ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២ ខែធ្នូនេះ លោកបាននាំយកអំណោយផ្តល់ដល់បងប្អូនប្រជាការពារសាលាខណ្ឌចំនួន៥០នាក់ ដោយម្នាក់ៗ ទទួលបានអង្ករចំនួន៣០គីឡូក្រាម និងថវិកា៤០.០០០រៀល។
យោងតាមប្រភពពី លោក ហ៊ួត ហ៊ុយ នាយករដ្ឋបាលសាលាខណ្ឌបានមានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី២ធ្នូនេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បាននាំយកអំណោយផ្ដល់ដល់បងប្អូនប្រជាការពារសាលាខណ្ឌចំនួន៥០នាក់។
លោកនាយករដ្ឋបាលបានបន្តថា សកម្មភាពផ្ដល់អំណោយនេះ គឺលោកអភិបាលខណ្ឌ លោកតែងធ្វើឡើងជាប្រចាំមិនតិចជាង៤ដងនោះឡើយ ក្នុងរយៈពេល១ខែ។
ក្នុងពិធីផ្ដល់អំណោយ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា លោកមានការអាណិតអាសូរដល់បងប្អូនប្រជាការពារសាលាខណ្ឌ ដែលបងប្អូនខិតខំបម្រើការងារ មិនថាយប់ ថ្ងៃ ឲ្យតែមានស្ថានការណ៍កើតឡើងក្នុងមូលដ្ឋាន។
កិច្ចការជាប្រចាំរបស់បងប្អូន គឺព្រឹកឡើងកាន់អំបោសបោសសំអាតផ្លូវ និងជួយរៀបចំសម្រួលចរាចរណ៍ជាមួយសមត្ថកិច្ចនៅពេលជួបការកកស្ទះចរាចរណ៍។
ក្រៅពីការធ្វើអនាម័យបងប្អូនប្រជាការពារបានចូលរួមសហការត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្នុងនាមជាកម្លាំងគណៈបញ្ជាការឯកភាពថ្នាក់ខណ្ឌ ហើយនឹងមានកិច្ចការជាច្រើនជំពូកដែលបងប្អូនប្រជាការពារបានចូលរួម។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានធ្វើការផ្ដាំផ្ញើដល់កម្លាំងប្រជាការពារយើងទាំងអស់ពេលចុះបំពេញការងារ សូមនិយាយទៅកាន់ប្រជាពលរដ្ឋឲ្យមានសុភាពរាបសារ និងពន្យល់ ដល់ប្រជាពលរដ្ឋខណៈពេលដែលគាត់មានកំហុសមិនត្រូវប្រើហិង្សា ឬជេរប្រមាថ សូម្បីតែបន្តិចនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments