ភ្នំពេញ ៖ លោក លឹម គានហោ អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពត និងខេត្តកែប នៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ នេះ បានចុះទៅពិនិត្យតំបន់បង្កបង្កើនផល ពិសេសស្រូវប្រាំងដែលច្រើនបំផុតប្រចាំខេត្តកំពត។
ក្រសួងបានឲ្យដឹងថា ដើម្បីជាវិធានការជាក់ស្តែងបន្ថែមទៀត ពិសេសពាក់ព័ន្ធនឹងការងារបង្ក បង្កើនផល ឆ្នាំ២០១៩ លោក លឹម គានហោ បានចុះទៅពិនិត្យតំបន់បង្កបង្កើនផល នៅខេត្តចំនួនពី គឺខេត្ត កំពត និងខេត្តកែប ហើយ ស្រូវប្រាំង ច្រើនជាងគេ មាន ទីតាំងឈ្មោះថា ឃុំព្រៃទន្លេ ស្ថិតក្នុងស្រុកបន្ទាយមាស ដែលមានផ្ទៃដីធ្វើស្រូវប្រាំងសរុប ៧.០០០ ហិកតា ដោយប្រើប្រាស់នូវប្រឡាយ និងសំណង់សិល្បការកសាងក្នុងឆ្នាំ ២០០៧ ដោយក្រសួង។ ប្រឡាយនេះយកប្រភពទឹកពីព្រែកអន្សា។
ក្រសួង បានបន្តថា ទិដ្ឋភាពជាក់ស្ដែងនាពេលនេះ ដែលចាត់ទុកជាការធ្វើដើមរដូវលើកទី១ គឺវាលស្រែខៀវខ្ចីស្រស់បំព្រង ដែលជាទិន្នផលរំពឹងទុកប្រមាណជាមធ្យមពី ៧-៨ តោន/១ហិកតា។ ជាទម្លាប់ភាគច្រើនបងប្អូនប្រជាកសិករនៅតំបន់នេះ គឺធ្វើ ៣ដង ក្នុង១ឆ្នាំ ពោលគឺក្នុងរដូវប្រាំងគាត់ធ្វើ ២ដង និងម្តងទៀតក្នុងរដូវវស្សា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងថា តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ក៏ដូចជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលលោកបានអំពាវនាវសូមប្រុងប្រយ័ត្នចំពោះការធ្វើដើមរដូវ សូមពិនិត្យមើលកន្លែងណាដែលមានសក្ដានុពលទឹកសមស្រប ព្រោះថា នារដូវប្រាំងខាងមុខ អាកាសធាតុមិនអំណោយផលល្អប្រសើរពេកនោះទេ ពោលគឺភ្លៀងកក់ខែមានសភាពយឺតជាងបណ្តាឆ្នាំកន្លងមក ទន្ទឹមនឹងកម្ដៅខ្លាំងក្នុងខែចែត្រ៕
Source: Kampuchea Thmey Daily
0 Comments