ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវទៅកាន់ប្រទេសមហាអំណាចនិងប្រទេសលោកសេរីមួយចំនួនថា«កុំឲ្យសាងកំហុសជាលើកទី៣នៅលើទឹកដីកម្ពុជា »។ សម្តេចសង្ឃឹមថា ប្រទេសទាំងនោះ នឹងមិនធ្វើកំហុសលើកទី៣ ដែលដាក់ទណ្ឌកម្មចំពោះអ្នកដែលបានខិតខំរក្សាសន្តិភាព ខិតខំរក្សានូវសេចក្តីសុខ និង អាយុជីវិតរបស់ប្រជាជនដើម្បីធានាដល់ការអភិវឌ្ឍនោះទេ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងអំពីបញ្ហានេះ នៅក្នុងឱកាសដែលសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម្ពោធវិមាន ឈ្នះ ឈ្នះ កាលព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ។ ការថ្លែងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវបានអ្នកវិភាគចាត់ថាជានិយាយសំដៅដល់សហរដ្ឋអាមេរិកនិងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួននៅអឺរ៉ុប ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងអន្លង់ភ្លើងសង្គ្រាមដ៏វេទនារយៈពេលជិត៣ទសវត្សរ៍ក៏ដោយសារតែការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋក្នុងសម័យសង្គមរាស្ត្រនិយមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុមសេនាប្រមុខ លន់ នល់, ស៊ីសុវត្ថិ សិរីមតៈ ,អ៊ិន តាំ និង ចេង ហេង ជាដើមដោយមានសហអារដ្ឋអាមេរិកជាបង្អែក។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ «សូមអ្នកទាំងឡាយកុំបង្កការរំខាន កុំបង្កសង្គ្រាមរាំងជល់តាមល្បិចកលរបស់ដែលហៅថា លទ្ធិប្រជាធិបតេយ្យ ឬ សិទ្ធិមនុស្ស ដែលទីចុងបំផុតសូម្បីតែប្រទេសប្រជាធិបតេយ្យក៏ធ្លាប់បានកសាងកំហុសគឺគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់។ សូមឲ្យអ្នកទាំងឡាយក្តាប់ឲ្យជាប់មេរៀនពីអតីតកាល។ ប្រទេសមួយចំនួនក្តាប់ឲ្យជាប់មេរៀនពីអតីតកាល កុំកសាងកំហុសលើកទី៣ ។ កំហុសលើកទី១ អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែអ្នកបានគាំទ្ររដ្ឋប្រហារយោធា តើនោះជាលទ្ធិប្រជាធិបតេយ្យ ឬក៏ជាលទ្ធិយោធានិយម? ឯទី២ អ្នកធ្លាប់បានគាំទ្រ ប៉ុល ពត ដែលសម្លាប់មនុស្សដោយគ្មានបានគិតគូរអំពីសិទ្ធិមនុស្សនោះទេ។ អ្នកបានគាំទ្រពួកគេឲ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល ១២ឆ្នាំ។ ដូច្នេះសង្ឃឹមថា ប្រទេសទាំងនោះនឹងមិនធ្វើកំហុសលើកទី៣ ដែលដាក់ទណ្ឌកម្មចំពោះអ្នកដែលបានខិតខំរក្សាសន្តិភាព ខិតខំរក្សានូវសេចក្តីសុខ និង អាយុជីវិតរបស់ប្រជាជនដើម្បីធានាដល់ការអភិវឌ្ឍនោះទេ» ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដែលអាមេរិកធ្វើជាបង្អែកនាំឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នោះ គឺជាកំហុសទី១ របស់សហរដ្ឋអាមេរិក ហើយអាមេរិកបានសាងកំហុសមួយទៀត គឺគាំទ្ររបបខ្មែរក្រហមឲ្យអង្គុយនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំ ដោយធ្វើមិនឃើញពីការកាប់សម្លាប់របស់របបប៉ុលពតមកលើប្រជាពលរដ្ឋកម្ពុជាយ៉ាងឃោរឃៅនោះទេ ។
សម្តេចបានលើកជាសំណួរថា ហេតុអ្វីបានជាយើងត្រូវមាននយោបាយ ឈ្នះ ឈ្នះ ?យើងត្រូវចាំបាច់ត្រូវដឹងពីប្រវត្តិរបស់យើងអោយបានច្បាស់ ទី១-សង្គ្រាមបានចាប់ផ្ដើមពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលជាចំណុចចាប់ផ្ដើមនៃសោកនាដកម្មរបស់ប្រជាជនកម្ពុជាយើង។ ប្រទេសកម្ពុជាដែលធ្លាប់តែគេហៅថាកោះសន្តិភាព ពេលនោះកម្ពុជាដឹកនាំដោយសម្ដេចព្រះនរោត្ដមសីហនុ ។ ប៉ុន្តែកោះសន្តិភាពនោះ ក៏ត្រូវទទួលរងនូវការគំរាមកំហែងជាបន្តបន្ទាប់ពីសង្គ្រាមនៅវៀត ណាម ខាងត្បូង តាមរយៈការទម្លាក់គ្រាប់បែកនិងការឈ្លានពាន ។ ប៉ុន្តែយើងបានក្លាយទៅជាប្រទេសដែលមានសង្គ្រាមទាំងស្រុងបន្ទាប់ពី លន់ ណុល បានផ្ដួលរំលំព្រះនរោត្តមសីហនុធ្វើអោយប្រទេសដែលជាកោះសនិ្តភាពក្លាយទៅជាសង្គ្រាម ។ ការប្រយុទ្ធគ្នាអស់រយៈពេល ៥ ឆ្នាំ ជោគជ័យបានធ្លាក់ទៅលើរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។ ក៏ប៉ុន្តែត្រូវបានឆក់ប្លន់ដោយពួកប្រល័យពូជសាសន៍ ប៉ុល ពត ។ ធ្វើឲ្យប្រជាជននៅបន្តស្លាប់នៅក្នុងរបប ប៉ុល ពត បន្តទៀត ត្រង់នេះហើយទើបមានចាប់ផ្ដើមបង្កើតឡើងនូវចលនាតស៊ូដើម្បីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា សុខសន្តិភាពមួយនេះមានតម្លៃខ្លាំងណាស់សម្រាប់កម្ពុជា។សុខសន្តិភាពនេះបានធ្វើឲ្យសង្គមកម្ពុជាមានការអភិវឌ្ឍពីប្រទេសគ្មានការផ្លាស់ប្តូរពាណិជ្ជកម្ម មកជាប្រទេសមានទំហំពាណិជ្ជកម្មប្រមាណ ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ នាពេលបច្ចុប្បន្ន ដែលក្នុងនោះ ការនាំចេញរបស់កម្ពុជាមានរហូតដល់ ១២ពាន់លានដុល្លារអាមេរិក។ ពីប្រទេសគ្មានអ្នកទេសចរ មកជាប្រទេសមានអ្នកទេសចរជិត ៦លាននាក់ក្នុងមួយឆ្នាំ ។ ប្រជាពលរដ្ឋកម្ពុជាបានប្រែក្លាយពីប្រជាជនគ្មានចំណូលប្រចាំឆ្នាំមកជាប្រជាជនមានចំណូលប្រមាណជាង ១៤០០ ដុល្លារក្នុងមួយឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments