រតនគីរី ៖ រថយន្តម៉ាកកាមរីស្វិត កាត់កែច្នៃទ្រុងមួយគ្រឿង ពាក់ស្លាកលេខ គ៤៦៦២-ភ,ព២ ពណ៌ប្រផេះ ត្រូវបានសមត្ថកិច្ចស្រុកកូនមុំក្របួចជាប់កាលពីពេលថ្មីៗនេះ។
ម្ចាស់រថយន្តនោះ ត្រូវបានគេស្គាល់ឈ្មោះថា ម៉ាប់ ភេទប្រុស អាយុជាងសាមសិបឆ្នាំ ជនជាតិខ្មែរ ជាឈ្មួញម្នាក់សកម្មក្នុងការដើរប្រមូលទិញឈើប្រណិតក្នុងតំបន់ភូមិដាច់ស្រយាលដែលគេសង្កេតឃើញ ដូចជា ភូមិក្របីជ្រុំ ស្រែគរ ខ្សាច់ថ្មី ស្រែសាម៉ី ស្រុកស្វាយរៀង ព្រំប្រទល់ជាប់ខេត្តរតនគិរី និងស្ទឹងត្រែង ហើយដឹកជញ្ជូនមកចែកចាយតាមដេប៉ូនានាក្នុងខេត្តរតនគិរីដោយគ្មានការញញើតបារម្ភក្រែងពីសំណាញ់ច្បាប់ហាមឃាត់បន្តិចសោះឡើយ។
ប្រតិបត្តិការស្ទាក់បង្ក្រាបពីសំណាក់សមត្ថកិច្ចនគរបាលស្រុកកូនមុំបានធ្វើឡើង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅវេលាម៉ោង២០និង៣០នាទីយប់ តាមកំណាត់ផ្លូវជាតិលេខ៧៨នៅត្រង់ចំណុច ភូមិ៤(គ៦០) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
សមត្ថកិច្ចចុះបង្ក្រាបខណៈនោះរួមមាន កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ សហការជាមួយនឹងកម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកកូនមុំ ដែលដឹកនាំដោយ លោក គួក ធឿន។
ដោយឡែក បើតាមការឲ្យដឹងពីសមត្ថកិច្ចដែលចុះបង្ក្រាប កាលពីយប់ថ្ងៃទី១៣ ខែឆ្នាំដដែលនោះថា ឈ្មួញឈ្មោះ ម៉ាប់ នេះ មានការទំនាក់ទំនងដ៏ល្អណាស់ជាមួយស្ថាប័នសមត្ថកិច្ចនៅក្នុងខេត្តដែលសុំមិនបញ្ចេញឈ្មោះមួយរូប។
ប្រភពបន្តថា ឈ្មោះ ម៉ាប់ នេះធ្លាប់បានដឹកជញ្ជូនឈើប្រណិតជាច្រើនលើកច្រើនសា យកឈ្មោះសមត្ថកិច្ចដែលមានអំណាចម្នាក់មកកាងជានិច្ច ដើម្បីបិទបាំងទង្វើអាក្រក់ ទទួលផលប្រយោជន៍ពីការបំផ្លិចបំផ្លាញធនធានធម្មជាតិ។
ដោយសារទេវតាប៉ារ៉ាមុខអំពើអាក្រក់ជួជាតិ ចៃដន្យ ត្រូវអស់លក្ខណ៍ទាន់ហន់ រថយន្តកែទ្រុងមួយនេះ សមត្ថកិច្ចចាប់បង្ក្រាបតែម្ដង។
សូម្បីសមត្ថកិច្ចមានអំណាចម្នាក់ដែល លោក ម៉ាប់ កាងនោះ ក៏ជួយលែងកើតដែរ ហើយលោក ម៉ាប់ ក៏បិទសាប៊ូគូទរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន រថយន្តកាមរីស្វិត និងឈើជាច្រើនប្រភេទ ឈើគគីរ មានចំនួន២១សន្លឹក កម្លាំងអធិការស្រុកកូនមុំ កំពុងបំពេញសំណុំបែបបទប្រគល់ទៅឲ្យជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់ និងបន្តទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments