Ad Code

គាស់​ឃ្លាំង ​ចូល​លួច​ដែក​រាប់​តោន ចៃដន្យ​ម្ចាស់​គេ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​ឃើញ​​



​ភ្នំពេញ ​៖ ចោរលួច​ទ្រព្យសម្បត្តិ​ម្នាក់​ ត្រូវបាន​ម្ចាស់ផ្ទះ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​ចាប់ខ្លួន​ជាក់ស្ដែង ខណៈ​ដែល​ជននេះ​បាន​កំពុងតែ​ធ្វើ​សកម្មភាព​គាស់​ឃ្លាំង​លក់​គ្រឿងសំណង់​របស់គេ​ចូល​លួច​យក​ដែក ​និង​សម្ភារៈ​ផ្សេងៗ​ទៀត កាលពី​ព្រលប់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ខាងលើ​ ឈ្មោះ មាន ពេជ្រ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ គ្មាន​មុខរបរ​ច្បាស់លាស់​។​

​លោក ញាណ នន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឃ្មួញ មានប្រសាសន៍ថា ជនសង្ស័យ​ខាង​លើ​ត្រូវបាន​ចាប់ខ្លួន​តាម​បណ្ដឹង​ចោទ​របស់ ​ឈ្មោះ​ បៀ​ន មុន្នី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​ជនរងគ្រោះ​ម្ចាស់​ទ្រព្យ​សម្បត្តិ​។​

​តាម​បណ្តឹង​របស់​ជនរងគ្រោះ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ចាក់សោ​ទ្វារ​ឃ្លាំង​លក់​គ្រឿងសំណង់​របស់គាត់​យីហោ លក់​គ្រឿងសំណង់​មុន្នី​២ មាន​ទីតាំង​ជាប់​ផ្លូវ​លេខ​១០១៩ សង្កាត់​ឃ្មួញ រួច​ត្រឡប់មកផ្ទះ​វិញ​ នៅ​ភូមិ​ក្រុង​ថ្មី​ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោង​១៧​ល្ងាច​។

គាត់​បាន​បន្តថា ក្រោយ​មកនៅវេលា​ម៉ោង​៧​យប់​មក ​គាត់​បាន​បើក​ទូរស័ព្ទ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ឃ្លាំង​លក់​គ្រឿង​សំណង​នោះ​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ចូលក្នុង​ឃ្លាំ​របស់គាត់​លួច​យក​ដែក​ និង​រ៉ឺម៉ក​ម៉ូតូ ម៉ា​កំប្លេ ភ្លាមៗ​នោះ​គាត់​ក៏បាន​រូតរះ​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​បណ្ដើរ​ធ្វើដំណើរ​សំដៅ​មក​ទីនោះ​បណ្ដើរ ​ដើម្បី​ចាប់​ខ្លួន​ចោរ​នេះ បាន​ជាក់ស្ដែង​តែម្ដង​។​

ស្ថានភាព​ជាក់ស្តែង​ដែល​ចោរ​នេះ​បាន​កំពុង​លួច​មាន ដែកថ្នាំងអំពៅ ទំហំ​១២​លី​ ចំនួន​៨២​ដើម ទម្ងន់​ជាង​១​តោន និង​រ៉ឺម៉ក​សម្រាប់​ដឹក​ថ្ម​ខ្សាច់ រួម​នឹង​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយគ្រឿង​ទៀត​ សម្រាប់​សណ្ដោង​រ៉ឺម៉ក​នោះ​។​

​ជនសង្ស័យ​បាន​សារភាព​ដោយសារ​មិនអាច​ប្រកែក​បាន​ចំពោះ​សកម្មភាព​ល្មើស​ច្បាប់ ​ជាក់ស្ដែង​របស់​គេ មាន​ថត​ជាប់​ដោយ​ប្រព័ន្ធ​កាមេរ៉ា​វីដេអូ​សុវត្ថិភាព​ ដែល​ម្ចាស់​ឃ្លាំង​បាន​បំពាក់​នៅ​ទីនោះ​ស្រាប់​។

ប៉ូលិស​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ បញ្ជូន​ទៅ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់ យោង​តាម​បណ្ដឹង​របស់​ជនរងគ្រោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu