ក្លិប​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដែល​បញ្ចប់​រដូវ​កាល​ចាស់​ឈរ​បាត​តារាង​ក្នុងចំណោម​ក្លិប​ទាំង​១២ បានប្រកាស​ចាកចេញ​ពី​ពានរង្វាន់​មួយ​នេះ​នៅ​ឆ្នាំ​២០១៩ ខាងមុខ​ក៏​ព្រោះតែ​ក្លិប​ខ្វះខាត​ដៃគូ​សហការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ថវិកា​ឲ្យ​បាន​ល្អប្រសើ​រ​។



លោក តែ ឡូ​រិ​ន ប្រធាន​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញ និង​ជា​ថ្នាក់ដឹកនាំ​សកលវិទ្យា​ល័យ​វេ​ស្ទើ​ន បាន​ពន្យល់​ពី​មូលហេតុ​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក​នៃ​ការ​ដកខ្លួន​ចេញពី​លី​គ​កំពូល​កម្ពុជា​ថា «​សម្រាប់​បាល់ទាត់​យើង​ដែល​មាន​ទីតាំងនៅ​ជិត​នេះ មែនទែន​ទៅ​ខ្ញុំ​ចំណាយ​លុយ​ច្រើនពេក ហើយ​ថវិកា​អត់​មាន​ខាង​ណា​ជួយ ខ្ញុំ​ទៅ​អត់​រួច អញ្ចឹង​២០១៩​នេះ​ខ្ញុំ​សុំ​គេ​ផ្អាក​បន្តិច​សិន ចាំ​មើល​បន្តិចទៀត ក្រែង​មាន​ពី​ណា​ពី​ណី​មក​គេ​ជួយ តែ​ឥឡូវ​សុំ​ផ្អាក​បន្តិច​សិន ពីព្រោះ​អត់​មាន​ថវិកា​ទប់ទល់​បាន អញ្ចឹង​នេះ​ជា​ដំណឹង​មួយ​ជម្រាប​ជូន​សាធារណជន​ផងដែរ​»​។



ថ្នាក់ដឹកនាំ​ក្លិប​រូប​នេះ ​ពិតជា​សោកស្តាយ​ដែល​ក្លិប​របស់​ខ្លួន​មាន​វត្តមាន​ច្រើន​ឆ្នាំ​ក្នុង​ក្នុង​ពិភព​បាល់ទាត់​កម្ពុជា តែ​បែរ​ជា​ត្រូវ​ផ្អាក​មួយ​រយៈ​ទៅវិញ​។ យ៉ាងណា​ក្តី​លោក​ដែល​ជា​ក្បាលម៉ាស៊ីន នៅតែ​ចង់​បង្កើត​ក្រុម​ឡើងវិញ​ក្រោយ​ផ្អាក​មួយ​រយៈ​នេះ​។ លោក​តែ ឡូ​រិ​ន បន្ថែម​ថា «​អាច​វិល​មកវិញ បើសិនជា​ក្រុមហ៊ុន​ណា​ឧបត្ថម្ភ​យើង អាច​វិល​មកវិញ ប៉ុន្តែ​ឥឡូវ​សុំ​សម្រាក មិនមែន​ឈប់​ទេ ប៉ុន្តែ​សុំ​ផ្អាក​បន្តិច​សិន ដោយសារ​ថវិកា​»​។

​ក្លិប​បាល់ទាត់​វេ​ស្ទើ​ន កាលពី​រដូវ​កាល​មុន​ដឹកនាំ​ដោយ​លោក Fisol Lasak ជនជាតិ​ម៉ាឡេស៊ី ខណៈ​បញ្ចប់​រដូវ​កាល​ឈរ​លេខ​១២ ក្រោយ​ប្រកួត​មិន​ធ្លាប់​ឈ្នះ​សោះ ហើយ​ស្មើគ្នា​១​លើក និង​ចាញ់​២១ លើក​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បាន​ចាញ់​ក្រុម​បឹងកេត នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ ដោយ​ថ្វី​ជើង​ក្រុម​បឹងកេត ៦​ទល់​១៕



Source: Kampuchea Thmey Daily