ក្រុមបាល់ទាត់Muangthong United សមាជិកក្នុងពានរង្វាន់លីគកំពូលប្រទេសថៃ ត្រៀមនឹងធ្វើដំណើរមកប្រទេសកម្ពុជាម្តងទៀត នៅដើមឆ្នាំក្រោយដើម្បីប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមម្ចាស់ផ្ទះ Cambodia All Stars នៅដើមឆ្នាំ២០១៩ ខាងមុខ ខណៈក្រុមទាំង២ធ្លាប់បានជួបគ្នាម្តងហើយកាលពីឆ្នាំ២០១៧ កន្លងទៅ។
យោងតាមប្រភពដែលគួរឲ្យទុកចិត្តមួយបញ្ជាក់ថា ក្រុម Muangthong United របស់ថៃនឹងប្រកួតជាមួយក្រុម Cambodia All Stars នឹងប្រកួតគ្នានៅពាក់កណ្ដាលខែកុម្ភៈ ខាងមុខ ខណៈកាលពីប៉ះគ្នាលើកទី២ក្រុម Muangthong United បានយកឈ្នះលើក្រុម Cambodia All Stars ដោយលទ្ធផល ៤ទល់០ ក្នុងថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ គ្រាប់បាល់ទាំង៤គ្រាប់របស់ក្រុម Muangthong United រកបានដោយកីឡាករជនជាតិប្រេស៊ីល Leandro Assumpcao រកគ្រាប់បាល់៣គ្រាប់ឲ្យក្រុមភ្ញៀវក្នុងនាទីទី៨, ១៤, ៨១ ខណៈមិត្តរួមក្រុមជនជាតិថៃ Ratchapol Nawanno ជាអ្នករកគ្រាប់បាល់១គ្រាប់ទៀតក្នុងនាទី២៥។
គោលដៅនៃការប្រកួតរវាងក្រុម Muangthong United និងក្រុម Cambodia All Stars កាលពីលើកទី១គឺដើម្បីដកស្រង់បទពិសោធន៍ រវាងក្រុមទាំង២ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រទេសទាំង ជាពិសេសគឺដើម្បីប្រមូលថវិកាសម្រាប់សកម្មភាពពង្រឹងសមត្ថភាពកីឡាករបាល់ទាត់វ័យក្មេងកម្ពុជានៅទូទាំង ២៥រាជធានី-ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។
ក្រុម Cambodia All Stars គឺជាការប្រមូលផ្ដុំកីឡាករល្អៗនៅក្នុងលីគកំពូលកម្ពុជា ទាំងកីឡាករខ្មែរនិងបរទេស ខណៈក្រុមនេះធ្លាប់បានប្រកួតមិត្តភាព៥លើករួចមកហើយ។ លោក ប្រាក់ សុវណ្ណារ៉ា និង លោក ទេព ឡុងរចនា ក៏ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមមួយនេះដែរខណៈចុងក្រោយលោក Leonardo Vitorino គឺជាគ្រូបង្វឹកម្តង។ ក្រុម Cambodia All Stars ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឡើងនៅចុងឆ្នាំ២០១៥ មកម្ល៉េះ៕
Source: Kampuchea Thmey Daily
0 Comments