តាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តតាកែវសហការជាមួយសមត្ថកិច្ចខេត្តត្បូងឃ្មុំធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចហើយរត់គេចបានប៉ុន្មានថ្ងៃ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យក្នុងករណីលួចនេះ ធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨វេលាម៉ោង១០និង៣០នាទី ដោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងដែរ។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជំនាញលោកបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តត្បូងឃ្មុំ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ អៀង ធារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅចំណុចភូមិត្រពាំងកក់ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកអធិការបន្តថា ជនសង្ស័យបានប្រព្រឹត្តអំពើលួចមានស្ថានទម្ងន់មួយករណីកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី ស្ថិតនៅភូមិកប្បាស ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចបានគេចខ្លួនបាត់ចាប់តាំងពីថ្ងៃប្រព្រឹត្ត។ ក្រោយមានតម្រុយ និងស្រាវជ្រាវពីសំណាក់សមត្ថកិច្ចខេត្តត្បូងឃ្មុំរហូតដឹងមុខសញ្ញាជនសង្ស័យមកលាក់ខ្លួននៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានសហការកម្លាំងគ្នាចាប់បានតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យ ដែលសមត្ថកិច្ចបង្ក្រាបបាន ត្រូវបានប្រគល់ជូនកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តត្បូងឃ្មុំ ដើម្បីយកទៅចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments