ភ្នំពេញ ៖ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបញ្ជូនប្រធានសហជីពកម្មករសំណង់ដែលមានមូលដ្ឋាននៅប្រទេសថៃ ហើយជាប់ពាក់ព័ន្ធនឹងសំណុំរឿងផលិតខ្សែវីដេអូ "ម្ដាយខ្ញុំលក់ខ្ញុំ"មកតុលាការហើយដើម្បីសាកសួរ និងសម្រេចតាមច្បាប់។ ជនជាប់សង្ស័យក្នុងរឿងក្ដីនេះ ឈ្មោះ រ៉ាត់ រដ្ឋមុនី។
កាលពីសប្ដាហ៍មុន អ្នកស្រី ឡុង គីមហ៊ាង ដែលត្រូវជាភរិយា លោក រ៉ាត់ រត្នមុនី បានប្រាប់អ្នកកាសែតថា ៖ ស្វាមីរបស់អ្នកស្រីឈ្មោះ រ៉ាត់ រត្នមុនី ដែលជាប្រធានសហជីពកម្មករសំណង់ និងភ្នាក់ងារសារព័ត៌មានរុស្ស៊ីធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ហើយនឹងបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាវិញតាមការស្នើសុំ។
អ្នកស្រី ឡុង គឹមហ៊ាង ក៏បានអះអាងថា ការចាប់ខ្លួនស្វាមីគាត់នេះ ពាក់ព័ន្ធការផលិតវីដេអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។
វីឌីអូ «ម្តាយខ្ញុំលក់ខ្ញុំ» និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯង ដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា បានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បា ព្រោះថាជាការមួលបង្កាច់កិត្យានុភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ។
សមត្ថកិច្ចកម្ពុជា បានបកស្រាយថា វីដេអូនោះ គឺជាការប្រឌិតឡើង ដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments