យោងតាមរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍បានអោយដឹងថា អ្នកកាសែតក្នុងចំនួនជិតដល់កំណត់ត្រានៅជុំវិញពិភពលោកកំពុងជាប់ពន្ធនាគារដោយសារការងាររបស់ខ្លួនរួមទាំងអ្នកយកព័ត៌មាន Reuters ពីរនាក់ផងដែរដែលការជាប់ពន្ធនាគាររបស់ពួកគេនៅប្រទេសមីយ៉ាន់ម៉ាបានទាក់ទាញការរិះគន់ជាអន្ដរជាតិ។
គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បាននិយាយនៅក្នុងការសិក្សាប្រចាំឆ្នាំថា មានអ្នកសារព័ត៌មានចំនួន២៥១នាក់ត្រូវជាប់ពន្ធនាគារដោយសារការបំពេញការងាររបស់ពួកគេគិតត្រឹមថ្ងៃទី១ខែធ្នូ។
សម្រាប់ឆ្នាំទី៣ជាប់ៗគ្នា មានជាងពាក់កណ្តាលគឺស្ថិតនៅក្នុងប្រទេសទួរគី ចិននិងអេហ្ស៊ីបដែលជាកន្លែងអាជ្ញាធរបានចោទប្រកាន់អ្នកសារព័ត៌មានថា ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល។
អ្នកនិពន្ធរបាយការណ៍លោកស្រី Elana Beiser បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “បច្ចុប្បន្ន វាមើលទៅដូចជានិន្នាការមួយ។ វាមើលទៅដូចជារឿងធម្មតាថ្មី”។
យោងតាម CPJ ដែលជាអង្គការមិនរកកម្រៃមួយមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលលើកកម្ពស់សេរីភាពសារព័ត៌មានបាននិយាយថា ចំនួនអ្នកកាសែតដែលត្រូវជាប់ពន្ធនាគារសម្រាប់ការចោទប្រកាន់ “ព័ត៌មានក្លែងក្លាយ” បានកើនឡើងដល់២៨នាក់ពី២១នាក់កាលពីឆ្នាំមុននិងពី៩នាក់នៅក្នុងឆ្នាំ២០១៦។
របាយការណ៍នេះបានរិះគន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចំពោះការយល់ឃើញប្រព័ន្ធផ្សព្វផ្សាយអវិជ្ជមានថាជា “ព័ត៌មានក្លែងក្លាយ” ដែលជាឃ្លាមួយត្រូវបានប្រើដោយបណ្តាមេដឹកនាំប្រឆាំងនឹងអ្នករិះគន់របស់ពួកគេនៅក្នុងប្រទេសនានាដូចជាហ្វីលីពីននិងទួរគីជាដើម។
ការសិក្សានេះត្រូវបានបោះពុម្ពផ្សាយក្នុងសប្តាហ៍តែមួយដែលទស្សនាវដ្តី Time បានដាក់ឈ្មោះអ្នកកាសែតជាច្រើននាក់ថាជា “បុគ្គលល្បីល្បាញប្រចាំឆ្នាំ” របស់ខ្លួន។
ក្រុមនោះរួមមានអ្នកយកព័ត៌មាន Reuters ឈ្មោះ Wa Lone និង Kyaw Soe Oo ដែលត្រូវជាប់ពន្ធនាគារកាលពីមួយឆ្នាំមុននិងអ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតឈ្មោះ Jamal Khashoggi ដែលត្រូវបានសម្លាប់នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុលកាលពី២ខែមុន។
CPJ បាននិយាយថា ទួរគីនៅតែជាជនល្មើសដ៏អាក្រក់បំផុតក្នុងពិភពលោកប្រឆាំងនឹងសេរីភាពសារព័ត៌មានដោយមានអ្នកកាសែតយ៉ាងតិច៦៨នាក់ត្រូវជាប់ពន្ធនាគារដោយសារការចោទប្រកាន់ប្រឆាំងនឹងរដ្ឋ។ រីឯអ្នកកាសែតយ៉ាងតិច២៥នាក់កំពុងស្ថិតក្នុងពន្ធនាគារនៅប្រទេសអេហ្ស៊ីប៕ REUTERS
Source: Kampuchea Thmey Daily
0 Comments