ទំនង​ព័ត៌មាន​សង្គម និង​ការជួប​សួររក​ព័ត៌មាន​ដោយផ្ទាល់​តាមរយៈ​ព្រឹត្តិការណ៍​ពិព័រណ៍ ពិសេស​ជួប​ជា​មួយ​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ ហើយ​ការធ្វើដំណើរ​របស់​ទេសចរ​កូរ៉េ​៧០% ​ជ្រើសរើស​កញ្ចប់​ទស្សន​កិច្ច (Package) និង​៣០%​ ចូលចិត្ត​ធ្វើដំណើរ​ដោយ​ឯករាជ្យ (Independent Tour) ហើយ​រយៈ​ពេល​ធ្វើដំណើរ​មាន​ពី​៦​ថ្ងៃ ទៅ​៧​ថ្ងៃ ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​លើក។

ទេសចរ​កូរ៉េ​ ធ្វើដំណើរ​មក​តំបន់​អាស៊ី​ចាប់ពី​ខែ​វិច្ឆិការ​ ដល់​ខែ​កុម្ភៈ ហើយ​ចូលចិត្ត​ទស្សនា​តំបន់​វប្ប​ធម៌ និង​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ ចម្លាក់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ និង​តំបន់​ឆ្នេរ​ដ៏​ស្រស់​ស្អាត តំបន់​អេកូ​ធម្មជាតិ ភ្លក់​ម្ហូប​របស់​ប្រជាជន​ក្នុងស្រុក និង​ក៏​ស្វែងរក​ម្ហូប​កូរ៉េ​ផងដែរ។

ក្នុង​គោលដៅ​ទស្សនា​របស់​ពួកគេ ចូលចិត្ត​ស្វែងរក​ទិញ​វត្ថុ​អនុស្សាវរីយ៍​ដែលមាន​តម្លៃ​ខ្ពស់ ចូលចិត្ត​ដើរ​កម្សាន្ត​នៅពេល​រាត្រី ទស្សនា​ផ្សារ​រាត្រី (Night Market & Pub Streets) ព្រមទាំង​ចូលចិត្ត​កម្សាន្ត​ជា​មួយ​ព្រឹត្តិការណ៍​កីឡា​ល្បីៗ និង​កីឡា​វាយកូនគោល​ដណ្តើម​ពាន​រង្វាន់​ក្នុង​តំបន់​ និង​ពិភពលោក។
​ ​
ព្រះរាជាណាចក្រ​កម្ពុ​ជា មាន​ការតភ្ជាប់​យ៉ាង​ល្អ​តាម​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរ ជាតិ​កូរ៉េ Korean Airs និង ASIAN Airlines ។

ប្រទេស​កូរ៉េ​ បច្ចុប្បន្ន​ ជា​ស្នូល​ក្នុង​ការ​តភ្ជាប់​ការធ្វើដំណើរ​របស់​ទេសចរ​ប្រទេស​ទី​៣ មកកាន់​គោល​ដៅ​ទេសចរណ៍​កម្ពុជា​ផងដែរ។
​​ស្ថិតិ​ទេសចរ​កូរ៉េ​បច្ចុប្បន្ន មាន​ចំនួន​តិច​នៅឡើយ បើ​ប្រៀបធៀប​នឹង​អត្រា​ទេសចរ​កូរ៉េ ចេញ​ក្រៅ​ប្រទេស​ និង​មក​ទស្សនា​តំបន់​អាស៊ាន។ កម្ពុជា​ នៅ​មាន​ឧបសគ្គ​ក្នុង​ការ​ទាក់ទាញ​ទេសចរ​កូរ៉េ ពិសេស នៅ​តំបន់​ឆ្នេរ ​និង​តំបន់​អេកូ​ធម្មជាតិ​ខ្លះ​នូវ​ផលិតផល​ទាក់ទាញ​ជាំ​ច្រើន​ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​រាត្រី ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន​មិនទាន់​រៀបចំ​ឲ្យ​មាន​ភាព​រស់រវើក និង​ទាក់ទាញ សមត្ថភាព​មគ្គុទ្ទេសក៍​និយាយ​ភាសា​កូរ៉េ នៅ​មា​ន​កម្រិត ដែលជា​រួម ផលិតផល ​និង​សេវាកម្ម និង​សេវា​ទេសចរណ៍​កម្ពុជា​ នៅ​មិនទាន់​ផ្គត់ផ្គង់​បាន​ដល់​តម្រូវការ​ នៃ​ចំណែក​ទីផ្សារ​ប្រណិតៗ​នៅឡើយ។ ដូចនេះ​យើង​ត្រូវ​រៀបចំ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​ទាំងនោះ​ សំដៅ​ទាក់ទាញ​ភ្ញៀវ​ពី​ទីផ្សារ​ខាងលើ​បន្ថែម។

​នៅក្នុង​រយៈពេល​៥​ខែ​ ដើមឆ្នាំ​២០១៥ ទេសចរ​កូរ៉េ​ថយចុះ​៤.៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ហើយ​បញ្ហា​ នៃ​ការធ្លាក់ចុះ​នេះ ​គឺ​បណ្ដាល​មកពី​ការ​រីក​រាលដាល​ នៃ​បញ្ហា​ជំងឺ Middle East respiratory syndrome (MERS) វិបត្តិ​នយោបាយ​ផ្ទៃក្នុង​រដ្ឋាភិបាល​កូរ៉េ​ដែល​បានធ្វើឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ទាំងមូល ដូចជា នៅ​ដើម​ឆ្នាំ​២០១៥​នេះ ការ​ឆ្លាក់​ចុះ Inbound Tours ដល់​ទៅ ៦០% និង Outbound Tours ធ្លាក់ចុះ​៤០% ព្រមទាំង​ទេសចរណ៍​ក្នុងស្រុក​ធ្លាក់ចុះ​៣០%។

និន្នាការ​ធ្វើ​ដំណើរ​ទេសចរណ៍​របស់​ប្រទេស​កូរ៉េ ងាក​ទៅ​រក​បណ្ដា​ប្រទេស​ដែល​មិន​យក​ទិដ្ឋាការ​ចូល សម្រាប់​រយៈពេល​១៥​ថ្ងៃ ​នៃ​ការ​ទស្សនា ដូចជា​ប្រទេស​ថៃ ឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​វៀតណាម​ជាដើម។ ប៉ុន្តែ​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​ ទើប​តែមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ ទោះបីជា​ប្រទេស​នេះ មានការ​បើកទូលាយ​នូវ​ឱកាស​វិនិយោគ​ក៏ដោយ។
​ ​
ដូច្នេះ​ មូលហេតុ​ នៃ​បញ្ហា​ខាងលើ​ បានធ្វើ​ទេសចរណ៍​កូរ៉េ​មក​កម្ពុជា​ មានការ​ធ្លាក់​ចុះ​នៅ​ដើម​ឆ្នាំ​២០១៥ គួបផ្សំ​នឹង​បញ្ហា​មួយចំនួន​នៅ​កម្ពុជា​ដូចជា ការកាត់បន្ថយ​របាំង​ មិនចាំបាច់​នៅតាម​ច្រកទ្វារ​អន្តរជាតិ​នានា​ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ទេសចរ​នៅ​មិនទាន់​រលូន។

ទោះជា​យ៉ាងណាក្តី​ ក៏​ទេសចរណ៍​កូរ៉េ​ នៅតែ​បន្ត​ចូលមក​ទស្សនា​កម្ពុជា​ដែលជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី​៣​ ក្នុង​តំបន់​ បន្ទាប់ពី​ថៃ ពិសេស​កម្ពុជា​ មានការ​ត​ភ្ជាប់​ជើង​ហោះហើរ​ផ្លូវ​អាកាស​ចំនួន​៧​ជើង​ ក្នុង​១​ថ្ងៃ គឺ​ខេត្ត​សៀមរាប​ចំនួន​៥​ជើង (Korean Air 2​ជើង Asiana Ari 1​ ជើង Skywing 1​ជើង និង Busan Air 1​ជើង​) និង​ភ្នំពេញ​ចំនួន​២​ជើង (Korean Air 1​ជើង និង Asiana Air 1​ជើង​)។
ទោះបីជា​ទេសចរណ៍​កូរ៉េ​មក​កម្ពុជា​មានការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​បច្ចុប្បន្ន​ក្ដី ក៏​កូរ៉េ​នៅតែ​ជាទី​ផ្សារ​គោលដៅ​ដ៏​សំខាន់​សម្រាប់​កម្ពុជា។ នៅ​ឆ្នាំ​២០២០ កម្ពុជា​ សង្ឃឹមថានឹង​ទទួល​បាន​ទេសចរណ៍​កូរ៉េ​ចំនួន​ជិត​១​លាន​នាក់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu