ស្វាយរៀង ៖ លោក ហែម ពិសិទ្ធ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពពិធីប្រកាសប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិព្រៃវល៍ខេត្តស្វាយរៀង និងការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកដែលពាក់ព័ន្ធរួមនឹងភាគីវៀតណាមផងដែរ។
សូមបញ្ជាក់ថា យោងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៧០៣៧ ប្រ,ក ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨សម្រេចប្រការ ១,ត្រូវបានប្រគល់ភារកិច្ចជូន លោក ម៉ែន សម្បតិ ឲ្យកាន់មុខតំណែងជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង។
ពិធីប្រកាស ចូលកាន់មុខតំណែងប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង រៀបចំធ្វើឡើងនៅទីស្នាក់ការមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតក្នុងភូមិអូរឃុំថ្មីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកឧត្ដមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោកអភិបាលរងស្រុកកំពង់រោទិ៍ រួមនឹងមន្ត្រីនានាដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្នាក់ការមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដែលកន្លងមកបានរួមសហការគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ រួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការគាំទ្រដល់ការការពារព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជិតខាងជាមិត្តតាមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលទាំងអស់នេះ គឺជាផ្នែកមួយដ៏សំខាន់មិនត្រឹមតែចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ចំពោះមន្ត្រីរាជការដែលត្រូវប្រកាសតែងតាំងប្រគល់ភារកិច្ច និងផ្ទេរភារកិច្ចនៅថ្ងៃនេះ ដែលសុទ្ធសឹងជាមន្ត្រីធ្លាប់មានបទពិសោធន៍ការងារ និងមានស្នាដៃល្អក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនហើយសូមឲ្យមន្ត្រីរាជការទាំងអស់គ្នាចាត់ទុកថានេះ គឺជាកម្លាំងចលករជំរុញទឹកចិត្តឲ្យកាន់ខិតខំប្រឹងប្រែងដើម្បីកសាងបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួននាពេលខាងមុខសម្រាប់បម្រើឲ្យផលប្រយោជន៍រួមរបស់អង្គភាព។
លោក ហែម ពិសិដ្ឋ បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ៖ មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបន្តបេសកកម្ម ចូលរួមសហការជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងគោរពតាមឋានានុក្រមដឹកនាំស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឲ្យបានល្អប្រសើរប្រកបដោយតម្លាភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments