Ad Code

ចាប់​ហើយ​ ចាប់​ទៀត​ នៅតែ​ចាប់​មិន​អស់ ​ក្រុម​អ្នកលក់​ថ្នាំញៀន​



ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ទៀត ​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ ​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ចំនួន​២​ទីតាំង​ផ្សេងគ្នា​ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ជាច្រើន​កញ្ចប់​ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ផងដែរ​។​ ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​ គឺធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​សំណង់​មិន​រៀបរយ តាមផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិការ​ខាងលើនេះ គឺ​ដោយសារ​តែ​មាន​បទបញ្ជា​ពី​លោក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​បញ្ជា​ដល់​កម្លាំង​នគរបាល​ទាំង​១២​ខណ្ឌ បើក​ប្រតិបត្តិ​ការស្រាវជ្រាវ​នូវ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឲ្យ​ខាន​តែ​បាន​។​

ហើយ​នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​គោលដៅ​ទី​១ ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សំ សុខ​ជា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​គ្រឿងញៀន​) ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ព្រមទាំង​ដកហូត​នូវ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤​កញ្ចប់ ក្នុងនោះ​មាន​១៣​កញ្ចប់​តូច និង ១​កញ្ចប់​ធំ ឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ទូរស័ព្ទ​ម៉ាក MI ពណ៌​ស ​ផ្កាឈូក មួយ​គ្រឿង និង​ប្រាក់​រៀល​ចំនួន​៣​ម៉ឺន​រៀល​។​ គោលដៅ​ទី​២ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ សៅ សេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​គ្រឿង​ញៀន​) ស្នាក់​នៅផ្ទះ​គ្មាន​លេខ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ​ព្រមទាំង​ដក​ហូត​ក្រាម​ពណ៌​ស ​ថ្លា​ចំនួន​១១​កញ្ចប់ ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន និង​ប្រាក់​រៀល​ចំនួន​២​ម៉ឺន​រៀល​។​

​ជាមួយនឹង​ការ​ចាប់​បង្ក្រាប​នោះ​ដែរ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ បាន​ធ្វើ​ការរិះគន់​ទៅ​លើ​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ថា ឃើញ​តែ​ចុះបង្ក្រាប​គ្រឿងញៀន​ជា​រៀងរាល់ថ្ងៃ តែ​មិនដែល​ឃើញ​ចាប់បាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​​ធំ​នោះ​ទេ​ បានតែ​អ្នកលក់​កំប៉ិកកំប៉ុក​តែប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​ ក៏បាន​ធ្វើការ​សំណូមពរ​ទៅ ​លោក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ មេត្តា​ជួយ​ពិនិត្យមើល​ទីតាំង​ខាងលើ​ផង​ ព្រោះថា​បទល្មើស​គ្រឿងញៀន​នៅ​ទីតាំង​នេះ​ សម្បូរ​ទៅដោយ​អ្នក​ជួញដូរ​ដូច​ផ្សារ​ត្រី​អញ្ចឹង​ ខ្លះទៀត​នាំគ្នា​ឈរ​លក់​ទាំងថ្ងៃទាំងយប់ ដោយ​មិន​ខ្លាច​កម្លាំង​សមត្ថកិច្ច​នោះទេ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ​រួម​ជាមួយនឹង​វត្ថុតាង​ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​ដើម្បី​កសាង​សំណុំរឿង​​បញ្ជូន​បន្ត​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu