ភ្នំពេញ ៖ តារាសម្តែង និងចម្រៀងស្រី ចូលចិត្តធ្វើអ្វីដែលជាស្តាយប្លែកៗ ពីតារាដទៃ អ្នកនាង ទូច ស្រីល័ក្ខ ស្របពេលឈានដល់គម្រប់ខួប២ឆ្នាំ នៃការចាប់ដំណើរការថតខ្សែភាពយន្តរឿង ចិញ្ចៀន ដែលគ្រោងនឹងចាក់បញ្ចាំងឆាប់ៗខាងមុខនេះ នាងបានបង្ហាញពីអារម្មណ៍ពិតតាមរយៈការរម្លឹកដល់អនុស្សាវរីយ៍រវាងនាង និងលោក ម៉េង ប៊ុនឡូ រួមទាំងក្រុមការងារឯទៀត។
អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកមកថា រីករាយថ្ងៃកំណើត រយៈពេលការងារជាមួយគ្នាជិត២ឆ្នាំ មានសើច មានយំ មានការទាស់គ្នា តែយើងទាំងពីរនៅតែផ្តល់តម្លៃឲ្យគ្នានឹងគ្នា មានអ្វីហូបជុំគ្នា អ្វីវេទនាបំផុត គឺថតនៅព្រះវិហារ មានបញ្ហាឧបសគ្គជាច្រើនដែលយើងទាំងពីរនាក់ជួបប្រទះស្ទើរតែនឹងបោះបង់ការងារថតកុននឹងចោល ដោយយើងទាំងពីរបានឈរកាន់ដៃគ្នាថា យើងបានដាក់ទុនទៅលើនឹងអស់ហើយ។
តារាស្រី អ្នកនាង ទូច ស្រីល័ក្ខ បន្តទៀតថា សូមអូនកុំចុះចាញ់ ព្រោះវាជាលុយញើសឈាមរបស់យើងផ្ទាល់ ជូតទឹកភ្នែកចេញ ត្រូវតែយកឈ្នះវា ព្រោះវាជាអ្វីដែលពួកយើងចង់បានសម្រាប់ស្នាដៃពួកយើងដែលខំផលិត អរគុណបងគ្រប់យ៉ាងដែលបានយកចិត្តទុកដាក់មកលើខ្ញុំ បងបានធ្វើល្អច្រើនណាស់ អ្វីដែលខ្ញុំមិនដែលភ្លេចពេលដែលភ្លៀងកាន់តែខ្លាំងឡើងៗ ខោអាវក៏សើមដូចគ្នា…..។
តែអ្វីបងបានធ្វើល្អមកដាក់ខ្ញុំ សុខចិត្តដោះអាវធំរបស់បងឲ្យមកខ្ញុំ ទាំងខ្លួនបងអត់មានអាវពាក់ ព្រោះនៅពេលនោះខ្ញុំមានជំងឺគ្រុនខ្លាំង ដើរទៅក៏មិនកើត ព្រោះមានរន្ទះបាញ់ក៏កាន់តែខ្លាំង ឥវ៉ាន់ថតក៏ត្រូវខូចខាត ស្ទូឌីយោដែលបានសាងសង់ក៏ត្រូវដួលរលំទាំងអស់ តួក៏គេសុំឈប់ថត ខ្លួនម្ចាស់កុនលើកដៃសុំអង្វរតួៗ សូមកុំត្រឡប់ទៅវិញ សូមជួយពួកខ្ញុំបន្តិចទៅ ទម្រាំតែពួកគាត់ទន់ចិត្តសួរថាតើអ្នកណាយល់?។ អ្នកនាង ទូច ស្រីល័ក្ខ លើកឡើង។
តារាសម្ដែង អ្នកនាង ទូច ស្រីល័ក្ខ បានបន្ថែមថា ទោះបីជាយ៉ាងណា យើងទាំងពីរដើរមកដល់ផ្លូវមួយនេះ គឺជាបទពិសោធន៍មួយ ពួកយើងបានយល់ នេះជាកម្រងរូបភាព នៃរឿងចិញ្ចៀន ដែលត្រៀមនឹងចាក់បញ្ចាំងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ គ្រប់រោងកុន នៅក្នុងរាជធានីភ្នំពេញ។ នេះជាស្នាដៃផលិតរបស់ពួកយើងដំបូង សូមកម្លាំងចិត្តផង ដើម្បីដើរទៅមុខទៀត៕
Source: Kampuchea Thmey Daily
0 Comments