ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ដែលកំពុងឡើងកូដ ឯម ឡេងលី ក្លិបថ្មគោលពោធិ៍សែនជ័យ បានវាយស្មើពិន្ទុ ជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ចេកស្យ៉ាម ស៊ិតចេមៀរ (Chet Siam Site Chamear) ក្នុងការជួបគ្នាកាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ចេកស្យ៉ាម ជាអ្នកប្រដាល់ថៃចំណូលថ្មី ដែលមានប្រវត្តិប្រកួតរហូតដល់១២៥លើកឯណោះ តែក្នុងការជួបជាមួយ ឯម ឡេងលី ដែលមានប្រវត្តិប្រកួតទើបបាន៤០លើកនោះ គេធ្វើអី ឡេងលី មិនបាននោះឡើយ។
ក្នុងការប្រកួតគ្នា៥ទឹកពេញនោះ ឯម ឡេងលី បានសម្រុកវាយទៅលើចេកស្យ៉ាមតាំងពីក្នុងទឹកទី១ទៅម្ល៉េះ ប៉ុន្តែមិនអាចផ្ដួលចេកស្យ៉ាម បាន។ ចេកស្យ៉ាម គេជាជើងខ្លាំងជើងចាស់ គេមិនខ្លាចនឹងការសម្រុកវាយរបស់ ឡេងលី ទេ ទោះបីឡេងលី ប្រើកែងក៏ដោយ ក៏គេនៅតែទប់បានដែរ ហើយពេលខ្លះគេធ្វើឲ្យ ឡេងលី ដួលលើរេញម្តងពីរដងដែរ។
ឯម ឡេងលី ដែលបានឈ្នះពិន្ទុលើចេកស្យ៉ាមនោះ ក៏ដោយសារបានពីការសម្រុកវាយក្នុងទឹកដំបូងដែរ គឺបានវាយចំគោលដៅច្រើន គ្រាន់តែមិនចំកន្លែងសំខាន់របស់ចេកស្យ៉ាមប៉ុណ្ណោះ។ អ្នកប្រដាល់ថៃរូបនេះ គេមានសមត្ថភាពខ្ពស់ និងជាម្ចាស់ខ្សែក្រវាត់ថែមទៀត។
មិនធម្មតាទេ យកម្ចាស់ខ្សែក្រវាត់មកជួបជាមួយឯម ឡេងលី ហើយ នៅតែមិនអាចយកឈ្នះ ឡេងលី បានទៀត។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។
ចំពោះ មាស សារ៉ាក់ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ដែលគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មីដែរ គឺ ថេត រ៉ាវី សនស៊ិត មួយថៃ ក្នុងទម្ងន់៦០គីឡូក្រាមនោះ មាស សារ៉ាក់ បានត្រឹមស្មើ និងប៉ិះចាញ់ថៃវិញទៀត។
សារ៉ាក់ ប្រកួតបីទឹកដំបូង វាយថៃ ថេត រ៉ាវី ឲ្យអាជ្ញាកណ្ដាលរាប់៨ ទាំង៣ទឹក ដោយ សារ៉ាក់ ប្រើកណ្ដាប់ដៃដាល់ចំមុខ ដួលពីរដង និងដួលដោយសារកែងម្តង។ តែ សារ៉ាក់ ក៏ប៉ិះតែនឹងចាញ់ ថេត រ៉ាវី វិញដែរនៅចុងទឹកទី៣ និងដើមទឹកទី៤ ដោយសារត្រូវ ថេត រ៉ាវី ទាត់ឲ្យខូចដៃខាងឆ្វេង ប៉ុន្តែក្រោយអាជ្ញាកណ្ដាលរាប់៨ពីរដងហើយ មាស សារ៉ាក់ បានបន្តការប្រកួតបានរហូតដល់ចប់ទឹកទី៥ ។
និយាយរួមចាប់ពីពាក់កណ្ដាលទឹក៣ រហូតដល់ទឹកទី៥នោះ គឺសារ៉ាក់ ចាញ់ថេត រ៉ាវី ដាច់តែម្ដង។
យ៉ាងណា ចប់ការប្រកួត សារ៉ាក់ បានស្មើជាមួយ ថេត រ៉ាវី។ ពីរនាក់នេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។
ដោយឡែក ក្នុងការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ លីន វិរៈ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ បានវាយឈ្នះ នួន រ៉ាថេន អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែងដោយពិន្ទុ បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះ។ ហើយ ឡុក ប៊ុនសំណាង អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម បានវាយឈ្នះប៉ុក វិបុល អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយពិន្ទុដែរ ក្រោយពីប្រកួតគ្នាប្រាំទឹកពេញដែរនោះ៕
Source: Kampuchea Thmey Daily
0 Comments