ជនជាតិកាណាដាទីពីរត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទសង្ស័យថា បង្កផលប៉ះពាល់ដល់សន្តិសុខជាតិ។ សេចក្តីរាយការណ៍នេះបានធ្វើអោយមានភាពតានតឹងបន្ថែមទៀតបន្ទាប់ពីការចាប់ខ្លួននាយកប្រតិបត្តិទូរគមនាគមន៍កំពូលរបស់ចិនដោយប្រទេសកាណាដាតាមសំណើរបស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ខេត្ត Liaoning បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Michael Spavor ដែលជាអ្នកពិគ្រោះយោបល់ផ្នែកជំនួញមានមូលដ្ឋាននៅប្រទេសចិនដែលសម្របសម្រួលការធ្វើដំណើរទៅប្រទេសកូរ៉េខាងជើងត្រូវបានដាក់នៅក្រោមការស៊ើបអង្កេតកាលពីថ្ងៃចន្ទដោយសន្តិសុខរដ្ឋនៅក្នុងទីក្រុង Dandong ភាគឦសាន។
ព័ត៌មានអំពីការបាត់ខ្លួនរបស់គាត់បានលេចឡើងបន្ទាប់ពីអតីតអ្នកការទូតកាណាដាលោក Michael Kovrig ត្រូវបានឃុំឃាំងដោយសន្តិសុខរដ្ឋក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្រោមការសង្ស័យស្រដៀងគ្នានេះ។
ការចាប់ខ្លួនលោក Kovrig ត្រូវបានអ្នកជំនាញមើលឃើញថា ជាការសងសឹកចំពោះការចាប់ខ្លួនដោយប្រទេសកាណាដាលើលោកស្រី Meng Wanzhou ដែលជាមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់របស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei ដ៏ធំរបស់ចិនតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោនលើការចោទប្រកាន់ទាក់ទងនឹងការបំពានទណ្ឌកម្មអ៊ីរ៉ង់។
ភ្នាក់ងារព័ត៌មានចិនបានបន្ថែមថា លោក Spavor ត្រូវបានគេសង្ស័យថាបានចូលរួមនៅក្នុងសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសចិន។
ដោយមានមូលដ្ឋាននៅខេត្ត Liaoning ដែលជាប់ព្រំដែនកូរ៉េខាងជើង លោកបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនហើយបានរៀបដំណើរទស្សនកិច្ចរបស់លោក Dennis Rodman ដែលជាអតីតកីឡាករបាល់បោះ NBA ចូលនិវត្តន៍។
រដ្ឋាភិបាលកាណាដាបានរាយការណ៍ពីមុនថា លោក Spavor បានបាត់ខ្លួននៅក្នុងប្រទេសចិនបន្ទាប់ពីត្រូវបានគេសាកសួរ។
រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland បាននិយាយថា រដ្ឋាភិបាលកាណាដាបានលើកឡើងអំពីករណីរបស់គាត់ជាមួយអាជ្ញាធរចិន។
ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗទេចំពោះការសាកសួរ៕ AFP
Source: Kampuchea Thmey Daily
0 Comments