ភ្នំពេញ ៖ រថយន្តសម្រាប់ដឹកម៉ូតូមួយគ្រឿង ទើបបើកចេញពីផ្ទះសំណាក់ ដោយខ្វះការប្រុងប្រយ័ត្នបានបើកចូលគន្លងផ្លូវដែក ត្រូវបានរថភ្លើងបើកមកដល់កៀររុញបោកផ្ទប់នឹងរថយន្តកាមរីមួយគ្រឿងទៀត និងបុកកិនម៉ូតូ និងម៉ូតូកង់បី បណ្ដាលឲ្យមនុស្សស្រី៣នាក់រងរបួសស្រាល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវចូលវត្តតាំងកសាង កែងផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកCANTER ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0380 ជារថយន្តសម្រាប់ដឹកម៉ូតូ របស់ក្រុមហ៊ុន អ្នកបើកបរបានគេចខ្លួនបាត់។ ចំណែករថយន្តរងគ្រោះមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-6344 រងនូវការខូចខាតខ្ទេចមួយចំហៀងខ្លួន។
ជាមួយគ្នានោះ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ស្លាកលេខបានដាច់បាត់ អ្នកបើកបរ និងអ្នករួមដំណើរ ស្ត្រី៣នាក់ រងរបួសស្រាល។ ចំណែកម៉ូតូកង់បី មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1N-3453 រងខូចខាត កំពិត ផ្នែកខាងក្រោយបន្តិចបន្តួច តែមិនព្រមឈប់នៅដោះស្រាយទេ ដោយបានបន្ដដំណើរទៅបាត់។ ក្រៅពីរងខូចខាតយានជំនិះ សម្ភារៈស្លាកប៉ាណូ និងទុយយោទឹកដាច់បាក់បែកអស់មួយចំនួន។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តសម្រាប់ដឹកម៉ូតូ បានបើកចេញពីផ្ទះសំណាក់ពោធិចិនតុងក្បែរនោះ ទិសដៅពីជើងទៅត្បូង សំដៅឡើងផ្លូវសហព័ន្ធរុស្ស៊ី ក៏ប៉ុន្តែការបើកបររបស់គាត់ ខ្វះការប្រុងប្រយ័ត្ន បានបើកលើគន្លងផ្លូវ ហាមឃាត់របស់ផ្លូវដែក ស្របពេលនោះ ស្រាប់តែរថភ្លើង ខ្សែដឹកអ្នកដំណើរ បើកពីជើងទៅត្បូង សំដៅចូលព្រលានយន្តហោះ មកដល់ ក៏កៀរពីក្រោយរថយន្តដឹកម៉ូតូ រុញអូសទៅផ្ទប់នឹងរថយន្ត កាមរីបាឡែន កំពុងបើកចិញ្ចើមផ្លូវ ស្របទិសគ្នា រុញផ្ទប់បោកបង្គោលស្លាកប៉ាណូ បុកដាច់ទាំងទុយយោទឹក ហើយរថយន្តបុកម៉ូតូសេ១២៥កល់ជាប់ពីក្រោមមួយគ្រឿង និងប៉ះម៉ូតូកង់បីមួយគ្រឿងទៀតផង។
ក្នុងហេតុការណ៍ខាងលើ បណ្ដាលឲ្យស្ត្រី៣នាក់ជាភាគីខាងម៉ូតូសេ១២៥ រងរបួសស្រាល រថភ្លើងនិងរថយន្តកៀបជាប់គ្នា ច្រងាងពេញផ្លូវ។
ក្រោយកើតហេតុ ភ្លាមៗ អ្នកបើកបររថយន្តដឹកម៉ូតូ ចុះរត់គេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ចបុគ្គលិក ក្រុមហ៊ុន អាយស្ម័យាន នាំគ្នាសម្រួលចរាចរណ៍ និងរុញទាញយករថយន្តអែបមកកៀនខាង ទើបរថភ្លើងបើកចូលក្នុងព្រលាន រីឯម៉ូតូកង់បី ខូចខាតតិចតួច មិនបាននៅរង់ចាំដោះស្រាយអីទេ ម្ចាស់សុខចិត្តបើកយកទៅជួសជុលដោយខ្លួនឯង។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ជនរងគ្រោះ៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ចំណែករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ។ ហើយរថភ្លើង បើកដំណើរការងារជាធម្មតាវិញ គ្មានខ្វល់អ្វីឡើយ៕
Source: Kampuchea Thmey Daily
0 Comments