ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ដែលកំពុងសិក្សា ហើយឆ្លៀតទូលចេកលក់យកលុយទៅចិញ្ចឹមគ្រួសារយ៉ាងលំបាកលំបិន បានទទួលអំណោយពី លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ។ ការប្រគល់អំណោយជាកង់ដ៏ថ្មីស្រឡាងបានប្រព្រឹត្តិធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ធ្នូ។
តាមប្រភពពី លោក យ៉ន់ សំអុន ជាគ្រូបង្វឹកបាល់ទាត់ក្រុមយុវជនកែវមុនី (KMN YFC) និងលោកកីឡាករជម្រើសជាតិ សារ៉េត គ្រីយ៉ា តំណាងឲ្យ លោក ពេជ្រ កែវមុនី បានប្រាប់កម្ពុជាថ្មីថា កាលពីពេលថ្មីៗនេះ លោក ពេជ្រ កែវមុនី បានឃើញកាសែតកម្ពុជាថ្មី សរសេរពីការតស៊ូរបស់ក្មេងស្រី ថាច់ រតនា អាយុ១៤ឆ្នាំ រៀននៅថ្នាក់ទី៦ ខ២ នៃសាលាបឋមសិក្សាច្បារអំពៅទី១ បានដើរលក់ចេកស្ងោរ ដើម្បីយកលុយទៅផ្គត់ផ្គង់ក្នុងគ្រួសារ ខណៈដែលគ្រួសារមានជីវភាពក្រីក្របំផុត។
ហើយបើទោះបីជាក្មេងស្រីខាងលើខិតខំដើរលក់ចេកស្ងោរតាមផ្ទះប្រជាពលរដ្ឋនៅចន្លោះពេលម៉ោងទំនេរពីការសិក្សា ក៏ប្អូនដាក់សៀវភៅសិក្សានៅតាមខ្លួន ដោយលក់បណ្ដើរ អានសៀវភៅបណ្ដើរ មើលទៅគួរឲ្យអាណិតណាស់។
ដោយសារមើលឃើញនូវការតស៊ូរៀនសូត្រ និងខិតខំដើរលក់ចេកស្ងោរយកលុយទៅផ្គត់ផ្គង់ក្នុងគ្រួសារ ហើយម្យ៉ាងទៀតឪពុកបង្កើតរបស់ក្មួយស្រីលែងលះជាមួយម្តាយរបស់ក្មួយតាំងពីក្មួយស្រីអាយុទើបបាន៦ខែ ធ្វើឲ្យ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យមានក្តីអាណិតអាសូរ ក៏បានទិញកង់ដ៏ថ្មីមួយគ្រឿងប្រគល់ឲ្យក្មួយស្រីសម្រាប់ជិះទៅរៀន និងដឹកចេកលក់កុំឲ្យលំបាកក្នុងការដើរលក់ចេកដោយថ្មើរជើងរាល់ថ្ងៃនេះ។
នៅពេលទទួលបានអំណោយជាកង់ពីតំណាងលោកអភិបាលខណ្ឌមានជ័យរួចមក ក្មេងស្រី ថាច់ រតនា និងម្តាយបង្កើតរបស់ក្មួយស្រី បានលើកដៃសំពះ និងសំដែងនូវក្តីត្រេកអរ រហូតដល់ស្រក់ទឹកភ្នែក ព្រោះបានការសន្ដោសពីលោកអភិបាលខណ្ឌមានជ័យ ខណៈដែលគ្រួសាររបស់ក្មេងស្រីចង់បានកង់សម្រាប់ដឹកចេកលក់ និងបានជិះទៅរៀនទៀតផង។
គួររំលឹកថា កន្លងមក លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានក្លិបយុវជនកែវមុនី(KMN YFC) លោកតែងតែជួយដល់សិស្សក្រីក្រនៅតាមបណ្ដាសាលានានា បណ្តាខេត្ត រួមទាំងជនពិការ ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា និងក្រុមសិល្បករ ដែលមានជំងឺ ដើម្បីជួយដល់ជីវភាពអ្នកដែលការលំបាកឲ្យមានសុខភាពប្រសើរឡើងវិញ ព្រោះការជួយគ្នាក្នុងគ្រាលំបាក គឺបានផលបុណ្យច្រើនណាស់៕
Source: Kampuchea Thmey Daily
0 Comments