ភ្នំពេញ ៖ ស្របពេលដែលមានការចូលខ្លួនដោះស្រាយនិងសម្របសម្រួលគ្នាអស់រយៈពេល២ថ្ងៃរវាងភាគីបង្កដែលជះស្រានិងគប់កំប៉ុងស្រាបៀ លើតារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស រួមទាំងម្ចាស់អ្នកគ្រប់គ្រងហាង សមុទ្រ ហើយនោះទីបំផុតករណីនេះត្រូវបានបញ្ចប់ក្រោយពេលជនរងគ្រោះកញ្ញា ទេព បូព្រឹក្ស យល់ព្រមទទួលយកសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារនិងការសូមទោសជាសាធារណៈពីជនបង្ក និង ម្ចាស់ហាងតាមរយៈការធ្វើសន្និសីទសារព័ត៌មាន។
ទន្ទឹមគ្នានឹងការប្រកាសយល់ព្រមបញ្ចប់រឿងរវាងកញ្ញា ទេព បូព្រឹក្ស និងភាគីបង្កលោក ឆេង រស្មី នេះដែរនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះក៏មានការធ្វើសន្និសីទសារព័ត៌មានបង្ហាញជាផ្លូវការដើម្បីជាការបញ្ជាក់ប្រាប់ឲ្យមហាជនបានដឹងជាសាធារណៈជុំវិញករណីដ៏កក្រើកនៃរឿងរ៉ាវដ៏រសើបមួយនេះផងដែរ។
សន្និសីទសារព័ត៌មាននេះគឺមានការចូលរួម ៖ កញ្ញា ទេព បូព្រឹក្ស(ជនរងគ្រោះ),លោក ឆេង រស្មី(អ្នកបង្ក), លោក ជុំ ម៉ារី អ្នកគ្រប់គ្រងហាង សមុទ្រ,លោក ចាន់ ទ្រា ប្រធានគ្រប់គ្រង់ស្រាបៀរហៃ (Hite),អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរនិងមេធាវីការពារក្តីកញ្ញា ទេពបូព្រឹក្ស គឺកញ្ញា ធីម សុភាព។
បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់កញ្ញា ធីម សុភាពដែលជាមេធាវីការពារក្តីឲ្យកញ្ញា ទេព បូព្រឹក្ស បានលើកឡើងថា ចំពោះករណីរបស់កូនក្តីខ្លួនគឺកញ្ញា ទេព បូព្រឹក្សនិងជនបង្ករួមទាំងម្ចាស់ហាង សមុទ្រ ក្រោយពេលមានការចូលខ្លួនដោះស្រាយនិង សម្របសម្រួលគ្នាដោយព្រមទទួលស្គាល់ពីកំហុសឆ្គងនិង ផ្តល់សំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារព្រមទាំងការចេញមុខសូមទោសជាសាធារណៈហើយនោះពេលនេះបញ្ហាត្រូវបានយល់ព្រមបញ្ចប់ដោយសន្តិវិធី។
មេធាវីរូបនេះបានបញ្ជាក់ថា ដោយសារតែភាគីបង្កទាំង៣រូបគឺលោក ឆេង រស្មី ,លោក ជុំ ម៉ារី អ្នកគ្រប់គ្រងហាង សមុទ្រ និងអ្នកស្រី សៀក ឡេង បានយល់ព្រមធ្វើកិច្ចសន្យាតាមការចង់បានពីសំណាក់ជនរងគ្រោះកញ្ញា ទេព បូព្រឹក្ស ចំនួន៣ចំណុចតាមរយៈ ៖ ១,ការផ្តល់សំណងជំងឺចិត្ត១ម៉ឺនដុល្លារ។ ២,ការសូមទោសជាសាធារណៈនិង៣,មិនមានការគំគួនឬសងសឹកគ្រប់រូបភាពដែលប៉ះពាល់ដល់សុវត្ថិភាព និង កិត្តិយសផ្ទាល់ខ្លួន។
ដូច្នេះទើបជងរងគ្រោះ(ទេព បូព្រឹក្ស)យល់ព្រមក្នុងការដកពាក្យបណ្តឹងនិងរហូតឈានដល់ការសម្រុះសម្រួលលុបចោលនូវបណ្តឹងអាជ្ញារទៀតផង។
ជាមួយគ្នានេះបើតាមការឲ្យដឹងពីសាមីខ្លួនតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានរៀបរាប់ថានាងពិតជាមានអារម្មណ៍តក់ស្លុតខ្លាំងក្រោយពេលជួបហេតុការណ៍ដែលត្រូវបានភាគីជនបង្ក(ឆេង រស្មី) ប្រើសកម្មភាពនៃការជះស្រានិងគប់កំប៉ុងស្រាបៀមកលើខ្លួនកាលពីយប់ថ្ងៃនោះ។
មិនតែប៉ុណ្ណោះថែមទាំងមានការស្តីបន្ទោះពីសំណាក់ស្ត្រីដែលជាថៅកែហាងផងដែរ។ តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បាននិយាយទៀតថា អ្វីដែលនាងចង់បានភាពយុត្តិធម៌ភ្លាមៗក្រោយពេលមានហេតុការណ៍នោះកើតឡើង គឺត្រឹមតែការចេញមុខសូមទោសជាសាធារណៈនិងសម្រុះសម្រួលគ្នានៅនឹងកន្លែង។ ប៉ុន្តែបន្ទាប់ពីលោក ឆេង រស្មី បង្កហើយបែរជាត្រូវបានរំដោះខ្លួនចេញពីហាងខាងលើ ដូច្នេះហើយដើម្បីរក្សានូវកិត្តិយសនិងតម្លៃខ្លួនជាអ្នកសិល្បៈរួមទាំងក្នុងនាមជាស្ត្រីខ្មែរផងនោះ ទើបនាងសុខចិត្តធ្វើការLiveវីដេអូបង្ហាញសាធារណជនឲ្យមហាជនបានដឹងដោយបើកចំហ។
កញ្ញា ទេព បូព្រឹក្ស បានបញ្ជាក់ថា ក្រោយពេលដែលរឿងរ៉ាវនេះផ្ទុះឡើងរីកសាយភាយផ្អើលពេញមួយប្រទេសហើយ ទើបបានជាភាគីបង្កនិងម្ចាស់ហាងបានធ្វើការទំនាក់ទំនងដើម្បីធ្វើការដោះស្រាយនិងសម្រុះសម្រួលគ្នាខណៈដែលពាក្យបណ្តឹងត្រូវបានដាក់ចូលទៅខណ្ឌហើយនោះ។
កញ្ញា បានបន្តថា ដោយសារតែមានការចេញមុខទទួលស្គាល់លើទង្វើនិងកំហុសរបស់ខ្លួនពីសំណាក់ភាគីជនបង្កនិងម្ចាស់ហាងហើយនោះក្នុងនាមខ្មែររស់នៅក្រោមដំបូលតែមួយនោះទើបនាងសម្រេចជាមួយមេធាវីនិងប្រធានសមាគមសិល្បករខ្មែរក្នុងការទទួលយកការចចារនឹងសម្រុះសម្រួលគ្នាតាមរយៈផ្លូវច្បាប់។
កញ្ញាទេព បូព្រឹក្សបានបន្ថែមថា ខ្ញុំយប់ព្រមបញ្ចប់រឿងដោយទទួលបានលក្ខណៈចំនួន៣ចំណុចខាងលើដែលភាគីបង្កយល់ព្រមព្រៀងទទួលធ្វើតាមការចង់បានដូចអ្វីដែលមេធាវីបានបញ្ជាក់រួចមកហើយនោះ។ ចំណែកឯថវិកាចំនួន១ម៉ឺនដុល្លារលើសំណងជំងឺចិត្តគឺដកចំណែក៣ពាន់ដុល្លារឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផានិងនៅសល់ប៉ុន្មានទៀតត្រូវបរិច្ចាគជួយ កុមារកំព្រា ចាស់ជរានិងសិល្បករ-សិល្បការិនីចាស់ជរាមានជំងឺនិងជួបការខ្វះខាតជាដើម។
លើសពីនេះតារាចម្រៀងហង្សមាសកញ្ញាទេព បូព្រឹក្ស ក៏បានលើកឡើងថា នាងពិតជាអរគុណរាល់ការគាំទ្រយ៉ាងផុសផុលពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារីព្រមទាំងសិល្បករ-សិល្បការិនីរួមអាជីពរហូតដល់សមាគមសិល្បករខ្មែរដែលបានជួយខ្នះខ្នែងរកយុត្តិធម៌ផ្តល់ជូនខ្លួនដោយមិនបានបិទភ្នែកមើល។
ដោយឡែកសម្រាប់ការបញ្ជាក់របស់ជនបង្កលោក ឆេង រស្មីបាននិយាយថា នាយប់ថ្ងៃកើតហេតុលោកពុំបានដឹងខ្លួនទេថា បានបង្កឲ្យមានរឿងរ៉ាវបែបនេះកើតឡើងនោះទេ ដោយសារតែអំឡុងពេលនោះខ្លួនបានផឹកស្រាស្រវឹងជោកជាំទៅហើយ។ ចំណែកឯការស្អប់ឬខឹងគំក្នុងចិត្តលើកញ្ញា ទេព បូព្រឹក្ស ពីពេលណាមួយមកនោះក៏ពុំធ្លាប់មានដែរដូច្នេះលោកពិតជាសោកស្តាយនិងកំហុសរបស់ខ្លួនហើយព្រមទទួលស្គាល់លើទង្វើគ្មានការពិចារណា ហើយក៏សូមទោសដល់ជនរងគ្រោះព្រមទាំងមហាជនផងដែរ។
ទាំងអ្នកគ្រប់គ្រងហាងសមុទ្រលោកជុំ ម៉ារី និងជនបង្ករូបនេះបានអះអាងនៅមុខអ្នកសារព័ត៌មានថា រវាងអ្នកទាំងពីរពុំមានអ្វីជាប់ពាក់ព័ន្ធ ឬ ស្គាល់គ្នាពីមុននោះទេ គឺត្រឹមតែភ្ញៀវនិង ម្ចាស់ហាងប៉ុណ្ណោះ។ រីឯអ្វីដែលត្រូវបានមហាជនលើកឡើងថា ជាផែនការធ្វើឡើងដើម្បីបំបាក់មុខនិងបំផ្លាញកិត្តិយសរបស់កញ្ញា ទេព បូព្រឹក្ស ព្រោះរឿងខឹងមកច្រៀងយឺតពេលនោះក៏គ្មានដែរខណៈពួកគេនិយាយថា ជារឿងចៃដន្យ។ ក្នុងនោះលោក ឆេង រស្មី បានបន្ថែមថា លោកមិនមែនត្រូវជាកូនប្រុសថៅកែហាងនោះឡើយហើយបច្ចុប្បន្នក៏ជានិស្សិតកំពុងបន្តការសិក្សា។
សូមបញ្ជាក់ថា តារាចម្រៀងស្រីពូកែខាងក្បាច់រាំកញ្ញា ទេព បូព្រឹក្ស កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ បានរងនូវអំពើអយុត្តិធម៌មួយបន្ទាប់នាងត្រូវបានការប្រមាថមើលងាយកិត្តិយសលើខ្លួនជាស្ត្រីខ្មែរពីសំណាក់បុគ្គលខាងលើតាមរយៈការគប់កំប៉ុងនិងជះស្រាបៀអំឡុងពេលឡើងច្រៀងលើឆាកតន្ត្រីនៃកម្មវិធី Hite X'mas Edition Party ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋាន សមុទ្រ នឹងរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ (Hite) របស់ប្រទេសកូរ៉េនៅជិតមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments