Ad Code

ក្រុមចម្រុះ​ស៊ី​រី​តម្រង់​គោលដៅ​លើ​មេដឹកនាំ​ក្រុម IS ដែល​ជាប់ទាក់ទង​នឹង​ការសម្លាប់​ជនជាតិ​អាមេរិក



មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​បុគ្គលិក​ជំនួយ​អាមេរិក​លោក Peter Kassig និង​អ្នកទោស​លោកខាងលិច​ដ​ទៃទៀត​ត្រូវបាន​តម្រង់​គោលដៅ​នៅក្នុង​ការវាយប្រហារ​មួយ​កាលពី​ថ្ងៃអាទិត្យ​ដោយ​ក្រុមចម្រុះ​ប្រឆាំងនឹង​ពួក​ជី​ហាដ​និយម​ដឹកនាំ​ដោយ​អាមេរិក​ក្នុងប្រទេស​ស៊ី​រី។

លោក Kassig ដែលមាន​អាយុ​២៦​ឆ្នាំ​នៅពេល​គាត់​ស្លាប់​គឺ​ស្ថិត​ក្នុងចំណោម​អ្នកទោស​មួយក្រុម​ដែល​ត្រូវបាន​កាត់​ក្បាល​ដោយ​ក្រុម​ជី​ហាដ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៤​។ ការប្រហារជីវិត​ដ៏​ធំ​នោះ​ត្រូវបាន​បង្ហាញ​នៅក្នុង​វីដេអូ​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រុម​នេះ​។​

លោក Sean Ryan អ្នកនាំពាក្យ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​និយាយថា “​កងកម្លាំង​សម្ព័ន្ធភាព​បាន​បើក​ការវាយប្រហារ​ជាក់លាក់​ប្រឆាំងនឹង​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុម ISIS ឈ្មោះ Abu al-Umarayn និង​សមាជិក ISIS មួយចំនួនទៀត​ក្នុង​តំបន់ Badiyah Desert នៃ​ប្រទេស​ស៊ី​រី​”​។​

អ្នកនាំពាក្យ​បាន​បន្ថែមថា “​លោក Al Umarayn បានផ្តល់​ការចង្អុលបង្ហាញ​ពី​ការគំរាមកំហែង​ដល់​កងកម្លាំង​ចម្រុះ​ហើយ​គាត់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សម្លាប់​ប្រជាពលរដ្ឋ​អាមេរិក​និង​អតីត​ទាហាន​អាមេរិក​ឈ្មោះ Peter Kassig ដែល​ត្រូវបាន​ចាប់ពង្រត់​ក្នុងប្រទេស​ស៊ី​រី​នៅ​ឆ្នាំ​២០១៣”​។​

លោក Ryan បន្តថា គាត់​ក៏​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សម្លាប់​អ្នកទោស​ជាច្រើន​នាក់​ទៀតផង​ដែរ​។​
​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Sana បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​កាលពី​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​ក្រុមចម្រុះ​ថា​បាន​បាញ់​មី​ស៊ី​ល​ប្រឆាំងនឹង​ទីតាំង​កងទ័ព​ស៊ី​រី​។​

Sana បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​យោធា​ថា “​នៅវេលា​ម៉ោង​៨​យប់ កងកម្លាំង​ចម្រុះ​អាមេរិក​បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ប្រឆាំង​ទីតាំង​កងទ័ព​មួយចំនួន​របស់​យើង​នៅ​ជួរ​ភ្នំ Ghorab ភាគខាងត្បូង​តំបន់ Sukhna ប៉ុន្តែ​បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​តែ​ឧបករណ៍​ប៉ុណ្ណោះ​”​។​

គួរ​បញ្ជាក់ថា លោក Peter Kassig បាន​បង្កើត​អង្គការ​មនុស្សធម៌​មួយ​ក្នុង​ឆ្នាំ​២០១២​ដែល​បាន​បណ្តុះបណ្តាល​ជន​ស៊ីវិល​ប្រមាណ​១៥០​នាក់​ដើម្បី​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ប្រជាជន​នៅក្នុង​ប្រទេស​ស៊ី​រី​។ ក្រុម​របស់គាត់​ក៏បានផ្តល់​ស្បៀងអាហារ គ្រឿង​សម្រាប់​ចម្អិន​ម្ហូបអាហារ សម្លៀកបំពាក់​និង​ថ្នាំពេទ្យ​ដល់​ជនក្រីក្រ​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu