Ad Code

សម្តេច​តេ​ជោ​ ៖ នយោបាយ ឈ្នះ ឈ្នះ បាន​នាំមក​នូវ​ផលប្រយោជន៍​ចំនួន​៧ ដល់​សង្គមជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ



ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានធ្វើ​ការពន្យល់​អំពី​អត្ថន័យ និង​ផលប្រយោជន៍​ពិតប្រាកដ ដែល​បានមកពី​នយោបាយ ឈ្នះ ឈ្នះ។ ក្នុង​នៅ​នយោបាយ ឈ្នះ ឈ្នះ បានផ្តល់​នូវ​ផលប្រយោជន៍​មួយចំនួន ដែល​នាំមក​នូវ​ការឯកភាព​ទឹកដី​បានបញ្ចប់​សង្គ្រាម​ប្រដាប់អាវុធ​ទាំងស្រុង​ដែល​នាំមក​នូវ​ការអភិវឌ្ឍ​ប្រទេសជាតិ។​

នៅក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​«​នយោបាយ​ឈ្នះ ឈ្នះ​»​និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​«​នយោបាយ​ឈ្នះ ឈ្នះ​»​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ពន្យល់​អំពី​អត្ថន័យ​និង​ផលប្រយោជន៍​ពិតប្រាកដ​នៃ​នយោបាយ ឈ្នះ ឈ្នះ​។​



ផលប្រយោជន៍​ទី​១-​សង្គ្រាម​និង​ជម្លោះ​ប្រដាប់​អាវុធ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ការ​ស្លាប់​ឬ​របួស ឬ​ការប្រើប្រាស់​ដោយសារ​សង្គ្រាម​មិន​មាន​ទៀត​ទេ រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ។ យើង​ត្រូវ​ដាក់​តាំង​ជា​សំណួរ​ថា ប្រសិន​រយៈពេល​២០ ឆ្នាំនេះ សង្គ្រាម​នៅតែ​បន្ត​តើ​ជីវិត​មនុស្ស​ស្លាប់​អស់​ប៉ុន្មាន ?​ពិការ​ប៉ុន្មាន​? ត្រូវ​ប្រើ​ថវិកា​ប៉ុន្មាន​? តើ​យើង​មានលទ្ធភាព​ដើម្បី​កសាង​ប្រទេស​ដូច​សព្វថ្ងៃនេះ​ឬទេ​? នោះ​ហើយ​ជា​សំណួរ​ដែល​មនុស្ស​គ្រប់រូប សូម្បីតែ​អ្នក​ដែល​ប្រឆាំង​ផ្កាប់មុខ​ដល់​ណាក៏ដោយ ក៏​សូម​ទទួលស្គាល់​នូវ​ការពិត​នេះ អ្នក​បាន​ចូល​មហាវិទ្យាល័យ អ្នក​បាន​ចូល​សាលា អ្នក​បានធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង​ក្នុង​ផ្ទៃ​ប្រទេស​គឺ​វា​បានចាប់ផ្ដើម​ចេញពី​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង ហើយ​យុទ្ធជន យុទ្ធ​នារី របស់​យើង​គឺ​មិនមាន​ការស្លាប់​ឬ​របួស ឬ​ការព្រាត់ប្រាស់​គ្នា​ទៀត​ទេ ក្នុង​រយៈពេល​២០ ឆ្នាំ​កន្លងមកនេះ​។​



ផលប្រយោជន៍​ទី​២-​ដំណើរការ​បញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ពី​ដើមឆ្នាំ​១៩៩៦ ដល់​ចុងឆ្នាំ ១៩៩៨ ជាង​២​ឆ្នាំនេះ យើង​មិនបាន​ប្រើប្រាស់​គ្រាប់កាំភ្លើង​សូម្បី ១​គ្រាប់​ដើម្បី​ដោះស្រាយ​នោះទេ​។ យើង​ដោះស្រាយ​ដោយ​ការយោគយល់​ជឿជាក់​រវាង​ខ្មែរ និង ខ្មែរ​ដោយ​គ្មាន​ការ​បង្គាប់បញ្ជា​ពី​បរទេស ការ​ជឿទុកចិត្ត​គ្នា​នេះហើយ​ដែល​ធ្វើអោយ​យើង​មាន​សន្តិភាព​រឹងមាំ​រយៈ​ពេល ២០ ឆ្នាំកន្លងមក នេះ​ជា​ចំណុច​ពិសេស​ខ្លាំងណាស់ ។ ប្រទេស​ខ្លះ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ ប៉ុន្តែ​កិច្ចព្រមព្រៀង​ឈប់​បាញ់​មិនបាន​អនុវត្ត​ទេ ទាំង​ប្រទេស​នៅក្នុង​តំបន់​យើង​នេះ​និង​មាន​ប្រទេស​នៅក្រៅ​តំបន់​យើង​សុទ្ធ​តែមាន​កិច្ចព្រមព្រៀង​ឈប់​បាញ់។ ក៏ប៉ុន្តែ​នយោបាយ ឈ្នះ ឈ្នះ របស់​យើងខ្ញុំ​ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​នោះទេ សូម្បី​មួយ​តួអក្សរ ​ គ្រាន់​តែមាន​គោលនយោបាយ ៣ ចំណុច ដូចដែល​បានបញ្ជាក់​តែប៉ុណ្ណោះ​។ នេះ​ការ​ដោយសារ​ជឿទុកចិត្ត​គ្នា។ ​ជំនឿ​ទុកចិត្ត​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើងខ្ញុំ​មិនចាំបាច់​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ហើយក៏​គ្មាន​សកម្មភាព​នេះ​ហាក់​មានការ​លេចឡើង​ណាមួយ​ជម្លោះ​រវាង​ក្រុម​នេះ​ឬ​ក្រុម​នោះ នោះទេ នេះ​គឺជា​រឿង​ដ៏​ពិសេស​ពិសាល​បំផុត​ដែល​បានធ្វើ​ឲ្យ​អតីត​បួន​ភាគ​ទី​មក​នៅតែ​ភាគី​មួយ​ប៉ុណ្ណោះ ហើយ​ក្លាយទៅជា​កងទ័ព​ជាតិ​តែមួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​។



ផលប្រយោជន៍​ទី​៣-​សំខាន់បំផុត​គឺជា​ការឯកភាព​ទឹកដី​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​និង​ឈឺចាប់​រាប់រយឆ្នាំ​របស់​កម្ពុជា ។ សម្តេច​បាន​រំលឹកថា ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា តាមរយៈ​មហា​បុរស​ខ្មែរ យើង​នឹង​បានដឹងថា ចាប់តាំងពី​សម័យ​ក្រោយ​ពញាយ៉ាត​នា​ឆ្នាំ​១៤៧០ រហូតមក ជាតិខ្មែរ​តែងមាន​តំបន់​ត្រួតត្រា​ច្រើន​ក្នុងពេល​តែមួយ ។

ផលប្រយោជន៍​ទី​៤-​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​សមរភូមិ​ប្រយុទ្ធ លែងមាន​ការព្រួយបារម្ភ​រឿង​សង្គ្រាម​និង​លែង​ព្រួយបារម្ភ​រស់នៅ​ព្រាត់ប្រាស់​គ្នា​រវាង​ប្តី ប្រពន្ធ និង​កូន​ទៀតហើយ​។​

ផលប្រយោជន៍​ទី​៥-​កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួលបាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដែល​បាន​ឈាន​ពី​ប្រទេស​ក្រីក្រ​ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ទាប​និង​ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ហើយនឹង​ឆ្ពោះទៅកាន់​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ក្រោយពី​បញ្ចប់សង្គ្រាម​គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ២ សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​គឺ​១.​ប្រែក្លាយ​តំបន់​សមរភូមិ ទៅជា​តំបន់​អភិវឌ្ឍន៍​និង​តំបន់​ទីផ្សារ និង ២. ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍​។​



ផលប្រយោជន៍​ទី​៦-​ប្រទេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ តាមរយៈ​កិច្ចប្រជុំ​អន្តរជាតិ​សំខាន់ៗ​ជាច្រើន​ដូចជា EMEC, CLMV និង CLV ជាដើម​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏​ធ្លាប់​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​២​លើក​មកហើយ និង​ត្រៀមខ្លួន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ជាច្រើន​ទៀត​។ ទន្ទឹមនឹងនេះ កម្ពុជា​ក៏បាន​បញ្ជូន​កងទ័ព​ទៅ​ចូលរួម​រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ផងដែរ​។​

ផលប្រយោជន៍​ទី​៧-​ក្រោយពេល​បញ្ចប់សង្គ្រាម​ភ្លាម​គឺមាន​ពាណិជ្ជករ​និង អ្នកវិនិយោគទុន​បរ​ទេស​ជាច្រើន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ជាពិសេស​ចំនួន​ភ្ញៀវទេសចរ​គឺ​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។​

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​«​នយោបាយ​ឈ្នះ ឈ្នះ​»​និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោម «​ន​យោ បាយ​ឈ្នះ​-​ឈ្នះ​» របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​។​



ក្នុង​សម្លៀកបំពាក់​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៥​ផុត​លេខ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា វិមាន​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ​នេះ នឹង​បើកឱកាស​ឲ្យ​សិស្សានុសិស្ស យុវជន និង​ប្រជា​ពល រដ្ឋ​ទាំងអស់​មក​សិក្សា​ស្វែងយល់​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថា ផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដែលមាន​សម្តេច​ជា​ស្ថាបនិក​គឺ​សម្រាប់​ប្រជាជន​គ្រប់ៗ​រូប ហើយ​សម្តេច​បាន​ឧទ្ទិស​ផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ នេះ ជូន​ដល់​ប្រជាជន​នៅ​ទូទាំងប្រទេស បើទោះបី​ជាមាន​និន្នាការ​នយោបាយ​ខុសគ្នា​ក៏ដោយ ។ ពាក់ព័ន្ធ​នឹង​នយោបាយ​ឈ្នះ​ឈ្នះ​នេះ សម្តេច​តេ​ជោ​បាន​គូស​បញ្ជាក់ដែរថា បើ​មានតែ​គំនិត​តែ​គ្មាន​ការចូលរួម​អនុវត្តន៍​ក៏​មិន​ទទួលបាន​លទ្ធផល​ជោគជ័យ​បែបនេះ​ដែរ​។​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ពេលនេះ​អ្វី​ដែលជា​ចំណុច​សំខាន់ ដែល​សម្តេច​ចង់​លើកឡើង​នៅទីនេះ​ពាក់ព័ន្ធ​ជាមួយនឹង​ដំណើរ​ជាតិ​ដែល​វែងឆ្ងាយ​របស់​កម្ពុ​ជា​ដែល​គួរតែ​ត្រូវ​បញ្ជាក់​នៅពេល​វេលា​មួយ​ដែល​សមស្រប គឺ​រយៈពេល ២០ ឆ្នាំ បន្ទាប់ពី​ការ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ ឈ្នះ ដែល​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់រយឆ្នាំ​របស់​កម្ពុជា ។​



សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការចូលរួម​ទាំងអស់រ​បស់​ព្រះសង្ឃ​គ្រប់​អង្គ​លោក លោកស្រី បងប្អូន​ជនរួមជាតិ​ក្នុង​នោះ​សូម​ស្វាគមន៍​ចំពោះ​ប្រិយមិត្ត​បរទេស​គណៈប្រតិភូ​មក​ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​,​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​,​រាជាណាចក្រ​ថៃ​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានមក​ចូលរួម​អបអរសាទរ​នៅទីនេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា នយោបាយ ឈ្នះ ឈ្នះ វា​ជា​របស់​រួម​របស់​ជាតិ​កម្ពុជា បើទោះបីជា​អ្នកនោះ​មាន​និន្នាការ​នយោបាយ​ខុសគ្នា​យ៉ាងណា ក៏ដោយ​ពួកគេ​មិន​ទទួលស្គាល់​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​គេ​បាន​ទទួលផល​រួចស្រេច​ទៅហើយ​អំពី​នយោបាយ​ឈ្នះ ឈ្នះ​នេះ។ សម្តេច​តេ​ជោ​បន្តថា ក្នុងន័យនេះ ខ្ញុំ​សូម​ឧទ្ទិស​នូវ​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​ជូន​ចំពោះ​ជនរួមជាតិ​នៅ​គ្រប់​ទីកន្លែង​គ្រប់ទិសទី​ហើយ​សូមអោយ​សមិទ្ធផល​នៃ​នយោបាយ​ឈ្នះ ឈ្នះ ទាំងនេះ​បន្ត​នៅ​គង់វង្ស​ស្ថិតស្ថេរ​ជា​អមតៈ​នៅលើ​ទឹកដី​ដ៏​កម្សត់​របស់​យើង​នេះ។



សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរ​ព្រះ​គុណ​ចំពោះ​អតីតព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ដែល​កន្លងមក​តែងតែ​គាំទ្រ​ដល់​ដំណើរការ​បង្រួបបង្រួម​និង​ផ្សះ ផ្សា​ជាតិ​។ ​ស​ម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​យកឱ​កាស​នេះ​រំលឹក​ពាក់ព័ន្ធ​នឹង​តួនាទី​ប្រវត្តិសាស្ត្រ​របស់​សម្ដេច​ព្រះវរបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​។ ប្រសិនបើ​ព្រះអង្គ​មិន​ផ្ដោតលើ​ការគាំទ្រ​នេះ​ទេ យើង​ពិតជា​មិនអាច​សម្រេច​នូវ​ការអនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ​នេះ​បានទេ ព្រោះ​ព្រះមហាក្សត្រ​គឺជា​ព្រះប្រមុខរដ្ឋ ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ថ្វាយ​ចំពោះ​ព្រះករុណា​ជា​អង្គ​ម្ចាស់​សម្ដេច​ព្រះបាទ​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​និច្ច​ជា​កាល​របស់​រាជរដ្ឋាភិបាល​ក្នុង​ដំណើរការ​ទូទៅ​បន្ត​ពី​ព្រះរាជកិច្ច​របស់​ព្រះបិតា​របស់​ព្រះអង្គ ។​



សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​គាំទ្រ​ដល់​ការអនុវត្តន៍​នយោបាយ​ឈ្នះ ឈ្នះ រហូត​បាន​ជោគជ័យ ។ សូម​យក​ឱកាស​នេះ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​នៅក្នុង​ក្របខណ្ឌ​ដៃគូ​នៃ​រដ្ឋាភិបាលចម្រុះ​បើទោះបី​មាន​បញ្ហា​ខ្លះ​ក៏ដោយ ក៏ប៉ុន្តែ​យើង​ក៏បាន​ធ្វើ​កិច្ចការ​រួមគ្នា​ដើម្បី​នាំមក​នូវ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ។ អរគុណ​ចំពោះ​អតីត​កម្លាំង​ខ្មែរក្រហម​ដែល​គាំទ្រ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ របស់ខ្ញុំ ។ អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​គោ​លន​យោ បាយ​និង​អនុវត្ត​នូវ​នយោបាយ​នេះ​។

​សម្តេច​តេ​ជោ​បាន​បន្តថា អ្វី​ដែលជា​កង្វល់​ធំ​របស់​សម្តេច​នៅពេលនោះ​គឺ​ប្រជាជន​អាចមាន​ការសង​សឹក​គ្នា​។​ប៉ុន្តែ​ទីបំផុត​ប្រជាជន​កម្ពុជា​ពុំមាន​ការសង​សឹក​គ្នា​ណាមួយ​នោះទេ នេះហើយ​ជា​ចំណុច​ល្អ​ដែល​ធ្វើឱ្យ​ខ្ញុំ​ក៏ដូចជា​រាជរដ្ឋាភិបាល​ងាយស្រួល​ដោះស្រាយ​បញ្ហា ។​



សម្តេច​តេ​ជោ ហ៊ុនសែន​ក៏បាន​អរគុណ​ជាពិសេស​ចំពោះ​ប្រតិបត្តិ​ករ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ពិសេស​សម្តេច ទៀ បាញ់​,​លោក កែ គឹមយ៉ាន​,​លោក ប៉ុល សារឿន​, លោក មាស សុភា និង លោក ម៉ុ​ល រឿប រួមទាំង​បណ្តា​មេបញ្ជាការ​យោធភូមិភាគ កងពលធំ និង កងពលតូច​នៅតាម​បណ្តា​ខេត្ត​ដែល​នៅជាប់​ផ្ទាល់ ដូចជា​ខេត្តកំពត កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង ព្រះវិហារ ។ ជាមួយនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​អតិ​ត​មេទ័ព​ខ្មែរក្រហម​មួយចំនួន​ដូចជា លោក កែវ ពង្ស ,​លោក អ៊ី ឈាន និង លោក សុខ ភាព ដែល​ដំបូង​គ្រាន់តែ​ជា​អ្នកបះបោរ បន្ទាប់មក បាន​ក្លាយជា​ប្រតិ​ប​ត្ត​ករ ដោយសារ​ពួកគេ​បាន​ក្លាយជា​កម្លាំង​របស់​រាជរដ្ឋាភិបាល ។​

ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​នយោបាយ ឈ្នះ​ឈ្នះ និង​ការអបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នេះ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី ៣១ ខែធ្នូ ដោយពេល​រាត្រី​នឹងមាន​ការបាញ់​កាំជ្រួច​និង​ការប្រគុំ​តន្ត្រី​សម្រាប់​ជាការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ ។ បន្ថែម​ពីលើ​នោះ​ក៏ នៅមាន​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​ទៀត​រួម​ជាការ​តាំងពិព័រណ៍​ផលិតផល​ជាច្រើន​ផងដែរ ។​



​ការសាងសង់​ឡើង​នូវ​វិមាន​អនុស្សាវរីយ៍​«​នយោបាយ​ឈ្នះ ឈ្នះ​»​គឺជា​ការកសាង​ឡើង​នូវ​និមិត្តរូប​នៃ​ការបង្រួបបង្រួម​ជាតិ​បិទ​បញ្ចប់​នូវ​ភ្លើងសង្គ្រាម​នាំមក​នូវ​សុខសន្តិភាព ។ វិមាន​អនុស្សាវរីយ៍​នេះ​ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី​ទំហំ​៨​ហិកតា មាន​កម្ពស់​៥៤​ម៉ែត្រ​និង​ទទឹង​៣៦​ម៉ែត្រ​ស្ថិត នៅក្នុង​សង្កាត់​ព្រែក​តាសេក​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​ចំ​ពីមុខ​ពហុកីឡាដ្ឋាន​មរតក​តេ​ជោ​ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់​។​ ​ ​ ​

​វិមាន​អនុស្សាវរីយ៍ «​នយោបាយ​ឈ្នះ ឈ្នះ​»​ត្រូវបាន​បើក​ការដ្ឋាន​សាង់សង់​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។ វិមាន​នេះ​បាន​សាងសង់​ដោយ​ស្នាដៃ​កូន​ខែ្មរ​សុទ្ធសាធ​និង​ត្រូវបាន​សាងសង់ឡើង​ដោយបាន​ដកស្រង់​ចេញពី​ខ្លឹមសារ​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​



វិមាន​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជាមួយ​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​បញ្ជាក់​នូវ​អត្ថន័យ​ដ៏​មាន​សារសំខាន់​ចំនួន​បី​រួមមាន​៖ ទី​១. កំពូល​វិមាន​ដែលមាន​ជ្រុង​បី​តំណាង​ឲ្យ​នយោបាយ​គន្លឹះ​សំខាន់ៗ​ចំនួន​៣​នាំ​ឲ្យ​នយោបាយ​ឈ្នះ​-​ឈ្នះ​ទទួលបាន​ជោគជ័យ (​ទី​១.​ការធានា​រូប​កាយ និង​អាយុជីវិត​, ទី​២. ធានា​អាជីព​និង​មុខរបរ និង​ទី​៣. ការធានា​កម្មសិទ្ធិ និង​ទ្រព្យសម្បត្តិ ទាំង​ចលនទ្រព្យ និង​អចលនទ្រព្យ​),​ទី​២. តួ​វិមាន ដែលមាន​ជ្រុង​៥ តំណាង​ឲ្យ​យុទ្ធសាស្ដ្រ DIFID (​បំបែក ឯកោ បញ្ចប់ ធ្វើ​សមាហរណកម្ម និង អភិវឌ្ឍ​) ដែលជា​យុទ្ធសាស្ដ្រ​រំលាយ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម​និង​សារសំខាន់ ទី​៣. តួ​វិមាន​មាន​ជ្រុង​ប្រាំពីរ តំណាង​កត្តា​នាំ​ឲ្យ​នយោបាយ​ឈ្នះ ឈ្នះ​ទទួលបាន​ជោគជ័យ​។​

បរិវេណ​នៃ​វិមាន​អនុស្សាវរីយ៍​នេះ មាន​ចែកចេញជា​៣ តំបន់​រួមមាន​៖​តំបន់​ទី​១៖​តួ​វិមាន​ឈ្នះ​ឈ្នះ ដែល​បង្ហាញ​ពី​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​បង្កប់​នូវ​អត្ថន័យ​ទៅលើ​ការធានា​៣​យ៉ាង​…​យុទ្ធសាស្ត្រ​ទាំង​៥​នៃ​ការរំលាយ​អង្គការ​ខ្មែរក្រហម​និង​កត្តា​ទាំង​៧​ដែល​ធ្វើ​ឲ្យ នយោបាយ​ឈ្នះ ឈ្នះ ទទួលបាន​ជោគជ័យ​។ នៅ​ជុំវិញ​តួ​វិមាន​សាងសង់​ជា​ចម្លាក់​ហង្ស គ្រុឌ និង​រូប​ដំរី​ក្បាល​បី នាគ និង តោ​។ តំបន់​ទី​២៖ គឺ​តំបន់​សាមគ្គី​ផល ដែល​ដាំ​ដើម ឈើ មាន​តាំង​រថ គ្រោះ រថពាសដែក និង​យន្តហោះ​ធ្វើសឹក​សង្គ្រាម​ចាស់ៗ​។ តំបន់​ទី​៣៖​ជា​តំបន់​សុខដុម​រមណីយ​កម្ម​ដែលមាន​ការ​សាងសង់​សំណង់​តាម​រចនាប័ទ្ម​ប្រាសាទ​ព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័ន​ជាដើម​៕

     



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu