ភ្នំពេញ ៖ ការ ដោះស្រាយក្រិនក្រេះមានសារៈសំខាន់ និងចាំបាច់បំផុត ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០៣០។
នៅក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រយៈពេលមួយថ្ងៃនៅសណ្ឋាគារភ្នំពេញ ក្រោមការរៀបចំដោយសម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថកម្ពុជា ហៅកាត់ថា (SUN CSA Cambodia) លោក សុខ ស៊ីឡូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់ចលនាអាហារូបត្ថម្ភនៅកម្ពុជា ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្លែងថា បញ្ហាអាហារូបត្ថម្ភធ្វើឲ្យប៉ះពាល់ ដល់ការខាតបង់សេដ្ឋកិច្ចជាតិដ៏ធំធេង ដែលបង្កឡើងដោយកត្តាសត្យានុម័តមួយចំនួនដូចជា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារបន្ថែមមិនបានគ្រប់គ្រាន់ របៀបផ្តល់អាហារដល់កុមារមិនបានត្រឹមត្រូវតាមអាយុ និងមិនបានយកចិត្តទុកដាក់ទៅលើការថែទាំកុមារ ការអនុវត្តអនាម័យ និងទឹកស្អាតមិនបានត្រឹមត្រូវ ការយល់ដឹងអំពីអនាម័យ និងសុវត្ថិភាពចំណីអាហារនៅមានកម្រិត ការមិនបានទទួលនូវសេវាសុខភាពមិនបានគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ហូបចុកនៅមានកម្រឹត និងអត្រាជំងឺឆ្លងផ្សេងៗជាដើម។
លោកបន្តថា ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពសង្គមគួរឲ្យកត់សម្គាល់នូវការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភសម្រាប់ស្ត្រីក្នុងវ័យបន្តពូជ មាតា ទារក និងកុមារ។ ផ្អែកតាមលទ្ធផលអង្កេតសុខភាពវិទ្យាសាស្ត្រឆ្នាំ២០១៤ របស់ក្រសួងផែនការបានបង្ហាញថា អត្រាកុមារក្រិនក្រេះត្រូវបានកាត់បន្ថយពីចំនួន ៥០% នៅឆ្នាំ២០១០ ទៅ ៣២% នៅឆ្នាំ២០១៤ អត្រាកុមារមានទម្ងន់ទាបត្រូវបានកាត់បន្ថយពីចំនួន ៣៩%នៅឆ្នាំ២០១០ ទៅ២៤% នៅឆ្នាំ២០១៤។ អត្រាស្ត្រីបន្តពូជកង្វះអាហារូបត្ថម្ភ ត្រូវបានកាត់បន្ថយពីចំនួន ២១% នៅឆ្នាំ២០១០ ទៅ ១៤% នៅឆ្នាំ២០១៤។ អត្រានៃការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងការបំបៅកូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូងក្រោយពេលសម្រាល បានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០។ ទោះបីបញ្ហាក្រិនក្រេះរបស់កុមារបានថយចុះនៅត្រឹម ៣២% ក៏ដោយក៏អត្រានេះនៅមានកម្រិតខ្ពស់នៅឡើយ។ អត្រាក្រិនក្រេះខ្ពស់នេះគឺជាការគំរាមកំហែងមួយ និងរាំងស្ទះដល់និរន្តភាព នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងមូលធនមនុស្ស និងការរីកចម្រើនរបស់ប្រទេសជាតិផងដែរ។ កង្វះអាហារូបត្ថម្ភបានធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានទៅលើការសិក្សារបស់កុមារ ក៏ដូចជាប្រសិទ្ធភាពការងាររបស់ពួកគេ នៅពេលដែលពួកគេធំឡើង និងបង្កជាហេតុធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ដូចនេះវគ្គបណ្តុះបណ្តាលថ្ងៃនេះ ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពក្នុងចំណោមអ្នកសារព័ត៌មានលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិលនានា ដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភឲ្យកាន់តែទូលំទូលាយដល់ស្រទាបសាធារណជន។ លើសពីនេះទៀតវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីលើកទឹកចិត្តឲ្យប្រព័ន្ធផ្សព្វផ្សាយ បានចូលរួមចំណែកគាំទ្រការផ្សព្វផ្សាយព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភឲ្យបានទូលំទូលាយប្រយោជន៍ដើម្បីរួមចំណែកក្នុងការលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments