Ad Code

កីឡាករ​កូរ៉េខាងជើង​២​នាក់​សមាជិក​ក្នុង​លី​គ​កំពូល​កម្ពុជា​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ ចេញទៅ​ប្រកួត​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីប



​កីឡាករ​បាល់ទាត់​២​រូប​ ដែល​ជា​ជនជាតិ​កូរ៉េខាងជើង​គឺ​កីឡាករ Ri Hyok Chol និង Kim Kyong Hun​ដែល​ប្រកប​អាជីព​នៅក្នុង​ក្លិប​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​កំណើត​របស់ខ្លួន​កោះហៅ​ឲ្យចូល​ក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង ត្រៀម​ចេញទៅ​ប្រកួត​ដណ្តើម​ពានរង្វាន់​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី AFC Asian Cup 2019​។



សូម​បញ្ជាក់​ថា ​ថ្មីៗ​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េខាងជើង បាន​កោះហៅ​កីឡាករ​២៣​នាក់​ដោយ​ក្នុងនោះ​មាន​កីឡាករ Ri Hyok Chol និង Kim Kyong Hun ឲ្យចូល​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង ដើម្បី​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ជម្រើសជាតិ​វៀតណាម មុន​បន្តដំណើរ​ទៅកាន់​ប្រទេស​កាតារ​ដែលជា​ទីកន្លែង​ត្រៀម​ប្រកួត​ពានរង្វាន់ AFC Asian Cup 2019 វគ្គ​ចែក​ពូ​ល​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​កីឡាករ​២​រូប​ខាងលើ និង​សមាជិក ៣​រូប​ផ្សេងទៀត រួមមាន Choe Myong Ho, Jang Song Hyok, និង​កីឡាករ Pak Song Chol ដែល​បាន​ជួប​ក្លិប​វិសាខា កាលពី​រដូវ​កាល​មុន បាន​នឹង​កំពុង​វិសម​កាល នៅ​ស្រុកកំណើត​របស់​ពួកគេ ។ អ្នក​ទាំង​៥​នឹង​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា វិញ​មុន​រដូវ​កាល​ឆ្នាំ​២០១៩ ចាប់ផ្តើម​។ យោង​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់​ថា ​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុងនោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។

ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង កំពុង​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី 2019 AFC Asian Cup ដែល​នឹង​ធ្វើឡើង​ពី​ថ្ងៃ​ទី​៥ ខែមករា ដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដែល​ប្រទេស​អារ៉ាប់​រួម ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​។ សម្រាប់​ក្រុម​ដែល​មាន​ឈ្មោះ​ចូលរួម​ប្រកួត​ទាំង​២៤​ក្រុម​គឺ​បែងចែក​ជា​ពូ​ល​ផ្សេងៗ​គ្នា​ដោយ​ក្នុង​នោះ​ពូ​ល A មាន​អារ៉ាប់​រួម​,​ថៃ​,​ឥណ្ឌា​,​ប៉ា​រ៉ែ​ន ពូ​ល B មាន​អូស្ត្រាលី​,​ស៊ី​រី​,​ប៉ា​ឡែ​ស្ទី​ន​,​ហ្សកដានី ពូ​ល C មាន​កូរ៉េខាងត្បូង​,​ចិន​,​គី​ជី​ស្ថាន​,​ហ្វីលីពីន ពូ​ល D មាន​អ៊ីរ៉ង់​,​អ៊ីរ៉ាក់​,​វៀតណាម​,​យេ​មែន ពូ​ល E មាន​អារ៉ាប់​ប៊ី​សា​អូឌីត​,​កាតារ​,​លី​បង់​,​កូរ៉េខាងជើង ពូ​ល F មាន​ជប៉ុន​,​អ៊ូ​ប៊ែ​គីស្ថាន អូម៉ង់​, គួរមេនីស្ថាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu