ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ប៉ូលិសប្រឆាំងភេរវកម្មរបស់បារាំងរាប់រយនាក់កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងម្នាក់ ដែលបានវាយប្រហារអ្នកទិញឥវ៉ាន់សម្រាប់ពិធីបុណ្យណូអែលនៅផ្សារមួយក្នុងទីក្រុង Strasbourg ខណៈស្រែកថា “Allahu akbar” (ព្រះជាម្ចាស់ដ៏អស្ចារ្យ)។
ការវាយប្រហារនៅក្នុងទីក្រុងនេះកាលពីយប់ថ្ងៃអង្គារបានបណ្តាលអោយមនុស្សពីរនាក់ស្លាប់និង១៣នាក់រងរបួស។
រដ្ឋអាជ្ញាប្រឆាំងភេរវកម្មបារាំងលោក Remy Heitz បាននិយាយកាលពីថ្ងៃពុធថា ជនសង្ស័យដែលមានដើមកំណើតនៅទីក្រុង Strasbourg អាយុ២៩ឆ្នាំឈ្មោះ Cherif Chekatt បានបើកការបាញ់ប្រហារដោយប្រើកាំភ្លើងខ្លីហើយចាក់អ្នកធ្វើដំណើរអំឡុងពេលការវាយប្រហាររបស់គាត់។
លោក Chekatt ដែលស្ថិតក្នុងបញ្ជីតាមដានសម្រាប់ជនសង្ស័យជ្រុលនិយមសាសនាគឺត្រូវបានកាត់ទោស៧ដងរួចទៅហើយនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់និងស្វីសសម្រាប់ឧក្រិដ្ឋកម្មជាច្រើនរួមទាំងអំពើហឹង្សានិងការប្លន់ផងដែរ។
ម្តាយនិងឪពុករបស់គាត់ព្រមទាំងបងប្អូនពីរនាក់ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនៅថ្ងៃពុធ។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Laurent Nunez បានប្រាប់វិទ្យុ France Inter កាលពីថ្ងៃពុធថា លោក Chekatt ត្រូវបានកំណត់ដោយកងកម្លាំងសន្តិសុខបារាំងនៅឆ្នាំ២០១៥ថាអាចជាជនជ្រុលនិយមខណៈពេលស្ថិតនៅក្នុងពន្ធនាគារបន្ទាប់ពីគាត់បានអំពាវនាវអោយមានការអនុវត្តន៍ទម្រង់រ៉ាឌីកាល់នៅក្នុងតំបន់។
គាត់បានរស់នៅក្នុងអចលនទ្រព្យមួយនៅជិតផ្សារលក់ផលិតផលបុណ្យណូអែលនេះដែលបានទាក់ទាញមនុស្សប្រមាណពីរលាននាក់ជារៀងរាល់ឆ្នាំ។
តំបន់ភាគច្រើននៅក្នុងទីក្រុងនេះក៏ដូចជាអគារសភាអ៊ឺរ៉ុបផងដែរគឺត្រូវបិទទ្វាពេញមួយយប់ខណៈដែលក្រុមប៉ូលិសនិងទាហានកំពុងស្វែងរកជនប្រដាប់អាវុធ។
រដ្ឋមន្ត្រីមហាផ្ទៃលោក Christophe Castaner បានប្រាប់សមាជិកសភានៅទីក្រុងប៉ារីសថា មនុស្សបីនាក់បានព្យាយាមបញ្ឈប់លោក Chekatt ដែលម្នាក់ក្នុងចំណោមពួកគេត្រូវបានគាត់ចាក់ប៉ុន្តែមិនស្លាប់ទេ។
ក្នុងអំឡុងពេលនៃការវាយប្រហាររបស់គាត់ គាត់បានរងរបួសនៅក្នុងការបាញ់តបតជាមួយទាហានដែលកំពុងដើរល្បាតតំបន់នេះជាផ្នែកមួយនៃប្រតិបត្តិការប្រឆាំងភេរវកម្មជាទៀងទាត់។
ប្រភពព័ត៌មានជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់ AFP ថា បន្ទាប់មក ខ្មាន់កាំភ្លើងបានភៀសខ្លួនចេញពីកន្លែងកើតហេតុនៅក្នុងឡានតាក់ស៊ីមួយគ្រឿងចេញទៅតាមសង្កាត់ Neudorf ភាគខាងត្បូងរបស់ទីក្រុងនេះដែលជាកន្លែងគាត់បានបាញ់តបតជាមួយប៉ូលិសម្តងទៀតមុនពេលបាត់ខ្លួន៕ AFP
Source: Kampuchea Thmey Daily
0 Comments