ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មធិការត្រួតពិនិត្យនិងលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យបានចេញសេចក្តីជូនដំណឹងមួយ ជម្រាបជូនឲ្យប្រធានគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ដែលជាសមាជិក ត្រូវផ្ញើរបាយការណ៍ ស្ដីពីវឌ្ឍនភាពនៃការត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្ដិ៍ តាមផ្លូវគោក និងផ្លូវទឹក ឆ្នាំ២០១៨។
នេះបើយោងតាមលិខិតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ដិត នេត សាវឿន ដែលកម្ពុជាថ្មីទទួលបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ ។ លិខិតនេះ ក៏បានសង្កត់ធ្ងន់ថា ដើម្បីមានមូលដ្ឋានបូកសរុប វាយតម្លៃ រាយការណ៍ជូនរាជរដ្ឋាភិបាល អំពីវឌ្ឍនភាពនៃការលុបបំបាត់ការដាក់ប៉ុស្តិ៍ អនាធិបតេយ្យឆ្នាំ២០១៨ និងលើកទិសដៅបន្តអនុវត្តនាឆ្នាំ២០១៩ លេខាធិការដ្ឋានស្នើលោកប្រធានគណៈបញ្ជាការឯកភាព រាជធានី ខេត្តបញ្ជូនរបាយការណ៍អំពីកិច្ចដំណើរការនិង លទ្ធផលការងារលុបបំបាត់ប៉ុស្តិ៍អនាធិបតេយ្យក្នុងភូមិសាស្ត្រទទួលខុសត្រូវ របស់រាជធានីខេត្តនីមួយៗ និងផ្ញើមកលេខាធិការដ្ឋានឲ្យបានមុនថ្ងៃទី១០ខែមករាឆ្នាំ២០១៩។
គួររំលឹកថា បន្ទាប់ពីមានលេចឮបាតុភាពមិនល្អចេញប៉ុស្តិ៍ត្រួតពិនិត្យនានាដែលកម្លាំងសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវគោកនិងផ្លូវទឹក រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចលេខ ៤៦ស ស រ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ដែលមានក្រសួងមហាផ្ទៃជាប្រធានគណៈកម្មការនិងរាជធានីខេត្តជាសមាជិក ហើយសមាជិកនេះត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំជូនប្រធានគណៈបញ្ជាការរាល់ពេលជិតដាច់ឆ្នាំនីមួយៗ៕
Source: Kampuchea Thmey Daily
0 Comments