នៅព្រឹកថ្ងៃច័ន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ដើមសប្ដាហ៍នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមជាមួយលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន RSX Investment Co,LTD បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីប្រគល់ជូននូវថវិកាសរុបចំនួន ២សែនដុល្លារអាមេរិកជូនដល់ស្ថាប័នមនុស្សធម៌ដែលកំពុងបំពេញបេសកកម្មក្នុងការព្យាបាល និងសង្គ្រោះអាយុជីវិតកុមារកម្ពុជានេះ។
យោងតាមវិបសាយរបស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា ថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏ដូចជាលោកឧកញ៉ា ឬទ្ធី សំណាង ផ្ទាល់ដែលតែងតែបានចូលរួមយ៉ាងផុសផុលក្នុងការកៀងគរថវិកាពីបណ្តាដៃគូពាណិជ្ជកម្ម ឬតាមរយៈសកម្មភាពកីឡាបាល់ទាត់ដើម្បីគាំទ្រជាជំនួយហិរញ្ញវត្ថុដល់មន្ទីរពេទ្យដែលកំពុងជួបប្រទះការខ្វះខាតនោះ។
លោកឧកញ៉ា ឬទ្ធី សំណាង បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបរិច្ចាគថវិកានេះថា « ដោយទទួលបានការណែនាំពីលោកសៅ សុខា យើងបាននាំថវិកាចំនួន ២០ម៉ឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយមានការចូលរួមពីក្រុមហ៊ុនមកវិនិយោគចិន នៅស្រុកខ្មែរ ដើម្បីរួមចំណែកជួយដល់សង្គម និងកុមារកម្ពុជា។ ពេទ្យគន្ធបុប្ផាកំពុងខ្វះខាតក្នុងការចំណាយ ដើម្បីព្យាបាលដល់កុមារនាពេលបច្ចុប្បន្ន ចឹងយើងសង្ឃឹមថា យើងនឹងខិតខំធ្វើអំពើមនុស្សធម៌នេះ ក្នុងសកម្មភាពបាល់ទាត់ផង នៅឆ្នាំក្រោយ យើងនឹងបន្ដស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាបន្ថែមទៀត»។
សូមបញ្ជាក់ថា នេះជាលើកទី៤ ហើយដែលលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន បាននាំយកថវិកាឧបត្ថម្ភដល់មន្ទីពេទ្យកុមារគន្ធបុប្ផា ខណៈដែលលោកឧកញ៉ាបានប្តេជ្ញាថា នឹងបន្តសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលលោកតែងតែលើកទឹកចិត្ត ព្រមទាំងបំផុសសកម្មភាពនានាដើម្បីផ្សារភ្ជាប់រវាងវិស័យកីឡាបាល់ទាត់ និងសុខុមាលភាពសង្គម ក្នុងគោលដៅប្រើប្រាស់បាល់ទាត់ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments