Ad Code

ប៊ែ​ល​ធី​ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជូន​ដល់​សិស្ស​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៣ ចំនួន ១០៣៤​នាក់​



​ភ្នំពេញ ​៖ សាលា​ប៊ែ​ល​ធី​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជូន​ដល់​សិស្ស​ប៊ែ​ល​ធី ដែល​បាន​ប្រឡង​ជាប់​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ ជំនា​ន់ទី​១៣ ចំនួន​១០៣៤​នាក់ នៅ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ (​ទួលស្លែង​) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អគ្គនាយក​ប៊ែ​ល​ធី​គ្រុប និង​លោកស្រី​។​

លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បានអោយដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​២២​សាខា ក្នុងនោះ ១៩​សាខា កំពុងដំណើរការ និង​០៣​សាខា កំពុង​សាងសង់ ដែលមាន​សិស្ស​កំពុង​សិក្សា ៤១.៤៥១​នាក់​។ សាលា ក៏បាន​បង្កើត កម្មវិធីសិក្សា​បន្ថែម​ធំៗ ចំនួន​៨ សម្រាប់​ថ្នាក់​ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស រួមមាន ទី​១.​កម្មវិធី​បង្កើន​ចំណេះដឹង​ទូទៅ ទី​២.​កម្មវិធី​ពង្រឹងស្មារតី ទី​៣.​កម្មវិធី ទស្សនកិច្ច​សិក្សា ទី​៤.​កម្ម​វិធិ​សិក្សា​តាម​ទូរទស្សន៍ ទី​៥.​កម្មវិធី​ប្រឡង​សំណេរ ទី​៦.​កម្មវិធី​ប្រកួតប្រជែង​គណិតវិទ្យា ទី​៧.​កម្មវិធី​ប្រកួតប្រជែង ទេពកោសល្យ និង​ទី​៨.​កម្មវិធី​កីឡា ហើយ​ក្នុង​ឆ្នាំ​សិក្សា​នេះ សាលា​កំណត់​យក ថ្នាក់​វិទ្យាសាស្ត្រ ស្របតាម​កម្មវិធី​ស្តែ​ម (STEM: Science, Technology, Engineering, Mathematics) របស់​ក្រសួង​អប់រំ និង​បង្កើត​បន្ទប់ពិសោធន៍ (Laboratory) សម្រាប់​ថ្នាក់​ទី​៧-១២ លើ​មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា​។ សាលា​ក៏បាន​បន្ត​បើក​ថ្នាក់​បំប៉នបន្ថែម និង​ថ្នាក់​ពិសេស សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២​ផងដែរ​។​

ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប បាន​កោតសរសើរ​ចំពោះ សិស្ស​ជ័យលាភី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។ លោក​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា និង​អាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​បាន​ផ្តល់ឱកាស និង​ជំរុញ​ឲ្យ​កូនៗ​បាន​សិក្សា​បន្ថែម​នៅផ្ទះ និង​គោរព​វិន័យ​សាលា​បានល្អ​។ លើសពីនេះ​ទៀត លោក​បណ្ឌិត ក៏បាន​កោតសរសើរ​ចំពោះ សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ដែល​រក្សាបាន​ជើងឯក​លេខ​១ និង​លេខ​២ ទូទាំងប្រទេស​ជាប់ៗ​គ្នា​រយៈពេល​០៤​ឆ្នាំ ហើយ​ឆ្នាំ​២០១៨​នេះ សិស្ស ប៉េង គីមហេង ក៏បាន​រក្សា​ជើងឯក​លេខ​២ និទ្ទេស A លេខ​២ ទូទាំងប្រទេស និង​មាន​សិស្ស​និទ្ទេស​A ៤២​រូប​ផងដែរ ឆ្នាំ​២០១៧ មាន​សិស្ស​និទ្ទេស​A ២៦​រូប ឆ្នាំ​២០១៦ មាន​សិស្ស​និទ្ទេស​A ២០​រូប និង​ឆ្នាំ​២០១៥ មាន​សិស្ស​និទ្ទេស​A ៦​រូប សរុប​សិស្ស​និទ្ទេស​A ទាំង ៤​ឆ្នាំ មាន​ចំនួន ៩៤​រូប​។​

លោក​បណ្ឌិត លី ឆេង ក៏បាន​បន្ថែមទៀតថា ដោយ​មានការ​សំណូមពរ​ពី​មាតាបិតា អាណាព្យាបាល និង​សិស្ស​-​និស្សិត ក្នុង​ឆ្នាំ​២០១៨​នេះ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​បាន​បើក​កម្មវិធីសិក្សា​ជា​ភាសាជាតិ បន្ថែម​លើ​កម្មវិធីសិក្សា​អន្តរជាតិ ដែលមាន​ស្រាប់ ដោយ​បង្រៀន​ជា​ពីរ​ភាសា គឺ​ភាសា​ខ្មែរ រួមជាមួយ​ភាសា​អង់គ្លេស និង​ផ្តល់ជូន​ថ្នាក់​បំប៉ន​ភាសា​អង់គ្លេស​៤០​ក្រេ​ឌី​ត និង​កុំព្យូទ័រ​១​ឆ្នាំ ដោយ​ឥតគិតថ្លៃ ដើម្បី​បំពេញ​សេចក្តីត្រូវការ និង​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​និស្សិត​ក្នុងការ​សិក្សា និង​ទទួលបាន​នូវ​គុណភាព​អប់រំ​ខ្ពស់​ក្នុង​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។​

សាកលវិទ្យាល័យ មាន​កម្មវិធីសិក្សា​០៥​ធំៗ​ដូចជា ថ្នាក់​បំប៉ន​ភាសា​អង់គ្លេស ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ចូលរៀន ១​ឆ្នាំ ២​ដង​គឺ ខែតុលា និង​ខែមីនា ដោយ​សិក្សា​លើ​មុខជំនាញ​សំខាន់ៗ ដែល​ស្រប​នឹង​តម្រូវការ​ទីផ្សារការងារ​បច្ចុប្បន្ន និង​ទៅ​អនាគត ស្របតាម​សម្ព័ន្ធ​អប់រំ​អាស៊ាន “​ជំនាញ​អនាគត សម្រាប់​អាជីព​អនាគត​”​។​

លោក​បណ្ឌិត លី ឆេង ក៏បាន​បន្ថែមទៀតថា ក្នុង​ឆ្នាំ​២០១៩​នេះ សាលា ប៊ែ​ល​ធី អន្តរជាតិ និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ នឹង​បើក​ភាសា ចិន ជប៉ុន និង​បារាំង ដើម្បី​ឲ្យ​សិស្ស​-​និស្សិត​មានចំណេះដឹង​ច្រើន​ភាសា ងាយស្រួល​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ផង​។ ឯកឧត្តម​បណ្ឌិត ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ សិស្ស​ជ័យលាភី​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​បន្ត​ការសិក្សា​បន្ថែមទៀត​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ដើម្បី​បង្កើន​ចំណេះដឹង​របស់ខ្លួន ដណ្តើម​ទីផ្សារការងារ​ជាតិ និង​អន្តរជាតិ ព្រមទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​ទាំងមូល​។ បន្ទាប់មក​លោក​បណ្ឌិត ប្រធាន​គណៈអធិបតី ក៏បាន​ចូលរួម​អបអរសាទរ និង​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​ជ័យលាភី​ទាំង​១០៣៤​នាក់ នាពេលនោះ​ផងដែរ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu