សៀមរាប ៖ លោក ទៀ សីហា ឋានន្តរសក្ដិ ឧត្ដមមន្ត្រីថ្នាក់លេខ៣ អភិបាលរងខេត្ត ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋបាលសាលាខេត្តសៀមរាប។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បន្ទាប់ពីលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើកិច្ចស្វាគមន៍ និង របាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍន៍ក្នុងខេត្ត ព្រមទាំងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង បានលើនូវបញ្ហាប្រឈម និង ឧបសគ្គមួយចំនួន និង ការកំណត់ដែនសមត្ថកិច្ចការទទួលខុសត្រូវរវាងស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីឲ្យការអនុវត្តភារកិច្ច ទទួលខុសត្រូវក្នុងកិច្ចការរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់តែមានប្រសិទ្ធភាពនោះ, បន្តមកឯកឧត្តម អ៊ូង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានអាននូវព្រះរាជក្រឹត្យ ស្តីពីការតែងតាំងឯកឧត្តម ទៀ សីហា ឋានន្តរសកិ្ត ឧត្តមមន្ត្រីថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំការអភិវឌ្ឍន៍គ្រប់វិស័យបន្តជំនួសឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។
បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ប្រគល់ព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្ត ព្រមទាំងការប្តេជ្ញាចិត្តរបស់ឯកឧត្តមអភិបាលខេត្តដែលទើបតែងតាំងថ្មីរួចមក មានប្រសាសន៍សំណេះសំណាលនោះដែរ សម្តេចក្រឡា ហោម ស ខេង ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត ស្រុក ដែលបានបម្រើការងារគ្រប់ អាណត្តិរបស់ខ្លួន ឬ ក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលខេត្តនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់ មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។ សម្តេចក៏បានកោតសរសើរនូវសមទ្ធផលដែលឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ដឹកនាំកន្លងមក ធ្វើឲ្យខេត្តមានការប្រែមុខមាត់ថ្មី ហើយសមិទ្ធផលទាំងនេះ ក៏កើតឡើងពីសន្តិភាព ហើយក៏ជាការពង្រឹងនូវសន្តិភាពនៅកម្ពុជាផងដែរ។ ក្នុងនោះដែរសម្តេចក្រឡា ហោមបានលើកនូវចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ក្នុងនោះ បានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុង ការទំនាក់ទំនង និង ស្វែងរកនូវឯកសារផ្សេងៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ ព្រមទាំងការងារផ្ទេរមុខងារ និង ធនធានផង ដែរ។
សម្តេចក្រឡាហោម ស ខេង ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ សម្តេចក៏បានលើកឡើងអំពីច្បាប់មួយចំនួន ដែលក្រសួងបានរៀបចំ ដែលជាវិធានការបង្ក្រាប និង ឆ្លើយតបទៅនឹងបញ្ហាមួយចំនួន សំខាន់ទាក់ទងធនធានធម្មជាតិ ក្នុងគោលដៅដើម្បីធ្វើការអភិរក្សធនធានធម្មជាតិទាំងនោះ។ ក្នុងនោះដែរសម្តេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់ឯកឧត្តមអភិបាលខេត្តថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង ហើយក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាលលើការដឹកនាំ គ្រប់គ្រងបណ្ដាមន្ទីរ ស្ថាប័ន និង អង្គភាពក្នុងខេត្តឲ្យបានល្អ និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្ថាប័ន ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរ ស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរ និង ប្រជាជន ដោយខេត្តសៀមរាប ជាតំបន់គោលដៅនៃភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត៕
Source: Kampuchea Thmey Daily
0 Comments