Ad Code

ក្រុមចម្រុះ​៖ យន្តហោះ​អង្គការសហប្រជាជាតិ​នឹង​ជម្លៀស​ពួក​ឧទ្ទាម Huthi រងរបួស​នៅក្នុង​ប្រទេស​យេ​មែន



ក្រុមចម្រុះ​យោធា​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថា យន្តហោះ​មួយគ្រឿង​របស់​អង្គការសហប្រជាជាតិ​នឹង​ជម្លៀស​សកម្មជន​ក្រុម Huthi ដែល​រងរបួស​ចំនួន​៥០​នាក់​ចេញពី​រដ្ឋធានី Sanaa របស់​ប្រទេស​យេ​មែន​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​មុន​កិច្ចពិភាក្សា​សន្តិភាព​តាម​ការគ្រោងទុក​នៅក្នុង​ប្រទេស​ស៊ុយអែត​។​

អ្នកនាំពាក្យ​ក្រុមចម្រុះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន Saudi Press Agency ថា “​យន្តហោះ​យោធា​របស់​អង្គការសហប្រជាជាតិ​នឹង​ទៅដល់​ព្រលានយន្តហោះ​អន្តរជាតិ Sanaa នៅ​ថ្ងៃ​ចន្ទ​ដើម្បី​ជម្លៀស​អ្នក​ប្រយុទ្ធ​រងរបួស​ចំនួន​៥០​នាក់​ព្រមទាំង​គ្រូពេទ្យ​យេ​មែន​បីនាក់​និង​វេជ្ជបណ្ឌិត​របស់​អង្គការសហប្រជាជាតិ​ម្នាក់​ពី​ទីក្រុង Sanaa ទៅ​ទីក្រុង Muscat”​។​

ជោគវាសនា​របស់​ពួក​ឧទ្ទាម​ដែល​រងរបួស​បានក្លាយ​ជា​ឧបសគ្គ​រារាំង​ដល់​ការចាប់ផ្តើម​នៃ​កិច្ចចរចា​សន្តិភាព​ដែល​បាន​លុបចោល​កាលពី​ខែកញ្ញា​។​

អ្នកនាំពាក្យ​ដដែល​បាន​បន្ថែមថា ក្រុមចម្រុះ​បាន​យល់ព្រម​សម្រួល​ដល់​ការជម្លៀស​ផ្នែក​វេជ្ជសាស្ត្រ​តាម​សំណើ​របស់​បេសកជន​អង្គការសហប្រជាជាតិ​លោក Martin Griffiths សម្រាប់ “​ហេតុផល​មនុស្សធម៌​” និង “​វិធាន​ការកសាង​ទំនុកចិត្ត​”​។​

ពួក​ឧទ្ទាម Huthi កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ពួកគេ​នឹងចូលរួម​កិច្ចចរចា​សន្តិភាព​ដែល​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​ស៊ុយ​អ៊ែត​ក្នុង​សប្តាហ៍​នេះ​ប្រសិនបើ​មានការ​ធានាថា ពួកគេ​ពិតជា​អាច​ចាក​ចេញពីផ្ទះ​និង​ត្រឡប់​ទៅវិញ​បាន​មែន​។​

រដ្ឋាភិបាល​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​របស់​ប្រទេស​យេ​មែន​ដែល​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ​នោះបាន​និយាយ​រួចទៅហើយ​ថា ខ្លួន​នឹងចូលរួម​កិច្ចពិភាក្សា​ដែល​បាន​គ្រោងទុក​នៅក្នុង​ប្រទេស​ស៊ុយអែត​។​

នៅក្នុង​ខែកញ្ញា កិច្ចចរចា​ជុំ​មុន​ដែល​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ​បាន​បរាជ័យ​នៅពេល​ក្រុម Huthi មិន​ព្រម​ធ្វើដំណើរ​ទៅ​ទីក្រុង​ហ្សឺ​ណែវ​ដោយ​ចោទប្រកាន់​ស្ថាប័ន​ពិភពលោក​ថា​បាន​បរាជ័យ​ក្នុង​ការធានា​ការវិលត្រឡប់​នៃ​គណៈប្រតិភូ​របស់​ពួកគេ​ទៅកាន់​ទីក្រុង Sanaa ឬ​ធានា​ការជម្លៀស​ពួក​ឧទ្ទាម​ដែល​រងរបួស​ទៅកាន់​ប្រទេស​អូ​ម៉​ង់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu