បាត់ដំបង ៖ ប្រជាកសិករម្នាក់ បានយកត្រាក់ទ័រភ្ជួរដីធ្វើចម្ការ នៅក្នុងតំបន់អតីតសមរភូមិជួរមុខស្រុកសំឡូត ខេត្តបាត់ដំបង ក៏ប្រទះឃើញគ្រាប់មីនតោន១គ្រាប់អណ្ដែតមកលើដី ខណៈដែលភ្ជួរប៉ះ ហើយបានប៉ើងតាមផាលត្រាក់ទ័រអណ្ដែតមកលើដី ធ្វើឲ្យអ្នកបើកត្រាក់ទ័រភ័យស្ទើរលស់ព្រលឹង។
ប្រជាពលរដ្ឋជាកសិករខាងលើបានឲ្យដឹងថា ដីចម្ការរបស់គាត់ដែលបានភ្ជួរប៉ះគ្រាប់មីនតោនខាងលើ គឺជាតំបន់អតីតសមរភូមិជួរមុខ ឋិតក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
កសិករដដែលបានបន្តឲ្យដឹងថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ កន្លងថ្មីៗនេះ គាត់បានយកត្រាក់ទ័រទៅភ្ជួរដីចម្ការ ខណៈដែលកំពុងភ្ជួរ ក៏ស្រាប់តែគ្រាប់នោះ បានប៉ើងតាមផាលត្រាក់ទ័រអណ្ដែតឡើងលើដី ឃើញបែបនេះ គាត់ក៏ចុះពីលើត្រាក់ទ័រ រួចរត់ទៅរាយការណ៍ដល់កម្លាំងសមត្ថកិច្ចដែលនៅក្បែរនោះភ្លាមៗតែម្ដង។
កម្លាំងនគរបាលមូលដ្ឋានស្រុកសំឡូត ក៏បានប្រាប់ឲ្យដឹងដែរថា យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺនៅសេសសល់តាំងពីសម័យសង្គ្រាម ព្រោះតំបន់ចម្ការខាងលើ ជាចំណុចសមរភូមិប្រយុទ្ធគ្នាយ៉ាងតឹងតែង។
សមត្ថកិច្ចបន្តថា គ្រាប់មីន១គ្រាប់ ដែលប្រជាកសិករបានភ្ជួរប៉ះ និងប្រទះឃើញនេះ គឺនៅមានប្រសិទ្ធភាព អាចបង្កការគ្រោះថ្នាក់ដល់មនុស្ស ឬសត្វបាន តែសំណាងល្អដែលម្ចាស់ចម្ការភ្ជួរលើតែមិនផ្ទុះ ដោយសារកម្លាំងកកិត និងកម្លាំងសង្កត់នៅមានកម្រិត ទើបមិនបង្កការគ្រោះថ្នាក់បែបនេះ។
បច្ចុប្បន្ន គ្រាប់មីនតោន ប្រឆាំងរថយន្តក្រោះ១គ្រាប់នេះ ត្រូវបានមន្ត្រីនគរបាលមូលដ្ឋានសហការជាមួយអង្គភាពកំចាត់មីនស៊ីម៉ាកយកទៅរក្សាទុកនៅទីកន្លែងមានសុវត្ថិភាព រង់ចាំពេលវេលាបំផ្លាញចោល៕
Source: Kampuchea Thmey Daily
0 Comments