ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពី៥ខែ ដើមឆ្នាំ២០១៩ ធាតុអាកាសចុះត្រជាក់ និងក្ដៅខ្លាំងជាងឆ្នាំ២០១៨ គឺចាប់ពី មករា ធាតុអាកាសចុះត្រជាក់ តែចាប់ ខែកុម្ភៈ-ឧសភា ធាតុអាកាស នឹងក្តៅខ្លាំង។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងខែមករា ធាតុអាកាស នឹងចុះត្រជាក់ ជាពិសេសបណ្ដាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ។ សម្រាប់តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ពី ១៧-១៩ អង្សាសេ និងសីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ពី ២៥-២៧ អង្សាសេ។ បណ្ដារាជធានីខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ពី ២០-២២ អង្សាសេ និងអតិបរមា ស្ថិតក្នុងរង្វង់ពី ២៦-២៨ អង្សាសេ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្ដីជូនដំណឹងបង្ហាញថា ចាប់ពីខែកុម្ភៈ ដល់ដើមខែឧសភា ធាតុអាកាស នឹងកើនក្តៅជាលំដាប់ ( ក្តៅខ្លាំងជាងឆ្នាំ២០១៨ ) ជាពិសេសបណ្ដាខេត្តនៅតំបន់វាលទំនាប។ ក្នុងខែមេសា ដល់ដើមខែឧសភា សីតុណ្ហភាពអប្បបរមាមធ្យម ស្ថិតក្នុងរង្វង់ពី ៣៦-៣៨ អង្សាសេ និងអតិបរមាមធ្យម ស្ថិតក្នុងរង្វង់ពី ៣៩-៤១ អង្សាសេ។
សេចក្ដីជូនដំណឹងបន្តថា ភ្លៀងកក់ខែ ចាប់ពីចុងខែមីនា ដល់ដើមខែឧសភា ភ្លៀងកក់ខែមានតិចជាងមធ្យមភាគ ច្រើនឆ្នាំ និងតិចជាងឆ្នាំ២០១៨។ ចំពោះបាតុភូតធម្មជាតិ ក្នុងអំឡុងពេលមានភ្លៀងកក់ខែ អាចនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន និងច្រើនជាងឆ្នាំ២០១៨។
ដោយឡែក រដូវវស្សា ឆ្នាំ២០១៩ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា អាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែឧសភា ( យឺតជាងឆ្នាំ២០១៨ ) ចាប់ពីពាក់កណ្ដាលខែឧសភា ដល់ខែកក្កដា បរិមាណភ្លៀងមានកម្រិតពីមធ្យម ទៅបង្គួរ តែអាចនឹងមិនសូវរាយប៉ាយបានល្អដូចឆ្នាំ២០១៨ ទេ។
សម្រាប់ កូនរដូវប្រាំង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា អាចនឹងកើតមាននៅក្នុងសប្ដាហ៍ទី៣ និងសប្ដាហ៍ទី៤ នៃខែមិថុនា។
ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសអំពាវនាវ ដោយស្ថានភាពអាកាសធាតុនៅរដូវប្រាំង និងនៅដើមរដូវវស្សា ឆ្នាំ២០១៩ មិនសូវមានអំណោយផលល្អ ដូចនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សាធារណជន ពិសេសបងប្អូនប្រជាកសិករ ចូលរួមថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ទឹកឲ្យបានចំគោលដៅ ប្រកបដោយស្មារតីសន្សំសំចៃ និងសូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានច្រើន ពិសេសនៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments