Ad Code

លោក កឹម សុខា ប្រកាស​មិន​ទទួលស្គាល់​សន្និសីទ​នៅ​អា​តា​ឡង់​តា របស់​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី ឡើយ



ភ្នំពេញ​ ៖ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នោះ បាន​ប្រកាស​ច្រានចោល​សន្និសីទ​មួយ ដែល​រៀបចំ​ដោយ​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១ និង​ទី​២ ខែធ្នូ ឆ្នាំ២០១៨ ដែល​សន្និសីទ​នោះ បានសម្រេច​ឲ្យ​លោក សម រង្ស៊ី ធ្វើជា​ប្រធានស្តីទី ដោយ​សំអាង​ថា ដើម្បី​ដឹកនាំ​ខ្មោច​គណបក្ស​នេះ​បណ្តោះអាសន្ន ខណៈដែល​លោក កឹម សុខា ជាប់ទោស​មិនអាច​ធ្វើ​អី​បាន​។

លោក កឹម សុខា ប្រកាស​បែបនេះ កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​សហ​មេធាវី និង​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី បាន​ធ្វើ​ការ​ជួបជុំគ្នា​ដ៏​ធំ​មួយ​ដែល​គេ​អះអាង​ថា មាន​តំណាង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​គ្រប់​តាម​បណ្តា​ប្រទេស​នានា កាលពី​ថ្ងៃទី​០១ ទី​០២ ខែធ្នូ នៅ​ក្រុង​អាត់​ត្ល​ង់​តា (Atlanta) រដ្ឋ​Georgia នៃ​សហរដ្ឋអាមេរិក ហើយ​កិច្ចប្រជុំ​នេះ បានសម្រេច​១០ ចំណុ​ច​។

សេចក្តី​ថ្លែង​ការណ៍​របស់​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​លើកឡើង​ថា កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំពោះមុខ​សហ​មេធាវី​ការពារ​ក្តី លោក កឹម សុខា នៅតែ​រក្សា​ជំហរ​ដដែល គឺ​មិន​ទទួល​ដឹងឮ និង​មិន​គាំទ្រ​នូវ​ការរៀបចំ និង​ការសម្រេច​ណាមួយ​នៃ​សន្និសីទ​ថ្ងៃទី ០១ ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីក្រុង​អា​អា​តា​ឡង់​តា សហរដ្ឋ​អាមេរិក របស់​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នោះ​ឡើយ ហើយ​ការបញ្ចេញ​ទស្សនៈ​របស់​លោក កឹម សុខា នេះ​មិន​ឋិត​នៅក្រោម​ការ​បង្ខិតបង្ខំ​របស់​បុគ្គល​ណាមួយ​ឡើយ​។

ជាមួយគ្នា​នោះ សហ​មេធាវី​លោក កឹម សុខា បាន​បញ្ជាក់​ថា ទោះបីជា​លោក កឹម សុខា ស្ថិតក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ក៏ដោយ លោក កឹម សុខា នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ការពារ ទាមទារ និង​បដិសេធ​នូវ​អ្វី​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន​។ លោក កឹម សុខា មាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​ខ្លួនឯង​ផ្ទាល់ ឬ​តាមរយៈ​មេធាវី​ស្របច្បាប់​តាម​បញ្ញត្តិ​ច្បាប់​។ សហ​មេធាវី​បានបញ្ជាក់​ទៀត​ថា ក្នុងនាម​ជា​មេធាវី ដែល​ទទួល​សិទ្ធិ​ការពារ​ក្តី គឺ​អនុវត្ត​ស្របតាម​ក្របខណ្ឌ​វិជ្ជាជីវៈ តាម​ឆន្ទៈ​កូនក្តី និង​មានការ​ទទួលខុសត្រូវ​។ ក្នុងករណី​សហ​មេធាវី​បំពេញបេសកកម្ម​ណាមួយ​ដោយ​បំពាន​ឆន្ទៈ​របស់លោក កឹម សុខា ដែលជា​កូនក្តី គាត់​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​បញ្ឈប់​បេសកម្ម​របស់​មេធាវី​បាន​គ្រប់ពេលវេលា ហើយ​បច្ចុប្បន្ន​សហ​មេធាវី​នៅតែ​ជា​សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ដដែល​។

ដោយឡែក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ត្រូវ​តុលាការ​កំពូល​ប្រកាស​រំលាយ​ទៅ​ហើយ​នោះ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ផង​ដែរ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​បាន​អះអាង​ថា ការសម្រេច​ណាមួយ​របស់​សន្និសីទ​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សហរដ្ឋ​អា​មេ​រិក ដោយ​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី ហើយ​រុញ​លោក សម រង្ស៊ី ឲ្យ​ធ្វើជា​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ផ្ទុយ​ទាំងស្រុង​ពី​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ​និង​មិនអាច​ទទួលយក​បានជា​ដាច់ខាត​។ អតីត​គណបក្ស​បញ្ជាក់​ថា អ្នក​ដែល​អាច​ក្លាយទៅជា​ប្រធានស្ដី​ទី​បាន​មានចែង​នៅក្នុង​ប្រការ​៤៥​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ខ្លឹមសារ​ថា “​នៅពេល​អវត្តមាន​ប្រធាន អនុប្រធាន​ត្រូវ​បាន​ទទួលស្គាល់​ជា​ប្រធានស្ដីទី និង​បើ​អវត្តមាន​អនុប្រធាន ការ​ទទួលស្គាល់​សិទ្ធិ​នេះ ត្រូវធ្វើ​ទៅតាម​ឋានានុក្រម​បន្តបន្ទាប់ ដែល​មាន​ចែង​នៅក្នុង​ប្រការ​នេះ​”​។ ដូច្នេះ​មិន​មាន​អ្នកណា ក្រៅពី​ថ្នាក់ដឹកនាំ​ក្នុង​ឋានានុក្រម​បន្តបន្ទាប់​នេះ មក​ធ្វើជា​ប្រធាន​ស្ដី​ទី​បានទេ។ មានតែ​អង្គសមាជ ឬ​អង្គសន្និបាត​គណបក្ស​ដែល​មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ របស់​គណបក្ស​ចូលរួម​ទេ ទើប​អាច​ស្នើ​អ្នក​ផ្សេង​បញ្ចូល​មក​ក្នុង​ឋានានុក្រម​ថ្នាក់ដឹកនាំ​បាន​។

តាម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការសម្រេច​របស់​សន្និសីទ​នេះ មិនអាច​ចាប់បង្ខំ ឬ​តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ត្រូវតែ​ធ្វើតាម​នោះ​ទេ ព្រោះ​អ្នកចូលរួម​ធ្វើ​សេចក្តី​សម្រេច​នេះ មិន​មាន​នីតិសម្បទា ដែល​មាន​សិទ្ធិ​ជា​អ្នកស្នើ ឬ​អ្នក​សម្រេច​ជ្រើសរើស ឬ​ជ្រើសតាំង​ប្រធាន​ស្ដីទី​គណបក្ស​ឡើយ ដូច្នេះ​សេចក្តី​សម្រេច​នេះ​គ្រាន់តែ​ជា​មតិយោបល់​របស់​មនុស្ស​មួយ​ក្រុម​តែប៉ុណ្ណោះ​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ការប៉ុនប៉ង​ចង់​ធ្វើ​ឲ្យ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ គឺ​មិនអាច​ទៅរួច​ទេ ហើយ​ការ​ប្រោស​ព្រំ​យក​ទណ្ឌិត​សម រង្សី មក​ដឹកនាំ​វិញ​នោះ ក៏​អត់​បានការ​អី​ដែរ។

លោក សុខ ឥសាន បញ្ជាក់​យ៉ាងនេះ​ថា “​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ មក​ម្ល៉េះ ដោយសារ​ទង្វើ​ល្មើសច្បាប់​ធ្ងន់ធ្ងរ​។

ម្យ៉ាងទៀត​ទណ្ឌិត​សម រង្សី ដែល​ជា​អតីត​មេបក្ស​ប្រឆាំង​នេះ ក៏បាន​លាលែង​ពី​សមាជិក​បក្ស​និង​ពី​ប្រធាន​បក្ស​ជា​យូរ​រួចហើយ​ដែរ។ ដូច្នេះ​ឧបាយកល​ប៉ុនប៉ង​ចង់​ធ្វើ​ឲ្យ​ខ្មោច​អតីត​បក្ស​ប្រឆាំង​នេះ​រស់​ឡើងវិញ គឺ​មិនអាច​ទៅរួច​ទាល់តែសោះ ហើយ​ឧបាយកល​ចង់​ប្រោះព្រំ​យក​ទណ្ឌិត​សម រង្សី​មក​ដឹកនាំ​អតីត​​បក្ស​នេះ​ក៏​អត់​បានការ​ដែរ។ ហេតុនេះ ទោះ​ប្រើ​មធ្យោបាយ​ណា និង​ឧបាយកល​ណា ក៏​មិនអាច​ប្រោស​ព្រំ ធ្វើ​ឲ្យ​អតីត​បក្ស​ប្រឆាំង​នេះ​អាច​រស់​ឡើងវិញ​បាន​ឡើយ ហើយ​ចង់​យក​មនុស្ស​មិនមែន​នៅក្នុង​បក្ស​មក​ដឹកនាំ​បក្ស ក៏​កាន់តែ​មិនអាច​ទៅរួច​ជាដាច់ខាត​ដែរ​”៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu