Ad Code

ក្រុម​អ្នក​នេសាទ​​១០​នាក់​ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​ចាប់​ខ្លួន



ព្រះសីហនុ ​៖ ​លោក​ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក និង​ជា​មេ​បញ្ជាការ​ទី​បញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ ជាតិ​សន្តិសុខ​លម្ហ សមុទ្រ បាន​ឲ្យ​ដឹង​ថា ទូក​នេសាទ​មួយ គ្រឿង​ប្រើ​ឧបករណ៍​បទល្មើស​ឆក់​ត្រី​ជា​ទ្រង់ទ្រាយ​ធំ ត្រូវ​បាន​ចាប់​ឃាត់ទុក ជាមួយ​នឹង​ឧបករណ៍​ល្មើសច្បាប់​មួយ​ចំនួន​ធំ​ ក្នុង​នោះ​ក៏បាន​ធ្វើការ​ឃាត់​ខ្លួន មនុស្ស​១០ ​ដែល​ជា​កម្មករ នៅ​លើ​ទូក​ផង​ដែរ គឺ​ចាប់​ក្នុង​ខណៈ​ពេល​ទូក​នេសាទ​នោះ ​កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​ឆក់​ជាក់ស្ដែង នៅ​ក្នុង លំហ​សមុទ្រ តំបន់ ទ្បាំ​ដាំ កាលពី​យប់ រំលង​អធ្រាត្រ​ ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក ឧ​ត្ត​មនា​វី​ឯក ទៀ សុខា បាន​បញ្ជាក់ថា ​ក្រុមមន្ត្រី សន្តិសុខ​លម្ហ សមុទ្រ ជា​រៀងរាល់ថ្ងៃ​តែងតែ ចេញ​ល្បាត​នៅ​គ្រប់​គោលដៅ ក្នុង​លំហ​​សមុទ្រ ដើម្បី​ត្រួតពិនិត្យ គ្រប់​សកម្មភាព​នៃ​បទល្មើស ហើយ​សម្រាប់​ទូក​នេសាទ ប្រើប្រាស់ ឧបករណ៍​ឆក់​ខាង​លើ​នេះ ត្រូវ​បាន​ចាប់​ឃាត់ទុក​ភ្លាមៗ​ជាមួយ​មនុស្ស​ចំនួន​១០​នាក់ ​ក្រោយ​ពិនិត្យ​ឃើញ​ថា​ បាន​ប្រើប្រាស់ ឧបករណ៍​ឆក់ ខុសច្បាប់​ក្នុងការ​នេសាទ។

បច្ចុប្បន្ន មនុស្ស​ចំនួន​១០​នាក់​ រួម​នឹង​វត្ថុតាង​ឧបករណ៍​ខុសច្បាប់ ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​ជំនាញ​ជលផល ខេត្ត​ព្រះសីហនុ ចាត់​តាម​នីតិ​វិធី​ច្បាប់ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ព្រះសីហនុ។

ជាមួយ​នឹង​ករណី​ទូក​នេសាទ​ប្រើប្រាស់ ឧបករណ៍​ឆក់​ខាង​លើ​នេះ មន្ត្រី​ជលផល ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ថា នេះ​ជា​ប្រភេទ​ឧបករណ៍​ល្មើស​ថ្មី ដែល​ក្រុម​ជនល្មើស​បាន​លួច នាំចូល ពី​ប្រទេស វៀតណាម យក​មក​ធ្វើ​សកម្មភាព​នេសាទ​លើ​ដែនសមុទ្រ​ខ្មែរ​យើង ​ហើយ​ឧបករណ៍​ប្រភេទ​នេះ បង្ក​​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ លើ​ជីវចម្រុះ​ ដែល​មាន​ជីវិត ក្នុង​បាត សមុទ្រ ពីព្រោះ​ឧបករណ៍​ប្រភេទ​នេះ អាច​នេសាទ​បាន​គ្រប់​ស្ថានភាព បើ​ទោះ​ជា​តំបន់​មាន​ថ្ម ក៏ដោយ គឺ​ឆក់​បាន​ទាំងអស់ មិន​ថា ត្រី​តូច ឬ​ធំ​នោះ​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បទល្មើស​នេសាទ នៅ​លើ​លំហ​សមុទ្រ ​មាន​ច្រើន​ប្រភេទ​ណាស់​ដូចជា​ ឧបករណ៍​ មង​ហោះ ប្រើប្រាស់​អួន​​ក្រឡា​ញឹក​.​ឧបករណ៍​បាញ់ថ្នាំ​បំពុល​ត្រី នៅ​តាម​ក្រហែង​ ថ្ម​ក្នុង​បាតសមុទ្រ .​ឧបករណ៍​​បំផ្ទុះ​គ្រាប់បែក .​ឧបករណ៍​បាញ់​ភ្លើង​ហ្វា បំបែក ភ្នែក​ត្រី ​រួម​នឹង​ទូក ប្រភេទ​ធំ​អូស​គួរ​ជាដើម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu