Ad Code

អង្គការ AHF ប្រារព្ធ​យុទ្ធនាការ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ក្រោម​ប្រធានបទ​ «​រក្សា​សន្យា​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​»



ភ្នំពេញ ​​៖​ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF) បាន​រៀបចំ​យុទ្ធនាការ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ក្រោម​ប្រធានបទ «​រក្សា​សន្យា​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ​និង​ជំងឺ​អេដស៍​»​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​លោក អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​និង​មាន​អ្នកចូលរួម​យ៉ាង​ច្រើន​កុះករ។



ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក៏​ដើម្បី​អបអរសាទរ​សមិទ្ធផល​ជា​សកល​របស់​​ខ្លួន ​ដែល​បាន​ថែទាំ​គាំទ្រ​ដល់​អ្នក​រស់​ជាមួយ​មេរោគ​អេដស៍ ១​លាន​នាក់​ ដែល​សម្រេច​បាន​នៅ​ខែ​តុលា​នេះ​ ដែល​សមិទ្ធផល​នេះ​ជា​ផ្នែក​មួយ​នៃ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។

លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១ ​ខែ​ធ្នូ ឆ្នាំ​២០១៨ ថា បច្ចុប្បន្ន​មាន​មនុស្ស​ប្រមាណ​ជា ៦៧០០០​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ដោយមាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ យើង​ពិត​ជាមាន​មោទនភាព​ក្នុងការ​បង្ហាញ​ជា​សាធារណៈ​ថា ក្នុងចំណោម​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាង​ពាក់កណ្តាល​ទទួល​ការថែទាំ​គាំទ្រ​ដោយ​អង្គការ AHF កម្ពុជា​។​



ទន្ទឹមគ្នា​នោះ​ដែរ លោក​Michael Weinstein ប្រមុខ​ដឹកនាំ​អង្គការ AHF ទូទាំង​សកល​បាន​លើកឡើង​ថា មនុស្ស​ជិត ៣៧​លាន​នាក់ ដែល​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​ទូទាំង​ពិភពលោក គឺ​មាន​តែ​ជាង​ពាក់​កណ្តាល នៃ​អ្នកជំងឺ​ទាំងនោះ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ការ​ព្យាបាល នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពិភពលោក​នៅ​មិនទាន់​បោះជំហាន​ដើម្បី​សម្រេច​គោលដៅ​ព្យាបាល​ជាស​កល​នៅឡើយ​ទេ​។

លើសពីនេះ​ថវិកា​សម្រាប់​ការប្រយុទ្ធ នឹង​ជំងឺអេដស៍ បាន​ធ្លាក់ចុះ​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រសិនបើ​យើង​ពិតជា​ចង់​រក្សា និង​បន្ត​ជោគជ័យ​ទាំងអស់នេះ ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​ត្រូវតែ​រក្សា​សន្យា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដោយ​ដាក់​របៀបវារៈ​ជា​អាទិភាព​ក្នុង​សុខភាព​សាធារណៈ និង​ធ្វើ​ឲ្យ​ប្រាកដថា​ថវិកា​មូលនិធិ​សកល​ត្រូវបាន​បំពេញ​យ៉ាង​ពេញលេញ​។​


​លោក អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែងថា ត្រឹម​ឆ្នាំ​២០១៨​នេះ មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​ជិត​៦​ម៉ឺន​នាក់​កំពុង​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ដោយ​មិន​បង់ប្រាក់​។ ករណី​រើសអើង និង​មាក់ងាយ​ទៅលើ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍ បាន​ឈានទៅរក​ការលុបបំបាត់​ទាំងស្រុង​នាពេល​អនាគត​ដ៏​ខ្លី ព្រោះ​នៅក្នុង​ឆ្នាំ​២០១៨ នេះ​គ្មាន​ករណី​ណាមួយ​ស្តីពី​ការរើសអើង និង​មាក់ងាយ​ត្រូវបាន​រាយការណ៍​ទេ​នៅ​ទូទាំងប្រទេស​។ ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​អង្គការ UNAIDS វាយតម្លៃថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​តែ​៧​ប៉ុណ្ណោះ​ក្នុង​ពិភពលោក ដែល​បាន​សម្រេចបាន​គោលដៅ ៩០ ៩០ ៩០ មុន​កាលកំណត់ (​ឆ្នាំ​២០២០) នៅ​ទីក្រុង​ប៉ារីស កាលពី​ខែកក្កដា ឆ្នាំ​២០១៧​។​



លោក ទេស​រដ្ឋមន្ត្រី​ បញ្ជាក់​ទៀត​ថា វឌ្ឍនភាព ប្រសិទ្ធភាព និង​សមិទ្ធផល​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដែល​កម្ពុជា​ទទួល​បាន​នា​ពេលនេះ គឺជា​ភស្តុតាង​វិទ្យាសាស្ត្រ​មួយ​យ៉ាងពិត​ប្រាក​ដដែល​បញ្ជាក់​យ៉ាងច្បាស់​ថា ទស្សនវិស័យ​របស់​យើង​ក្នុង​ការកសាង​សង្គម​មួយ​ដែល​គ្មាន​ការគំរាមកំហែង​ពី​មេរោគ​អេដស៍​និង​ជំងឺអេដស៍ គឺ​ពិតជា​អាចធ្វើ​បាន​។​នេះ​មានន័យថា​កម្ពុជា​កំពុងតែ​ស្ថិតនៅ​លើ​ផ្លូវត្រូវ​ដែល​នឹង​ឈានទៅ​សម្រេច​បាន​នូវ​គោលដៅ ៩៥.៩៥.៩៥. ដែល​កំណត់​ដោយ​អង្គការសហប្រជាជាតិ​យ៉ាងពិត​ប្រាកដ​។

លោក​បាន​បញ្ជាក់ថា​ក្នុងនាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​អ្នករងគ្រោះ​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ​ទាំងអស់ សូម​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​ប្រកបដោយ​គតិបណ្ឌិត​យ៉ាង​ឧត្តុង្គឧត្តម​បំផុត និង​ការផ្តល់​ការ​គាំទ្រ​ដែល​មិនចេះ​រីងស្ងួត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក្នុង​ការ​ដាក់ចេញ​នូវ​គោលនយោបាយ ជា​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ការ​ផ្តល់នូវ​ការគាំទ្រ​ថវិកា​ផងដែរ​។ ជាពិសេស​ការ​បង្កើន​នូវ​ថវិកាជាតិ​ជា​រៀងរាល់ឆ្នាំ ដល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដើម្បី​មានលទ្ធភាព​ពង្រីក​សមត្ថភាព​ការងារ​របស់ខ្លួន​បានជា​ប្រចាំ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu