Ad Code

​ប្រទេស​អ៊ីស្រាអែល ​នឹង​រៀបចំ​ការបោះឆ្នោត​មុនពេល​កំណត់​នៅ​ខែមេសា



រដ្ឋាភិបាល​អ៊ីស្រាអែល​បានសម្រេច​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​រៀបចំ​ការបោះឆ្នោត​មុនពេល​កំណត់​មួយ​នៅ​ខែមេសា​ខណៈ​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu កំពុង​តស៊ូ​ដើម្បី​រក្សា​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ស្រប​ពេលដែល​គាត់​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​អំពើពុករលួយ​។​

ថ្វីបើ​នយោបាយ​និង​ច្បាប់​របស់លោក Netanyahu មាន​បញ្ហា​នាពេល​ថ្មីៗ​នេះ​ក៏ដោយ​ក៏​ការស្ទង់មតិ​បាន​បង្ហាញថា លោក​នឹង​នៅតែ​ជា​នាយករដ្ឋមន្ត្រី​ដដែល​បន្ទាប់ពី​ការបោះឆ្នោត​ថ្មី​ដែល​នឹងធ្វើ​ឲ្យ​គាត់​ក្លាយទៅជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​យូរ​បំផុត​របស់​ប្រទេស​អ៊ីស្រាអែល​។​

សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា ប្រមុខ​គណបក្ស​នៅក្នុង​ក្រុមចម្រុះ​របស់លោក Netanyahu បាន​ព្រមព្រៀងគ្នា​រៀបចំ​ការបោះឆ្នោត​នៅ​ដើមខែ​មេសា​។​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោកស្រី Ayelet Shaked បាន​និយាយថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​សេចក្តីព្រាងច្បាប់​មួយ​ដើម្បី​រំលាយ​រដ្ឋសភា​និង​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃទី​៩​ខែមេសា​។​

ទោះបីជា​យ៉ាងណាក៏ដោយ ការបោះឆ្នោត​មិនត្រូវ​បាន​គេ​កំណត់​ទេ​រហូតដល់​ខែវិច្ឆិកា​ប៉ុន្តែ​មានការ​រំពឹងទុក​ថា ក្រុមចម្រុះ​នេះ​នឹង​មិនមាន​រយៈពេល​យូរ​នោះទេ​។​

លោក Netanyahu បានបង្ហាញ​ពីអ្វី​ដែល​គាត់​មើលឃើញថា​ជា​សមិទ្ធផល​របស់គាត់​ហើយ​បាន​និយាយថា គាត់​សង្ឃឹម​សម្រាប់​ក្រុមចម្រុះ​មួយ​ស្រដៀង​ទៅនឹង​ក្រុមចម្រុះ​បច្ចុប្បន្ន​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ក្រុម​ស្តាំនិយម​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អ៊ីស្រាអែល​។​

លោក​បាន​និយាយថា “​យើង​សុំ​ឲ្យ​មាន​អាណត្តិ​ច្បាស់លាស់​មួយ​ពី​អ្នកបោះឆ្នោត​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​អ៊ីស្រាអែល​តាមរបៀប​រប​ស់​យើង​ផ្ទាល់​”​។​

ការសម្រេចចិត្ត​នេះ​បានធ្វើ​ឡើងខណៈ​ក្រុមចម្រុះ​កំពុង​ព្យាយាម​ដើម្បី​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ដ៏​សំខាន់​មួយ​ទាក់ទង​នឹង​ពួក​ជ្វី​ហ្វ​ជ្រុល Orthodox ដែល​បម្រើ​នៅក្នុង​ជួរ​កងទ័ព​។​

គណបក្ស​ជ្រុល Orthodox មាន​អាសនៈ​ចំនួន​១៣​ក្នុងចំណោម​អាសនៈ​ទាំង​៦១​របស់​ក្រុមចម្រុះ​ដែល​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឥទ្ធិពល​ដ៏​សំខាន់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu