ប្រដាល់ ៖ ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមកម្ពុជា សូត្រ ប៊ុនធី អ្នកប្រដាល់ក្លិបបក្សីស្លាបដែក ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មីស៊ុប ភើ(Suop Per)នៅ លើសង្វៀនWurkz របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ។ ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។
ស៊ុប ភើ នេះ មិនធ្លាប់មកប្រកួតនៅកម្ពុជាទេកន្លងមក។ បើតាមលោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានប្រាប់ឲ្យដឹងថា ស៊ុប ភើ គេជាអ្នកប្រដាល់ដែលមានថ្វីដៃល្អ និង ខ្លាំង។ ស៊ុប ភើ នេះ មានប្រវត្តិប្រកួតចំនួន៦៩លើក វាយឈ្នះ៥៧លើក ចាញ់១១លើក និងស្មើ០១លើក។
ចំណែក សូត្រ ប៊ុនធី គេក៏ជាជើងខ្លាំងរបស់កម្ពុជា និងជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះដែរ។ ក្រោយពេលឆ្លងកាត់ការប្រកួតជាមួយថៃជាង៤០លើក ដោយឈ្នះ៣១ លើក ចាញ់ ៥ លើក និងស្មើ ៧លើកនោះ បានធ្វើឲ្យគេមានបទពិសោធន៍កាន់តែច្រើនក្នុងការប្រកួត ដោយគេវាយជាមួយថៃ គឺគ្មានញញើតខ្លាចដូចពីមុននោះឡើយ។ ប៊ុនធី មានថ្វីកែង ជង្គង់ និងទាត់ល្អ វាយចេញចូលរហ័ស ហើយស្នៀតកណ្ដាប់ដៃ ក៏ល្អផងដែរ។
សូត្រ ប៊ុនធី មានកំណត់ត្រាប្រកួតចំនួន១១៥លើក វាយឈ្នះ៩១លើក ចាញ់២០លើក និងស្មើ០៤លើក។ កណ្ដាប់ដៃ កែង ជង្គង់និងជើងធាក់របស់ប៊ុនធី វាយចេញខ្លាំងនិងមានទម្ងន់ធ្ងន់គួរសមដែរ ។ ជាអ្នកប្រដាល់ដែលមិនចេះវាយបន្ធូដៃនោះទេ ឲ្យតែគេយល់ថាដៃគូអាចបង្ក្រាបបាន គឺគេមិនប្រោះទុកយូរទេ គេផ្ដួលយកឈ្នះតែម្ដង។ និយាយពីបច្ចេកទេស និងកលល្បិចនោះ ប៊ុនធី គេមានពេញខ្លួន។
ចាំមើល សូត្រ ប៊ុនធី គេអាចផ្តួលអ្នកប្រដាល់ថៃចំណូលថ្មី ស៊ុប ភើ បានដែរឬអត់?។ ប៊ុនធី គេឡើងរេញ១៥ប្រកួតចុងក្រោយនេះ គឺវាយឈ្នះថៃទាំង១៥ប្រកួតជាប់ៗគ្នា ដែលការប្រកួតលើកចុងក្រោយគេនោះ គឺគេបានយកឈ្នះស៊ីង ថង( Sing Thong )ដោយពិន្ទុ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ។
មាស សុជាតិ អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មីដែរ គឺប៉េក ស៊ី (Pek Sy )។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងទម្ងន់៦៥ គីឡូក្រាម។
ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាទេកន្លងមក ព្រោះ ប៉េក ស៊ី គេទើបតែមកស្រុកខ្មែរជាលើកដំបូងប៉ុណ្ណោះ។ ដូច្នេះ ការជួបប្រកួតលើកនេះ មិនដឹងថា នរណាជួបសំណាងល្អ នរណាជួបសំណាងអាក្រក់នោះទេ?។
មាស សុជាតិ គេវាយលឿន រហ័ស និងខ្លាំង ប៉ុន្តែហាក់ដូចជាមិនសូវមានផ្លែល្អនោះឡើយ។ ប៉ុន្តែយ៉ាងណា គេជាអ្នកប្រដាល់ដែលមានកម្លាំងកាយសម្បទារឹងមាំ វាយមិនចេះហត់នោះឡើយ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការប្រកួតលើកនេះ មិនដឹងថា មាស សុជាតិ អាចឈ្នះ ប៉េក ស៊ី បានឬអត់នោះទេ?។
ប៉េក ស៊ី គេក៏ល្អនិងខ្លាំងដែរ។ បើតាម លោក ញាណ សុធី ឲ្យដឹង។ អ្នកប្រដាល់ថៃរូបនេះ គេមានភាពខ្លាំងខាងជង្គង់ និង កែង ហើយពេលប្រកួតកៀកឬ អោបគ្នា ប៉េក ស៊ី ក៏ប៉ិនកាច់ផ្ដួលគូប្រកួតដែរ ។
តែយ៉ាងណា ប៉េក ស៊ី ប្រហែលជាមិនឈ្នះ មាស សុជាតិ នោះទេ ដោយសារ សុជាតិ គេខ្លាំងសម្រុកវាយយកៗ មិនដកដៃនោះ។ ដោយសារបែបនេះហើយ ទើបក្រុមអ្នកវិភាគកីឡាប្រដាល់ក្នុងស្រុក ក៏គេមិនហ៊ានថា ប៉េក ស៊ី ឈ្នះមាស សុជាតិ នោះដែរ ?។
មាស សុជាតិ មានប្រវត្តិប្រកួតចំនួន៨២លើក ឈ្នះ៦១លើក ចាញ់១៩លើកនិងស្មើ០២លើក ខណៈដែល ប៉េក ស៊ី គេមានប្រវត្តិប្រកួតចំនួន៦៦លើក ឈ្នះ៥៤លើក និងចាញ់១២លើក មិនដែលស្មើ។
ប៉េក ស៊ី បើតាមអ្នកដឹកនាំកីឡាករថៃមកប្រកួតឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ មានថ្វីដៃល្អ និង វាយខ្លាំង ដោយសារគេជាជើងខ្លាំងនៅស្រុកថៃ។ អ្នកប្រដាល់ថៃរូបនេះ មានសមត្ថភាពបច្ចេកទេសប្រដាល់កម្រិតខ្ពស់ ដែលមាស សុជាតិ មិនអាចមើលស្រាលបានឡើយ។
ដូច្នេះ ចាំមើល មាស សុជាតិ ជួបអ្នកប្រដាល់ថៃ ប៉េក ស៊ី លើកនេះ តើគេអាចយកឈ្នះបានដែរ ឬអត់?។
ចំពោះគូប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ម៉ន រិទ្ធី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក នឹងជួបប្រកួតជាមួយ ឫទ្ធិ សាស្ត្រាវុធ អ្នកប្រដាល់ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប។ ពីរនាក់ជួបគ្នាក្នុងទម្ងន់ ៥៧គីឡូក្រាម។ ចំណែក សយ សុខ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ប្រាក់ ឌីណា អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ។ ចាំមើល រវាង សយ សុខ និង ប្រាក់ ឌីណា តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ?៕
Source: Kampuchea Thmey Daily
0 Comments