តេក្វាន់ដូ ៖ សហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)កម្ពុជា បានប្រកាសឲ្យដឹងថា ការប្រកួតជើងឯកជាតិសម្រាប់ឆ្នាំ២០១៨ នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ដល់១៦ធ្នូ នៅក្នុងវិមាន នៃពហុកីឡដ្ឋានជាតិ។
លោក កៅ មករា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមាន១៦ក្លិប និងក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF ចំនួន១៣៦នាក់ ក្នុងកីឡាករ១០៥នាក់ និងកីឡាការិនី៣១នាក់។
វិញ្ញាសាដែលនឹងដាក់ឲ្យប្រកួតមានវិញ្ញាសាសម្ដែងធំៗចំនួន៤ គឺ វិញ្ញាសាមេគុណ មាន៤ប្រភេទឯកត្តជនបុរស និងឯកត្តជននារីខ្សែក្រវាត់ក្រោមខ្មៅ ឯកត្តជនបុរស និងឯកត្តជននារីខ្សែក្រវាត់ខ្មៅមួយជាន់។ វិញ្ញាសាបច្ចេកទេសពិសេសមាន២ប្រភេទ ឯកត្តជនបុរស និងឯកត្តជននារី ចំណែកវិញ្ញាសាបច្ចេកទេសការពារខ្លួនជាក្រុមមាន២ក្រុម ៖ ជាក្រុម៣នាក់ (នារីម្នាក់ទល់បុរស២នាក់) ជាក្រុម១នាក់ (បុរសម្នាក់ទល់នារី៣នាក់)។
ចំពោះវិញ្ញាសាប្រយុទ្ធមាន១៣ប្រភេទទម្ងន់ នារីមាន៤ប្រភេទទម្ងន់រួមមាន ក្រោម៤៥គីឡូក្រាមក្រោម៥០គីឡូក្រាម ក្រោម៥៥គីឡូក្រាម និងក្រោម៦០គីឡូក្រាម។ ដោយឡែកបុរសមាន៨ប្រភេទទម្ងន់រួមមាន ក្រោម៥០គីឡូក្រាម ក្រោម៥៥គីឡូក្រាម ក្រោម៦០គីឡូក្រាម ក្រោម៦៥គីឡូក្រាម ក្រោម៧០គីឡូក្រាម ក្រោម៧៥គីឡូក្រាម ក្រោម៨០គីឡូក្រាម និង៨០គីឡូក្រាមឡើង។ វិញ្ញាសាជាក្រុមបុរស មួយប្រភេទមាន៥នាក់៕
Source: Kampuchea Thmey Daily
0 Comments