Ad Code

ថវិកា​៧០​លាន​ដុល្លារ​ កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ផ្តល់​សម្រាប់​គម្រោង​កែលំអ​ផ្លូវជាតិ​លេខ​១ និង​លេខ​៦



ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍​អាស៊ី បាន​ផ្តល់​កម្ចីសម្បទាន​ចំនួន​៧០​លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋា​ភិបាល​កម្ពុជា សម្រាប់​គម្រោង​កែលំអ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៦ ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ចុះ​ហត្ថា​លេខា​កិច្ចសន្យា​លើ​កម្រិត​ជួសជុល​ថែទាំ​កំណាត់​ផ្លូវជាតិ​ទាំង ២​ខ្សែ​នេះ ឲ្យ​ទៅ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​របស់​ប្រទេស​ចិន ដើម្បី​ធ្វើការ​ស្ថាបនា​បន្ថែម​ទៀត ដោយ​ដាក់​លូ​សងខាង​ផ្លូវ​សម្រាប់​រំដោះ​ទឹកភ្លៀង​ផង​ដែរ។​

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បានទទួល​កម្ចី​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចំនួន​៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​យកមក​កែលំអ​បណ្ដាញ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវ​ជាតិ​លេខ​៦ ដែល​បច្ចុប្បន្ន​ជា​កម្រាល​កៅស៊ូ DBST ទៅជា​កម្រាល​កៅស៊ូ AC និង​ជួសជុល​ផ្លូវជាតិ​លេខ ៦ បច្ចុប្បន្ន​ដែល​កម្រាល​កៅស៊ូ AC ស្រាប់ និង​ស្ថាបនា​លូ​សងខាង​ផ្លូវ ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​។​

លោក ស៊ុន ចាន់ថុល មានប្រសាសន៍​បន្ត​ថា កា​រ​លើ​កម្រិត និង​ថែទាំ​ផ្លូវជាតិ​លេខ​១ នឹង​ធ្វើ​ឡើង​ពី​កំណាត់​គីឡូម៉ែត្រ​លេខ​៦៣ អ្នក​លឿង ដល់​គីឡូម៉ែត្រ​១៥៩ ក្រុង​បាវិត​ព្រំដែន​កម្ពុជា វៀតណាម និង​ផ្លូវជាតិ​លេខ ៦ ពី​កំណាត់​គីឡូម៉ែត្រ​លេខ​៣១៧ ក្រុង​សៀមរាប ដល់​គីឡូម៉ែត្រ​៣៦៧ ស្រុក​ក្រឡាញ​។ ក្រៅពី​គម្រោង​កែលំអ​ផ្លូវថ្នល់​នេះ ក៏មាន​ការស្ថាបនា​មន្ទីរ​ពិសោធន៍​សម្ភារៈ សំណង់​ចំនួន​៤​កន្លែង​ទៀត​នៅ​ខេត្ត​ក្រចេះ កំពត សៀមរាប និង​ខេត្ត​ពោធិ៍សាត់ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​ការស្ថាបនា​ផ្លូវថ្នល់ ឲ្យ​កាន់​តែ​មានគុណ​ភាព​រឹងមាំ​ល្អ​។​

ដោយឡែក​ការស្ថាបនា និង​ថែទាំ​កំណាត់​ផ្លូវ​ទាំងពីរ​នេះ​ ដែល​ផ្តល់​កិច្ចសន្យា​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​នោះ នឹង​ប្រើប្រាស់​រយៈពេល​សរុប​៥៤​ខែ ដោយ​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ពី​ខែ​មករា ឆ្នាំ​២០១៩ រហូតដល់​ខែ​មិថុនា ឆ្នាំ​២០៣០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu