Ad Code

រថភ្លើង​បុក​គ្នា​នៅ​ប្រទេស​ទួរគី​បណ្ដាល​ឲ្យ​មនុស្ស ៧ នាក់​ស្លាប់ និង​រាប់សិប​នាក់​រងរបួស



ក្រុមមន្ត្រី និង​សារព័ត៌​មានបាន​និយាយថា រថភ្លើង​ល្បឿន​លឿន​មួយគ្រឿង​បាន​បុក​ជាមួយ​ក្បាលរថភ្លើង​មួយគ្រឿង ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​ផ្លូវ​ដើរ​ថ្មើរជើង​នៅឯ​ស្ថានីយ​មួយ​នៅ​ក្នុង​រដ្ឋធានី Ankara របស់​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បណ្ដាល​ឲ្យ​មនុស្ស ៧ នាក់​ស្លាប់ និង ៤៦ នាក់​ផ្សេងទៀត​រងរបួស។

អភិបាលក្រុង Ankara លោក Vasip Sahin បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​កន្លែងកើតហេតុ​ថា នៅ​ម៉ោង ៦ និង ៣០ នាទី​ព្រឹក​រថភ្លើង​ពី​ទីក្រុង Ankara ទៅ​ទីក្រុង Konya ភាគ​កណ្តាល​ប្រទេស​ទួរគី​បាន​បុក​ជាមួយ​ក្បាលរថភ្លើង​ដែល​កំពុង​ពិនិត្យ​មើលផ្លូវ​នៅ​ស្ថានីយ Marsandiz ។ រថភ្លើង​ល្បឿន​លឿន​នេះ​បាន​ឆ្លងកាត់​ស្ថានីយ​នោះ​ដោយ​មិន​ឈប់​ឡើយ ។​

ទូរទស្សន៍​ឯកជន NTV បាន​និយាយថា យ៉ាងហោចណាស់​ទូរ​រថ​ភ្លើង​ចំនួន ២ បាន​ធ្លាក់​ចេញពី​ផ្លូវ ខណៈដែល​ផ្លូវ​ដើរ​ថ្មើរជើង​ឆ្លងកាត់​ពីលើ​បាន​បាក់ស្រុត​មកលើ​រថភ្លើង​ផងដែរ ។​

ពីដំបូង​លោក Sahin បាន​និយាយថា មនុស្ស ៤ នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បុក​គ្នា​នោះ ។ ការិយាល័យ​របស់គាត់​ក្រោយមក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា មនុស្ស ៧ នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ​រួមទាំង​អ្នកបើកបរ​រថភ្លើង​ល្បឿន​លឿន​ផងដែរ ខណៈ​អ្នកដំណើរ​ដែល​រងរបួស ៣ នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ។​

រូបភាព​ទូរទស្សន៍​បានបង្ហាញ​ពី​សេវា​សង្គ្រោះបន្ទាន់​កំពុងធ្វើការ​ដើម្បី​ជួយសង្គ្រោះ​អ្នកដំណើរ​ទូរ​រថភ្លើង​ដែល​ខ្ទេចខ្ទី ខណៈដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​កំពុង​ស្វែងរក​អ្នក​នៅរស់​ថែមទៀត​ផងដែរ ។​

លោក​បាន​និយាយថា "​ក្តីសង្ឃឹម​របស់​យើង​គឺថា​មិនមាន​ជនរងគ្រោះ​ផ្សេងទៀត​ទេ​" ។​
​វា​មិនទាន់​ច្បាស់​ភ្លាមៗ​នោះទេ​អំពី​សញ្ញា​បញ្ហា​ដែល​បណ្ដាល​ឲ្យ​មានការ​បុក​គ្នា​នេះ ។ លោក Sahin បាន​និយាយថា ការត្រួតពិនិត្យ​បច្ចេកទេស​បានចាប់ផ្តើម​នៅពេល​ទូរទស្សន៍ NTV ដកស្រង់​សម្តី​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ដោយបាន​និយាយថា ព្រះរាជអាជ្ញា ៣ នាក់​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​ស៊ើបអង្កេត ។​

កាលពី​ខែកក្កដា​មនុស្ស ១០ នាក់​បាន​ស្លាប់ និង​ជាង ៧០ នាក់​បាន​រងរបួស​នៅពេលដែល​រថភ្លើង​ដឹក​អ្នកដំណើរ​ជាច្រើន​បាន​ធ្លាក់​ចេញពី​ផ្លូវ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ទួរគី បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​ផ្លូវដែក​បាក់ស្រុត ។ កាលពី​ខែ​មុន​មនុស្ស ១៥ នាក់​បាន​រងរបួស​នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បុក​ជាមួយ​រថភ្លើង​ដឹកទំនិញ​មួយគ្រឿង​នៅក្នុង​ខេត្ត Sivas នៃ​ប្រទេស​ទួរគី។​

សូមបញ្ជាក់ថា ទីក្រុង Konya ចម្ងាយ​ប្រហែល ២៦០ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​ទីក្រុង Ankara គឺជា​កន្លែង​នៃ​ផ្នូរ​ដ៏​អាថ៌កំបាំង​របស់​អ្នក​ឥស្លាម Sufi និង​កវី Jalaladdin Rumi ដែល​ទាក់ទាញ​អ្នក​ធម្ម​យាត្រា និង​ភ្ញៀវទេសចរ​រាប់ពាន់នាក់ ៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu