សៀមរាប ៖ ជាការរួមចំណែកជាមួយវិស័យអប់រំ ក្នុងការបណ្ដុះបណ្ដាលកុមារឲ្យស្គាល់ពីប្រាង្គប្រាសាទ ប្រវត្តិភូមិសាស្ត្រ និងវប្បធម៌ប្រពៃណីក្នុងតំបន់ នាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានបណ្ដុះបណ្ដាលដល់សិស្សានុសិស្សអំពីបេតិកភណ្ឌក្នុងតំបន់អង្គរនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន២០០នាក់ ឲ្យស្គាល់ ចូលរួម ថែរក្សា ការពារបុរាណដ្ឋាន ទំនៀមទម្លាប់ ជំនឿសាសនា និងបរិស្ថានក្នុងតំបន់ដែលពួកគេរស់នៅ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
មេរៀនសំខាន់ៗនៅក្នុងកម្មវិធីនិយាយអំពីប្រវត្តិ និងភូមិសាស្ត្រ នៃភូមិស្វាយចេក តួនាទីកុមារក្នុងការរួមចំណែកថែរក្សាបុរាណដ្ឋានក្នុងភូមិ និងការអប់រំបរិស្ថាន ដែលបង្រៀនដោយអ្នកជំនាញបុរាណវិទ្យា និងអ្នកជំនាញបរិស្ថាន មានលក្ខណៈសាមញ្ញ ខ្លីៗ ងាយយល់ និងងាយអនុវត្តតាមសមស្របតាមកម្រិតថ្នាក់ រួមទាំងការយល់ដឹងរបស់កុមារ។
លើសពីនេះ ក្រុមការងារ ក៏បានយកសៀវភៅ ពាក់ព័ន្ធនឹងចំណេះដឹងទូទៅ ទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រ បំណិនថ្មីៗ រក្សាទុកក្នុងបណ្ណាល័យរបស់សាលា សម្រាប់សិស្សអានបង្កើនចំណេះដឹងនិងកម្សាន្តផងដែរ។
ថ្លែងក្នុងកម្មវិធី លោកស្រី ញ៉េប សាយឿន នាយិកាសាលាបឋមសិក្សាស្វាយចេកបានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានបង្កើតកម្មវិធីដ៏មានសារៈសំខាន់នេះឡើង បើទោះបីមានរយៈពេលខ្លី តែបានបន្ថែមចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងជំនឿអ្នកស្រុកដល់កុមារនៅទីនេះបានស្គាល់ ហើយអាចសង្កេតបានពេលគេទៅចូលរួមក្នុងកម្មវិធីទាំងនោះ។
លោកស្រីបន្តថា ការអប់រំបេតិកភណ្ឌដល់កុមារ ជំរុញការយល់ដឹង ការស្រឡាញ់មរតកវប្បធម៌ក្នុងភូមិ ដែលកត្តានេះទាមទារការជួយពីសហគមន៍ និងអ្នកជំនាញបុរាណវិទ្យាបន្ថែមលើម៉ោងសិក្សា ព្រោះកម្មវិធីអប់រំអនុវត្តតាមក្រសួងកំណត់ មិនសូវមានពេលវេលាច្រើន ចំណែកសមត្ថភាពរបស់លោកគ្រូអ្នកគ្រូក៏នៅមានកម្រិត មិនសូវយល់ច្បាស់ដូចអ្នកជំនាញដែលមានការសិក្សាស្រាវជ្រាវច្បាស់លាស់នោះទេ។
ពិសេស ការនៅបន្តទំនៀមរបស់អ្នកស្រុកក្នុងសហគមន៍ ការណែនាំពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ការគាំទ្រពីគ្រួសារ ក៏ជាកត្តាសំខាន់ក្នុងការឲ្យកុមារចងចាំ ស្គាល់ បានឃើញ និងបណ្ដុះគំនិតពួកគេឲ្យថែរក្សា និងស្រឡាញ់មរតកវប្បធម៌ទាំងនោះដោយឯកឯងដែរ៕
Source: Kampuchea Thmey Daily
0 Comments