Ad Code

ក្រុមបាល់ទាត់​វិសាខា រៀប​ផែនការ​បង្កើត​ពានរង្វាន់​ក្រៅផ្លូវការ​កម្តៅ​សាច់ដុំ​មួយ​នៅ​ចុងរដូវ​កាល​២០១៩



ក្លិប​បាល់ទាត់​វិសាខា សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ថា​ក្លិប​របស់ខ្លួន​ត្រៀម​បង្កើត​ពានរង្វាន់​កម្តៅ​សាច់ដុំ​មួយ (Pre-Season) នៅក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៩​ខាងមុខ ដោយ​អញ្ជើញ​ក្រុម​ខ្លាំងៗ​ក្នុងស្រុក​មួយចំនួន​ចូលរួម​ប្រកួតប្រជែង​។



​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា «​ពេល​បញ្ចប់​លី​គ​រដូវ​កាល​២០១៩ យើង​កំពុង​រៀបចំ​ផែនការ​មួយ ហៅថា Visakha Pre-Season Tournament​។ ក្នុង​គម្រោង យើង​មាន​រៀបចំ​ការប្រកួត​ពាន​មួយ​ដែល​រៀបចំ​ដោយ​វិសាខា​តែម្ដង ដោយ​យើង​កំពុង​សិក្សា​ថា​តើ​យក​ក្រុម Top 4 ឬ Top 6 នៅក្នុង MCL ដើម្បី​បង្កើត​ឲ្យ​មានការ​ប្រកួត​កាន់តែ​ច្រើន​។ ឥឡូវ​យើង​កំពុង​សិក្សា​ពី​គម្រោង​នេះ​»​។ ថ្នាក់ដឹកនាំ​ក្លិប​រូបនេះ​ជឿជាក់​ថា ​ពានរង្វាន់​មិត្តភាព​នេះ​ធ្វើឡើង​ដើម្បី​បង្កើត​ការប្រកួតប្រជែង​កាន់តែច្រើន​ថែមទៀត​។

សូម​បញ្ជាក់​ថា ថ្មីៗ​នេះ ថ្នាក់ដឹកនាំ​ក្លឹប​វិសាខា បានសម្រេច​ប្តូរ​សមាសភាព​ដឹកនាំ​ថ្មី​ដោយ​ចាប់ពី​រដូវ​កាល​ឆ្នាំ​២០១៩ តទៅ​ដោយ​ប្រគល់​តួនាទី​ជា​ប្រធាន​ក្លិប​ជូន​លោកជំទាវ កែ សួន​សុ​ភី ស សុខា វិញ ស្រប​ពេល​ប្រធាន​ក្លិប​ចាស់ ឯកឧត្តម ស សុខា មិនមាន​ពេលវេលា​គ្រាប់​គ្រាន់​ដើម្បី​ដឹកនាំ​ក្លិប ព្រោះ​លោក​កំពុង​មមាញឹក​ជាមួយ​តំណែង​ដែល​ទើប​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។



ក្រុម​វិសាខា បាន​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​លោក ស សុខា នៅ​កាលនោះ​។ បច្ចុប្បន្ន​ក្លឹប​មាន​កីឡាករ​ជាង​៣០​នាក់ ដែល​មាន​លោក ហុក សុចិ​ត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួរ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។ ក្រុម​វិសាខា បាន​កសាង​កីឡដ្ឋាន​ថ្មី​ផ្ទាល់ខ្លួន មាន​ទីតាំងនៅ​តាមផ្លូវ​លេខ​៥៩៨ ខាងឆ្វេង​ដៃ​ខ្លោងទ្វារ Grand Phnom Penh​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​ទស្សនិកជន​ប្រមាណ​ជាង​៥០០០​នាក់ ដែលមាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ​។

សូម​រំលឹក​ថា ​ចំពោះ​ក្រុម​វិសាខា បាន​បញ្ចប់​រដូវ​កាល​ចាស់​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣ ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​២២​លើក ឈ្នះ​បាន​១៤​លើក ហើយ​ស្មើគ្នា​៣​លើក និង​ចាញ់​៥​លើក​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​វិសាខា បាន​ធ្លាក់​ចេញក្រុម​ព្រះខ័ន​រាជស្វាយ​រៀង​២ទល់១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu