Ad Code

សម្ដេច​ក្រឡាហោម ៖ ទស្សនកិច្ច​របស់​មេទ័ព​ជើងគោក​វៀតណាម​នៅ​កម្ពុជា គឺជា​សកម្មភាព​មួយ​ស្ដែង​ឲ្យ​ឃើញ​នូវ​ការ​បន្ត​ និង​អនុវត្ត​តាម​ស្មារតី​របស់​ថ្នាក់ដឹកនាំ​កំពូល​ នៃ​ប្រទេស​ទាំងពីរ​



​ភ្នំពេញ ៖ ថ្លែង​ក្នុង​ជំនួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក ហ្វា​ង​ ស៊ុន​ជៀន មេ​បញ្ជាការ​កងទ័ពជើងគោក​ព្រំ​ដែន​វៀតណាម នា​រសៀល​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ សម្ដេច​ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ បាន​ថ្លែងថា ទស្សនកិច្ច​របស់ លោក ហ្វា​ង ​ស៊ុន​ជៀន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សកម្មភាព​មួយ​ស្តែង​ឲ្យ​ឃើញ​នូវ​ការ​បន្ត​ និង​អនុវត្ត​តាម​ស្មារតី​របស់​ថ្នាក់ដឹកនាំ​កំពូល ​នៃ​ប្រទេស​ទាំងពីរ ​និង​ការ​បន្ត​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការ​នា​ពេលកន្លងមក ដែល​ លោក ហ្វា​ង​ ស៊ុន​ជៀន ជាមួយនឹង​ក្រសួងមហាផ្ទៃ ជាពិសេស​ជាមួយនឹង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ជា​ដៃគូ​សម​ភាគី​ធ្វើការ​ជាមួយគ្នា ហើយ​សម្ដេច​ក៏​គាំទ្រ​ភាគី​ទាំងពីរ ​បន្ត​ធ្វើ​កិច្ចការ​ជាមួយគ្នា​ឲ្យ​កាន់​តែ​ផុលផុស​ថែមទៀត​។

លោក​ឧត្ដមសេនីយ៍​ទោ ហ្វា​ង ស៊ុន​ជៀន មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ក៏បាន​អបអរ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​សន្តិសុខ និង​សន្តិភាព ដែល​នេះ​ស្ដែង​ឲ្យ​ឃើញ​នូវ​ការ​បន្ត​ធានា​ដល់​និរន្តរភាព នៃ​សន្តិសុខ និង​សន្តិភាព ក៏ដូចជា​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​ផងដែរ​។

លោក​ក៏បាន​អបអរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ទៅកាន់​ប្រទេស​វៀតណាម ដែលជា​ការរួមចំណែក​រឹតចំណង​សាមគ្គីភាព និង​មិត្តភាព រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ធំធាត់​ថែមទៀត​។​

មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​បាន​ជម្រាប​ជូន​សម្ដេច​ក្រឡាហោម ស ខេង ថា លោក​ក៏​ត្រូវ​ជួប​ធ្វើការ​ជាមួយ​ខាង​កងទ័ព​របស់​កម្ពុ​ជា​ផង​ដែរ ក្នុង​ស្មារតី​សហការ​កសាង​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍន៍​នៅ​តាម​ខ្សែ​បណ្តោយ​ព្រំដែន​។

លោក​ក៏បាន ​អរគុណ​សម្ដេច​ក្រឡាហោម ស ខេង ក៏ដូចជា​ខាង​កងទ័ព និង​សម្ដេច​តេ​ជោ ហ៊ុន សែន ជានិច្ចកាល​តែងតែ​ផ្តល់​កិច្ចសហការ និង គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ការកសាង​សន្តិសុខ និង​សន្តិភាព នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ ហើយ​លោក​នឹង​បន្ត​ជជែក​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដូចជា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ប្រកបដោយ​ស្មារតី​មិត្តភាព និង​ពង្រីក​ចំណងមិត្តភាព​ជាមួយគ្នា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu